ជាតិ
សង្គមជាតិ
កម្មករ ទទួលបានប្រាក់ឧបត្ថម្ភពី «៣៥ដុល្លារ ដល់៧០ដុល្លារ» ពេលត្រូវព្យួរការងារ កម្មករ-កម្មការិនី ពេលចេញពីធ្វើការ
× នៅពេលរោងចក្រសហគ្រាស មានបញ្ហាអ្វីមួយ ហើយត្រូវព្យួរការងាររបស់កម្មករ-កម្មការិនីខ្លះ នោះពួកគេ នឹងទទួលបានប្រាក់ឧបត្ថម្ភ។ នេះបើតាមសេចក្តីណែនាំរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលចេញនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្តីណែនាំរបស់លោក អ៊ិត សំហេង ការផ្តល់ប្រាក់ឧបត្ថម្ភនេះ មាន២ប្រភេទ។ ទី១ កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ ចាប់ពី៧ថ្ងៃ ដល់១៤ថ្ងៃ នឹងទទួលបានប្រាក់ឧបត្ថម្ភ៣៥ដុល្លារ ដោយ២០ដុល្លារ ពីរដ្ឋាភិបាល និង១៥ដុល្លារពីថៅកែ។ ទី២ ពួកគេ នឹងទទួលបានដល់៧០ដុល្លារ ដោយរដ្ឋាភិបាល ជួយ៤០ដុល្លារ ហើយថៅកែ ជួយ៣០ដុល្លារ បើត្រូវព្យួរការងារ ចាប់ពី១៥ថ្ងៃ ដល់១ខែ។
លោករដ្ឋមន្រ្តី បញ្ជាក់ថា ការឧបត្ថម្ភប្រាក់ដល់កម្មករ-កម្មការិនីនេះ គឺដើម្បីរក្សាលំនឹងជីវភាពរបស់ពួកគេ ក្នុងអំឡុងនៃការព្យួរការងារ។ ការចេញសេចក្តីណែនាំរបស់លោកស្តីពីការឧបត្ថម្ភប្រាក់ដល់កម្មករ-កម្មការិនី គឺជាការអនុវត្តទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលថ្មីៗនេះ។
កម្មករ-កម្មការិនី ដែលទទួលបានប្រាក់ឧបត្ថម្ភក្នុងអំឡុងត្រូវព្យួរការងារ គឺសំដៅលើកម្មករ-កម្មការិនីផ្នែកកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ៕
Tag:
កម្មករ
ប្រាក់ឧបត្ថម្ភ
© រក្សាសិទ្ធិដោយ thmeythmey.com