កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាការិនី សន រស្មី ចង់សម្រេចក្តីស្រមៃ ឈ្នះមេដាយនៅស៊ីហ្គេម២០២៣
19, Mar 2023 , 8:29 am        
រូបភាព
កីឡាការិនីហុកគី សន រស្មី(ឆ្វេង) ក្នុងពេលហ្វឹកហាត់វិញ្ញាសា Floorball នាពេលកន្លងទៅ។ រូបពី សន រស្មី
កីឡាការិនីហុកគី សន រស្មី(ឆ្វេង) ក្នុងពេលហ្វឹកហាត់វិញ្ញាសា Floorball នាពេលកន្លងទៅ។ រូបពី សន រស្មី
ដោយ:
កីឡាការិនីហុកគីជម្រើសជាតិកម្ពុជា កញ្ញា សន រស្មី ថា ខ្លួនចង់បំពេញក្តីស្រមៃ យកមេដាយជូនជាតិ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងពីថ្ងៃទី៥-១៧ ខែឧសភា ខាងមុខនេះ។



តាមរយៈកិច្ចសម្ភាសតាមសារអេឡិចត្រូនិកជាមួយសារព័ត៌មានថ្មីៗ រស្មី លើកឡើងថា ដំបូងខ្លួនជាអ្នកហាត់បាល់ទះក្នុងសាលទេ ប៉ុន្តែដោយបានធ្វើតេស្តជាប់លើប្រភេទកីឡាហុកគី ខ្លួនក៏បានចូលប្រឡូក ជាមួយក្រុមជម្រើសជាតិតាំងពីឆ្នាំ២០២១ មកម្ល៉េះ ។ 
 
អ្នកខេត្តបន្ទាយមានជ័យរូបនេះ បាននិយាយថា៖«ឥឡូវក្តីស្រមៃបានសម្រេចមួយកម្រិតហើយ។ ហើយមួយកម្រិតទៀតចង់ឈ្នះមេដាយ»។ សម្រាប់មេដាយកម្រិតមួយណានោះ កីឡាការិនីហុកគី សន រស្មី  និយាយទាំងចិត្តស្ទាក់ស្ទើថា៖«ខ្ញុំចង់បានមេដាយមាស តែសមត្ថភាពនៅមានកម្រិត»។
 
យ៉ាងណាកីឡាការិនីមានកម្ពស់ ១៧៥សង់ទីម៉ែត្ររូបនេះ ចាត់ទុកព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ជាព្រឹត្តិការណ៍ដ៏ពិសេសសម្រាប់ខ្លួន ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ ។ កញ្ញា ប្តេជ្ញាប្រឹងប្រែងធ្វើឱ្យបានល្អ។ 
 
កីឡាការិនីហុកគី សន រស្មី(អ្នកចាំទី) ក្នុងការប្រកួតពានរង្វាន់  Floorball women's Asian Cup នៅប្រទេសថៃ កន្លងទៅ។ រូបពី សន រស្មី

«ព្រោះតាំងពីចាប់ផ្តើមលេងកីឡាមក ខ្ញុំមានក្តីស្រមៃមួយថាចង់ប្រកួតស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឱ្យបាន មិនថាលេងកីឡាអ្វីក៏ព្រម»។ កីឡាការិនី សន រស្មី និយាយដូច្នេះ ខណៈខ្លួនប្រឹងប្រែងហ្វឹកហាត់ជារៀងរាល់ថ្ងៃជាមួយមិត្តរួមក្រុម និងទទួលបានការបង្វឹកពីគ្រូបរទេស និងគ្រូខ្មែរ ។ រស្មី ក៏បានត្រៀមខ្លួន ចេញទៅបោះជំរុំហ្វឹកហាត់ប្រទេសថៃ រយៈពេលខ្លីផងដែរ។
 
រស្មី ជាសមាជិកសំខាន់មួយរូប ក្នុងក្រុមកីឡាហុកគីលើប្រភេទវិញ្ញាសា បាល់លើក្តា(Floorball) ដែលមានសមាជិកទាំងអស់ ៦នាក់ ក្នុងនោះមានអ្នកចាំទីមួយនាក់ផងដែរ។ ជាមួយវិញ្ញាសាថ្មី និងការបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ កញ្ញា រស្មី នៅតែជឿជាក់លើសមត្ថភាពសមាជិកក្រុម។
 
គួបញ្ជាក់ផងដែរថា ក្រុមកីឡាការិនីហុកគីជម្រើសជាតិកម្ពុជា ១២រូបនឹងចេញទៅហ្វឹកហាត់នៅប្រទេសថៃ ពីថ្ងៃទី១៧ ខែមីនា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
 

Tag:
 កីឡាហុកគី
 សន រស្មី
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com