ជាតិ
សម្តេច ហ៊ុន សែន៖ កុំបន់ស្រន់ឱ្យអាម៉េរិកចុះខ្សោយ
22, Mar 2023 , 8:41 am        
រូបភាព
ដោយ: រួបរួម
«ត្រូវប្រកួតប្រជែងក្នុងស្ថានភាពឈ្នះ-ឈ្នះ! កុំបន់ឱ្យអាម៉េរិក ឬប្រទេសផ្សេងទៀតចុះខ្សោយ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីចែកសញ្ញាបត្រដល់និស្សិតជាង៤៧០០នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី២២ ខែមីនា។ សម្តេចបានបញ្ជាក់ថា កម្ពុជាមិនចូលរួមសកម្មភាពណាមួយដើម្បីបំផ្លាញប្រទេសណាមួយនោះឡើយ។

 
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា វិបត្តិសេដ្ឋកិច្ចនៅអាម៉េរិក កាលពីអតីតកាល ឈានដល់វិបត្តិនៅអឺរ៉ុប និងបណ្តាប្រទេសនានា។ បើទោះបីជាអាស៊ី ដែលមានជាពិសេសចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ទប់ក៏ដោយ ប៉ុន្តែនៅតែរងឥទ្ធិពល ក្នុងនោះរួមទាំងកម្ពុជាផងដែរ ដោយមានរោងចក្រមិនតិចនោះទេ ដែលត្រូវបានបិទទ្វារ។
 
«កុំប្រកួតប្រជែងដើម្បីសម្លាប់គ្នា ត្រូវប្រកួតប្រជែងដើម្បីការលូតលាស់ទាំងអស់គ្នា»។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ ព្រោះសេដ្ឋកិច្ចត្រូវបំពេញឱ្យគ្នាទៅវិញទៅមក។ 
 
សម្តេច ហ៊ុន សែន បានបន្ថែមថា ការបន់ស្រន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ច ជាពិសេសអាម៉េរិក និងអឺរ៉ុប ជាដើមនោះ កម្ពុជានឹងរងផលប៉ះពាល់លើការបញ្ជាទិញ ដោយសារតែកម្ពុជាមានសក្តានុពលទីផ្សារនៅទីនោះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com