អន្តរជាតិ
លោកស្រី​ Yellen៖ ស្ថានភាព​​​ធនាគារ «មាន​ស្ថិរភាព»​​និង​​ប្រព័ន្ធ«​​ល្អ​ប្រសើរ»
23, Mar 2023 , 11:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen
ដោយ: VOA
រដ្ឋមន្ត្រីហិរញ្ញវត្ថុស.រ.អ.លោកស្រី ​Janet Yellen ព្យាយាម​ធ្វើឱ្យ​មាន​ការស្ងប់ស្ងៀមនៅក្រោយ​បរាជ័យ​របស់​ធនាគារ​ក្នុង​តំបន់​ ដោយ​លោកស្រី​បាន​និយាយថា​ប្រព័ន្ធ​ធនាគារ​ស.រ.អ.​មាន​«សភាពល្អ​ប្រសើរ» តែថា​ការ​ជួយសង្គ្រោះបន្ថែម​ទៀត​«អាច​ត្រូវធ្វើ​‍»ប្រសិនបើ​បរាជ័យ​ថ្មីៗ​នៃ​ស្ថាប័ន​តូច​ៗដាក់​ឱ្យ​មានការប្រថុយ​ប្រថាន​នាំ​ឱ្យ​មានអស្ថិរភាព​ហិរញ្ញវត្ថុ។​



លោក​ស្រី​ Yellen ​ដែលបាន​ថ្លែង​នៅ​ឯ​សមាគមធនាគារិក​អាមេរិកាំងកាលពី​ថ្ងៃអង្គារបាន​មានប្រសាសន៍​ថា«ស្ថានភាព​ទូទៅ​មានស្ថិរភាព‍»។​
 
លោកស្រី​ Yellen ​បាន​និយាយថា​«ហើយប្រព័ន្ធ​ធនាគារ​ស.រ.អ.នៅ​តែ​ល្អ​ប្រសើរ‍»។ កំណត់​សម្គាល់របស់​លោក​ស្រី​មាន​ឡើង​ក្រោយពីធនាគារមួយ​ចំនួនមានវិបត្តិ​នៅ​ខែ​នេះ។
 
ធនាគារ​ Silicon Valley Bank នៅក្រុង Santa Clara ​រដ្ឋ California បរាជ័យកាលពី​ថ្ងៃទី១០ ​ខែ​មីនា​បន្ទាប់ពីក្រុម​អ្នក​ដាក់ប្រាក់បញ្ញើ​ក្នុង​ធនាគារ​នេះប្រញាប់ប្រញាល់​ដកប្រាក់ចេញ​ដោយសារ​មាន​កង្វល់​អំពី​ស្ថានភាព​នៃ​ធនាគារ​នេះ​។ ​នេះ​ជា​ការរលំ​ធនាគារ​ធំ​បំផុត​ទី​ពីរក្នុង​ប្រវត្តិសាស្ត្រ​ស.រ.អ.។ ក្រុម​និយ័តករ​បានប្រជុំ​គ្នានៅ​ដំណាច់​សប្តាហ៍បន្ទាប់​ហើយ​បាន​ប្រកាស​ថាធនាគារ​ Signature Bank មាន​មូលដ្ឋាន​នៅ​រដ្ឋ New York ​ក៏​បរាជ័យ​ដែរ។ ក្រុម​និយ័តករ​បាន​និយាយ​ថាអ្នកដាក់​ប្រាក់​បញ្ញើ​ទាំងអស់​ក្នុង​ធនាគារ​ទាំង​ពីរ​នេះ ​មាន​រួម​ទាំង​អ្នក​ដាក់ប្រាក់លើស​ពី​២៥០.០០០​ដុល្លារ​ផងនឹង​ត្រូវការ​ពារដោយ​ការ​ធានារ៉ាប់រងប្រាក់​បញ្ញើ​ក្នុង​ធនាគារដោយ​រដ្ឋាភិបាល​សហព័ន្ធ​។​
 
ហើយកាល​ពី​សប្តាហ៍​មុន ធនាគារ​ទីបី​គឺ​ធនាគារ​ First Republic Bank មាន​មូលដ្ឋាន​ក្នុងក្រុង San Francisco​ ​ត្រូវ​បានពង្រឹង​ដោយ​ទឹក​ប្រាក់៣០​ពាន់​លាន​ដុល្លារអង្គាសដោយ​ធនាគារស.រ.អ.ធំៗ​ចំនួន​១១​នៅ​ក្នុង​ការប៉ុនប៉ង​បញ្ចៀស​កុំឱ្យធនាគារ​នេះ​រលំ។
 
នៅ​ពេល​នេះ​រដ្ឋាភិបាលបានប្តេជ្ញា​ធ្វើឱ្យ​មានទំនុកចិត្ត​ពី​សាធារណជនឡើង​វិញ​ដល់​ប្រព័ន្ធធនាគារ​និង​បញ្ជៀស​កុំឱ្យមាន​ចលាចល​បែបនេះ​ថែមទៀត។ ក្រសួងយុត្តិធម៌និង​គណៈកម្មការខាង​ភាគ​ហ៊ុននិង​ការប្តូរ​ប្រាក់​បាន​បើក​ធ្វើការស៊ើប​អង្កេតអំពី​ការរលំ​ធនាគារ Silicon Valley Bank ​ហើយលោក​ប្រធានាធិបតី ​Joe Biden ​បាន​អំពាវនាវ​ដល់​សភា​ឱ្យ​ពង្រឹង​បទបញ្ញត្តិ​អំពីធនាគារ​តំបន់​ និងដាក់​ពិន័យតឹង​រ៉ឹងលើពួកអ្នកកាន់កាប់​កិច្ចការ​ប្រតិបត្តិ​របស់​ធនាគារបរាជ័យ​ទាំងនេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com