អន្តរជាតិ
ក្រុមហ៊ុន​​​ Meta ​របស់​ Facebook​ នឹង​កាត់​ប​ន្ថយ​​បុគ្គលិក​លើក​ទី​ពីរ​ចំនួន​១០.០០០​នាក់
17, Mar 2023 , 8:29 am        
រូបភាព
បុរស​ម្នាក់​អង្គុយនៅ​ខាងមុខ​សញ្ញា​ Meta នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ក្នុង​ទីក្រុង​ ​Menlo Park រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​០៧ មីនា ឆ្នាំ២០២៣។ (AP)
បុរស​ម្នាក់​អង្គុយនៅ​ខាងមុខ​សញ្ញា​ Meta នៅ​ទីស្នាក់​ការ​កណ្តាល​របស់​ក្រុម​ហ៊ុន​ក្នុង​ទីក្រុង​ ​Menlo Park រដ្ឋកាលីហ្វ័រញ៉ាកាលពី​ថ្ងៃទី​០៧ មីនា ឆ្នាំ២០២៣។ (AP)
ដោយ: VOA
ក្រុមហ៊ុន​មេ​របស់ Facebook ឈ្មោះ Meta បាន​និយាយកាល​ពីថ្ងៃអង្គារ​ថា​ខ្លួននឹង​កាត់បន្ថយ​ការងារ​១០.០០០​នាក់ ក្នុង​ពេល​តែ​បួន​ខែក្រោយ​ខ្លួន​បាន​បញ្ឈប់ការងារ​បុគ្គលិក​១១.០០០​នាក់​ ហើយ​ជាក្រុម​ហ៊ុន​បច្ចេកវិទ្យាធំ​ទី​មួយ​ដែល​បាន​ប្រកាស​អំពី​ការបញ្ឈប់​ការងារបុគ្គលិក​ច្រើននាក់​ជាលើក​ទី​ពីរ។



លោក Mark Zuckerberg​ ប្រធាន​ប្រតិបត្តិនៃ​ក្រុម​ហ៊ុន​នេះ​បាន​និយាយ​នៅក្នុងសារ​មួយទៅកាន់​ក្រុម​បុគ្គលិកថា៖«យើង​រំពឹង​ថា​នឹង​កាត់​បន្ថយបុគ្គលិកប្រមាណ​១០.០០០នាក់​និង​ឈប់រើស​បុគ្គលិក​បន្ថែម​៥.០០០​នាក់​ទៀត​ដែល​យើង​គ្រោង​ប៉ុន្តែមិនទាន់​បាន​ជួល‍​នៅឡើយ»។
 
ការបញ្ឈប់​ការងារ​បុគ្គលិក​នេះ​ជា​ផ្នែក​មួយ​នៃការរ​រៀបចំ​ជា​ថ្មី​នៃ​ក្រុម​ហ៊ុន Meta ​ដែល​គេ​នឹង​ឃើញ​ក្រុមហ៊ុន​នេះរៀបចំ​រចនាសម្ព័ន្ធ​ក្រុមហ៊ុនឱ្យ​តិច​ជាងមុន​ លុបចោល​គម្រោងការ​មាន​អាទិភាពទាប ​និង​កាត់បន្ថយ​អត្រា​ជួល​បុគ្គលិកដែល​ជាផ្នែកនៃ​ចំណាត់ការនេះ។ ដំណឹង​នេះ​បាន​ធ្វើឱ្យ​ភាគ​ហ៊ុនរបស់ក្រុមហ៊ុន​ Meta ​កើនឡើង​២%​នៅ​មុន​ផ្សារ​ភាគហ៊ុ​ន​បើក​ទ្វារ​លក់ដូរ​ហ៊ុន។
 
វិធានការនេះ​គូសបញ្ជាក់​ការ​ជំរុញរបស់​លោក​ Zuckerberg ក្នុង​ការធ្វើឱ្យ​ឆ្នាំ​២០២៣​ជា​«ឆ្នាំ​នៃប្រសិទ្ធភាព‍»​ដោយ​មាន​ការ​សន្យា​ថា​នឹង​កាត់បន្ថយចំណាយ៥​ពាន់​លាន​ដុល្លារ ឱ្យ​មក​នៅ​ត្រឹមរវាង​៨៩​ពាន់​លាន​ដុល្លារនិ​ង​៩៥​ពាន់​លាន​ដុល្លារ។
 
សេដ្ឋកិច្ច​មានដំណើរការមិនល្អ​បាន​នាំឱ្យមានការបញ្ឈប់​ការងារ​បុគ្គលិក​ជា​ច្រើន​នាក់ក្នុងចំណោម​មហា​ក្រុមហ៊ុននានា​ចាប់តាំង​ពី​ធនាគារ​នៅ Wall Street ដូចជា​ធនាគារ​ Goldman Sachs និង Morgan Stanley​ ជាដើម​ទៅដល់​មហាក្រុម​ហ៊ុន​បច្ចេកវិទ្យា​មាន​រួមក្រុម​ហ៊ុន Amazon.com និងក្រុម​ហ៊ុន Microsoft។
 
បើ​តាម​គេហទំព័រ layoffs.fyi. ដែលតាម​ដាន​ការ​បញ្ឈប់​បុគ្គលិក​ថាឧស្សាហកម្ម​បច្ចេកវិទ្យាបាន​បញ្ឈប់​ការងារបុគ្គលិក​ជាង២៨០.០០០​នាក់តាំង​ពីដើម​ឆ្នាំ​២០២២ ដោយប្រមាណ​៤០%​នៃ​ការបញ្ឈប់​ការងារ​នេះ​មាន​ធ្វើនៅ​ឆ្នាំនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com