អន្តរជាតិ
ហ្វាំងឡង់ ជាប់​ជាប្រទេស​រីករាយ​ជាងគេ​លើ​លោក៦​ឆ្នាំជាប់គ្នា, សិង្ហបុរីលេខ២៥ ខ្ពស់ជាងគេនៅអាស៊ី
24, Mar 2023 , 8:29 am        
រូបភាព
ដោយ: រួបរួម
ហ្វាំ​ង​ឡង់​រក្សា​ចំណាត់ថ្នាក់​លេខ​មួយ​ក្នុងនាម​ជា​ប្រជាជាតិ​ដែលមាន​សុភមង្គល (រីករាយ​​) ជាងគេ​បំផុត​លើ​លោក​។ នេះ​បើតាម​របាយការណ៍​ស្តីពី​សុភមង្គល​ពិភពលោក (World Happiness Report 2023)។ សិង្ហបុរី មាន​ចំណាត់ថ្នាក់ខ្ពស់ជាងគេនៅអាស៊ី ដោយ​ឈរ​លេខរៀងទី២៥ ខណៈកម្ពុជា ស្ថិតនៅចំណាត់ថ្នាក់ទី១១៥ក្នុងចំណោម១៣៧​ប្រទេស។

 
របាយការណ៍​​គាំទ្រ​ដោយ​បណ្តាញអង្គការសហប្រជាតិ (UN Sustainable Development Solutions Network) ផ្តោត​លើ​កត្តា​សំខាន់ៗចំនួន​៦ដែល​ត្រូវបានវាយតម្លៃ​ចន្លោះពី​ឆ្នាំ២០២០-២០២២។ កត្តាទាំងនោះ រួមមាន ការគាំពារសង្គម ចំណូល សុខភាព សេរីភាព សប្បុរសធម៌ និងអវត្តមាន​នៃអំពើ​ពុក​រលួយ។
 
បើគិត​ចាប់តាំងពី​ឆ្នាំ​២០១៨ មក ហ្វាំងឡង់ នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ​១។ ដាណឺម៉ាក និង​អ៊ីឡង់ ដែល​ជាប្រទេសពីតំបន់​ស្កង់ឌីណាវ ដូចគ្នា ឈរនៅ​លេខរៀងទី២ និងទី៣។ ប្រទេសផ្សេងទៀត ដែល​ស្ថិតក្នុងចំណោម Top 10 រួមមាន អ៊ីស្រាអែល ហូឡង់ ស៊ុយអែត ន័រវេស ស្វីស លុច​សំបួរ និងនូវែលសេឡង់។
 
អូស្ត្រាលី ស្ថិតនៅ​លេខ១២ ខណៈ កាណាដា (លេខ១៣), សហរដ្ឋអាម៉េរិក (លេខ​១៥), អាល្លឺម៉ង់ (លេខ​១៦), ចក្រភពអង់គ្លេស (លេខ​១៩), បារាំង (លេខ​២១), អេមីរ៉ាតអារ៉ាប់រួម (លេខ២៦), ជប៉ុន​ (លេខ​៤៧), កូរ៉េខាងត្បូង (លេខ៥៧), ចិន (លេខ​៦៤), ឥណ្ឌា (លេខ១២៦)។
 
សិង្ហបុរី ឈរ​លេខ​រៀងទី​២៥ ដោយមិនត្រឹមតែមានចំណាត់ថ្នាក់​ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍នោះឡើយ ប៉ុន្តែ​ខ្ពស់ជាងបណ្តា​ប្រទេសនៅអាស៊ី។ រីឯចំណាត់ថ្នាក់នៃ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត រួមមាន ម៉ាឡេស៊ី (លេខ​៥៥), ថៃ (លេខ​៦០), វៀតណាម (​លេខ​៦៥), ហ្វីលីពីន (លេខ​៧៦), ឥណ្ឌូណេស៊ី (​លេខ​៨៤), ឡាវ (លេខ​៨៩), កម្ពុជា (លេខ​១១៥) និង​មីយ៉ាន់ម៉ា (លេខ​១១៧)។ ដោយឡែក ព្រុយណេ មិនមាន​ក្នុង​របាយការណ៍ឡើយ។
 
ប្រទេសចំនួន​១០ ដែលមាន​កម្រិត​ភាពរីករាយ​តិចជាងគេបំផុត រួមមាន អាហ្វហ្គានីស្ថាន, លីបង់, សេរ៉ាឡេអូន, ស៊ីមបាវ៉េ, សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, បុតស្វាណា, ម៉ាឡាវី, កូម័រ, តង់ហ្សានី និងសំប៊ី៕
 

Tag:
 World Happiness Report
© រក្សាសិទ្ធិដោយ thmeythmey.com