អន្តរជាតិ
ក្រសួង​ការបរទេស​អាមេរិក​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ ២០២២
22, Mar 2023 , 11:29 pm        
រូបភាព
ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានទីតាំងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
ដោយ: VOA
កងទ័ព​រុស្ស៊ី​បាន​ប្រព្រឹត្ត​ «ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ឃោរឃៅ​ជាច្រើន» តាំងពី​ពេល​ដែល​ប្រទេស​រុស្ស៊ី​បាន​ឈ្លានពាន​ពេញ​ទំហឹង​លើ​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ មក។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​បាន​កត់ត្រា​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក។

 
ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដីពី​សិទ្ធិ​មនុស្ស​សម្រាប់​ឆ្នាំ ២០២២ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី២០ ខែ​មីនា​ថា៖ «មាន​សេចក្ដី​រាយការណ៍​ដ៏​គួរ​ឱ្យ​ទុកចិត្ត​អំពី​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​ធ្វើ​ទារុណកម្ម ការ​ចាប់​រំលោភ ការ​វាយ​ប្រហារ​មិន​រើស​មុខ និង​ការ​វាយ​ប្រហារ​ដោយ​ចេតនា​សំដៅ​លើ​ជន​ស៊ីវិល​និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល ដែល​ប្រព្រឹត្ត​ឡើង​ដោយ​កងទ័ព​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដែល​អំពើ​ទាំង​អស់​នេះ​ស្មើ​នឹង​ឧក្រិដ្ឋកម្ម​សង្គ្រាម»។
 
របាយការណ៍​នេះ​ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​អំពី​ករណី​នៃ​ការ​បញ្ជូន​ចេញ​ដោយ​បង្ខំ​នូវ​ជន​ស៊ីវិល​និង​កុមារ​ពី​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​រុស្ស៊ី។
 
របាយការណ៍​នេះ​បាន​ចេញ​ផ្សាយ​បន្ទាប់ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin និង​មន្ត្រី​រុស្ស៊ី​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​កុមារ ដោយសារ​តែ​ពួកគេ​មាន​តួនាទី​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នេះ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្ទេរ​និង​ការ​បញ្ជូន​ចេញ​ដោយ​ខុស​ច្បាប់​នូវ​កុមារ​ពី​ដែនដី​ដែល​រុស្ស៊ី​កាន់កាប់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ទៅ​កាន់​ប្រទេស​រុស្ស៊ី។
 
រដ្ឋាភិបាល​រុស្ស៊ី​បាន​បញ្ជាក់​ថា​ដីកា​ចាប់​ខ្លួន​នេះ​គឺ​មិន​អាច​ទទួល​យក​បាន​នោះ​ទេ និង​បាន​ច្រានចោល​នូវ​ក្ដី​រំពឹង​ដែល​ថា​លោក Putin នឹង​ត្រូវ​តុលាការ​កាត់ទោស។ ប្រទេស​រុស្ស៊ី​មិន​ទទួល​ស្គាល់​នូវ​យុត្តាធិការ​របស់​តុលាការ ICC ទេ។
 
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​មន្ត្រី​ជាន់ខ្ពស់​នានា​មកពី​រដ្ឋបាល​របស់​លោក​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​និង​អំពើ​ឃោរឃៅ​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ កាលពី​ខែ​កុម្ភៈ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​កំណត់​ថា សមាជិក​នៃ​កងទ័ព​រុស្ស៊ី​និង​មន្ត្រី​រុស្ស៊ី​ផ្សេង​ទៀត​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។
 
របាយការណ៍​នេះ​ក៏​បាន​លើកឡើង​ផង​ដែរ​អំពី​ក្ដី​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​បន្ត​នៅ​ក្នុង​ប្រទេស​ចិន មីយ៉ាន់ម៉ា អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន ស៊ូដង់​ខាង​ត្បូង ស៊ីរី និង​ប្រទេស​អាជ្ញាធិបតេយ្យ​ផ្សេង​ទៀត។
 
ទាក់ទិន​នឹង​ប្រទេស​ចិន រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​និយាយ​ថា៖ «អំពើ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ» នៅ​បន្ត​កើតឡើង​ចំពោះ​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) ​ដែល​ភាគ​ច្រើន​កាន់​សាសនា​ឥស្លាម និង​ជាតិ​សាសន៍​ភាគ​តិច​និង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត Xinjiang ប្រទេស​ចិន។
 
ឧក្រិដ្ឋកម្ម​ទាំង​នេះ​រួម​មាន​ដូចជា​ការ​ដាក់​ឃុំឃាំង​ដោយ​ខុស​ច្បាប់​ឬ​ក៏​ការ​ដក​ហូត​ធ្ងន់ធ្ងរ​នូវ​សេរីភាព​ផ្លូវ​កាយ​របស់​ជន​ស៊ីវិល​ជាង​មួយ​លាន​នាក់ ការ​បង្ខំ​ធ្វើ​ឱ្យ​គ្មាន​កូន ការ​បង្ខំ​ឱ្យ​រំលូត​កូន ការ​ចាប់​រំលោភ​និង​ទម្រង់​ផ្សេង​ទៀត​នៃ​អំពើ​ហិង្សា​ផ្លូវ​ភេទ​និង​យេនឌ័រ និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នានា​ដូចជា​ពលកម្ម​ដោយ​បង្ខំ​និង​ការ​រឹតត្បិត​តឹងរ៉ឹង​បំផុត​លើ​សេរីភាព​ឬ​ក៏​ជំនឿ​សាសនា ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ។ នេះ​បើ​យោង​តាម​របាយការណ៍​ស្ដីពី​សិទ្ធិ​មនុស្ស​នេះ។
 
ពាក់ព័ន្ធ​នឹង​ប្រទេស​មីយ៉ាន់ម៉ា របាយការណ៍​នេះ​បាន​បញ្ជាក់​ថា របប​យោធា​មីយ៉ាន់ម៉ា​នៅ​បន្ត​ប្រើ​អំពើ​ហិង្សា​ដើម្បី​ធ្វើ​ទារុណកម្ម​លើ​ជន​ស៊ីវិល​និង​ពង្រឹង​ការ​ត្រួតត្រា​របស់​ខ្លួន ដោយ​សម្លាប់​មនុស្ស​ជាង ២.៩០០ នាក់ និង​ឃុំឃាំង​មនុស្ស​ជាង ១៧.០០០ នាក់ តាំងពី​ពេល​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ​ឆ្នាំ២០២១ មក។
 
របាយការណ៍​ថ្មី​នេះ​បាន​កត់ត្រា​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​កម្មករ​នៅ​ក្នុង​ប្រទេស​និង​ដែនដី​ចំនួន ១៩៨។ ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដីពី​ការ​អនុវត្ត​សិទ្ធិ​មនុស្ស​នេះ​អស់​រយៈពេល​ជាង ៤០ ឆ្នាំ​មក​ហើយ៕
ប្រែសម្រួល​ដោយ​លោក ភី សុភាដា
 
 

© រក្សាសិទ្ធិដោយ thmeythmey.com