ជាតិ
ព្រះមហាក្សត្រ
សម្តេច ហ៊ុន សែន ចោទសួរអ្នករិះគន់៖ កន្លែងណាជាការប្រមាថព្រះចេស្តា?
22, Mar 2023 , 9:23 am        
រូបភាព
ក្រុមអ្នករិះគន់មួយចំនួន​គិតថា អ្នកបាំងក្លស់ ដើរបាំងជូន​សម្តេច ហ៊ុន សែន បែរជាមិន​បាំងថ្វាយព្រះមហាក្សត្រ។ រូបថត SPM
ក្រុមអ្នករិះគន់មួយចំនួន​គិតថា អ្នកបាំងក្លស់ ដើរបាំងជូន​សម្តេច ហ៊ុន សែន បែរជាមិន​បាំងថ្វាយព្រះមហាក្សត្រ។ រូបថត SPM
ដោយ: រួបរួម
សម្តេច ហ៊ុន សែន បានអះអាងថា សម្តេចមិនទទួលយកការសូមទោស និងការអធ្យាស្រ័យពីបុគ្គលដែលប្រមាថព្រះមហាក្សត្រនោះឡើយ។ ប្រមុខរដ្ឋាភិបាលបានបញ្ជាក់យ៉ាងដូច្នេះនាពិធីចែកសញ្ញាបត្រមួយនៅកោះពេជ្រ ដោយអះអាងពីការចាប់ឃាត់ខ្លួនយុវជនពីររូប ដែលបាននិយាយប៉ះពាល់ដល់ព្រះករុណាព្រះមហាក្សត្រ។

 
កាលពីល្ងាចថ្ងៃទី២១ ខែមីនា សមត្ថកិច្ចបានឃាត់ខ្លួន លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល បន្ទាប់ពីយុវជនទាំងពីររូបនេះ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកខ្លួនដែលមានខ្លឹមសារញុះញង់ពាក់ព័ន្ធនឹងរូបភាពអង្គព្រះមហាក្សត្រ ដែលទ្រង់យាងព្រះរាជទានព្រះអគ្គិជ័យកីឡា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
 
លោក យឹម ស៊ីណន ដែលជាអ្នកគាំទ្រម្នាក់របស់លោក កឹម សុខា បានបង្ហោះសំណេរមួយលើគណនីហ្វេសប៊ុកដែលខ្លឹមសារដូច្នេះថា ៖ «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេថ្ងៃនេះ យើងអាចឃើញច្បាស់ថា អ្នកណាជាស្តេចផែនដីពិតប្រាកដ»។ 
ក្រោយមក លោក ក៏លុបសំណេរនេះចោលវិញ ដោយលើកហេតុផលថា មានគេអានទៅហើយយល់ច្រឡំពីអត្ថន័យរបស់លោក ហើយបានសរសេរសំណេរលើកទី២ថា៖«គ្រាន់តែខ្ញុំបង្ហោះសារដែលជាសំឡេងរបស់អង្គុយផឹកកាហ្វេសោះ បែរជាមានបងប្អូនជាច្រើនគិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញចុះ»។
 
ស្រាប់តែសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើគណនីហ្វេសប៊ុករបស់សម្តេចឈ្មោះ  «Hun Sen» ចូលទៅសរសេរក្នុងប្រអប់បញ្ចេញមតិ (Comment) នៃគណនីហ្វេសប៊ុកលោក យឹម ស៊ីណន ដោយសម្តេច ប្រាប់លោក យឹម ស៊ីណនថា៖«មិនបាច់លុបទេក្មួយ»។ បន្តមកទៀត មានបុរសម្នាក់ សួរសម្តេចក្នុង Comment នោះថា៖«អាចមានទោសទេសម្តេច?»។ សម្តេច ឆ្លើយថា៖«បើគ្មានទោសទើបចម្លែក ព្រោះនេះមិនមែនជារបៀបបញ្ចេញមតិទេ តែជាការបំភ្លៃការពិតមួយដោយចេតនា។ ទោះយ៉ាងណា យើងទុកជូនតុលាការជាអ្នកកាត់ក្តី។
 
ដោយឡែក លោក ហ៊ុន កុសល នៅថ្ងៃទី២១នេះដដែល ក៏បានបង្ហោះសំណេរមួយដោយភ្ជាប់ជាមួយព្រះឆាយាល័ក្ខព្រះមហាក្សាកម្ពុជា ព្រះករុណា ព្រះបាទ ព្រះនរោត្តម សីហមុនី ដែលទ្រង់គង់ប្រថាប់ មុនប្រោសព្រះរាជទានព្រះអគ្គិកីឡា នៅមុខក្តារបែន ប្រាសាទអង្គរវត្ត។ សារនោះមានខ្លឹមសារដូច្នេះ៖ «ឃើញពួកគេធ្វើបាបព្រះទ័យ នឹងបន្ទាបព្រះចេស្តាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្តេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្តុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្ដាក្សត្រ និងព្រះរាជបល្ល័ង្កដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
 
«កន្លែងណាជាការប្រមាថ ព្រះចេស្តា?»។ សម្តេច ហ៊ុន សែន បានចោទសួរយ៉ាងដូច្នេះ ដោយក្រុមអ្នករិះគន់យល់ថាអ្នកដើរបាំងក្លស់ បែរជាបាំងជូនសម្តេច ហ៊ុន សែន មិនមែនព្រះមហាក្សត្រ។ ទាក់ទងនឹងកន្លែងអង្គុយ សម្តេចបានអះអាងថា ប្រសិនបើពិធីការរៀបកៅអីសម្តេចស្មើព្រះមហាក្សត្រ សម្តេចនឹងដកអ្នករៀបពិធីការនោះចេញ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com