អន្តរជាតិ
តុលាការ​ឧទ្ធរណ៍​បញ្ជា​ឱ្យ​មេធាវី​លោក Trump ផ្តល់​ឯកសារ​សម្ងាត់​ដែល​បាន​ទុក​ក្នុង​ភូមិគ្រឹះ​លោក Trump
25, Mar 2023 , 10:29 am        
រូបភាព
មេធាវីលោក M. Evan Corcoran ពេលលោកមកដល់តុលាការសហព័ន្ធក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃ ទី២២ ខែកក្កដា
មេធាវីលោក M. Evan Corcoran ពេលលោកមកដល់តុលាការសហព័ន្ធក្នុងរដ្ឋធានី វ៉ាស៊ីនតោន កាលពីថ្ងៃ ទី២២ ខែកក្កដា
ដោយ: VOA
តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​អាមេរិក​មួយ បានចេញ​ដីការបញ្ជា​ដោយ​ណែនាំ​ដល់​មេធាវី​មួយរូប​របស់អតីត​ប្រធានាធិបតី​អាមេរិក​លោក​ Donald Trump ​ឱ្យ​ផ្តល់ឯក​សារដល់​ក្រុម​អគ្គរដ្ឋអាជ្ញា នៅ​ក្នុង​សំណុំ​រឿង​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​រក្សា​ទុក​ឯកសារ​សម្ងាត់​របស់​អតីត​ប្រធានាធិបតី​រូប​នេះ​នៅ​ក្នុងភូមិគ្រឹះ​របស់​លោក​ក្នុង​រដ្ឋ Florida។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន AP។ ​



ដីការ​សម្រេច​នេះ ​ជា​ជោគជ័យ​មួយរបស់​ក្រសួង​យុត្តិធម៌​សហរដ្ឋអាមេរិក​ ដែល​បាន​ផ្តោត​កិច្ចប្រឹង​ប្រែងអស់​រយៈពេល​ជា​ច្រើន​ខែ ដោយ​មិន​ត្រឹម​តែ​លើការ​លាក់​ទុក​ឯកសារ​សម្ងាត់នៅ​ឯ​លំនៅ​ដ្ឋាន Mar-a-Lago ​របស់​លោក​ Trump ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏ផ្តោត​ផង​ដែរទៅ​លើ​ ថា​តើ​ហេតុអ្វី​បាន​ជា​លោក​ Trump ​នឹង​ក្រុម​តំណាង​របស់​លោកបាន​ព្យាយាម​បដិសេធ​នឹង​ការ​ទាមទារ ដើម្បីឱ្យ​ផ្តល់​ឯកសារ​ទាំងនេះ​ទៅ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​នោះ។​
 
ការសម្រេច​នេះ​បង្ហាញ​ថា​ តុលាការ​ឈរ​ខាង​រដ្ឋអាជ្ញា​ ដែល​បាន​បកស្រាយ​លើក​ហេតុផលនៅ​ក្នុង​កិច្ចប្រជុំអសាធារណៈ​មួយ​ចំនួន​ថា​ លោក​ Trumpបាន​ប្រើប្រាស់តំណាង​ផ្លូវ​ច្បាប់​របស់​លោក​ ដើម្បី​បង្កើន​បទឧក្រិដ្ឋមួយ។​
 
ដីកា​នេះ​បាន​ឆ្លុះបញ្ចាំងតាម​រយៈ​សេចក្តី​ជូន​ដំណឹង​ខ្លី​មួយ​តាម​ប្រព័ន្ធ​អនឡាញ​ ដោយ​អង្គចៅក្រមដែល​មាន​សមាជិក​៣រូប​ នៃ​តុលាការ​ឧទ្ធរណ៍របស់​រដ្ឋធានី​វ៉ាស៊ីនតោន។ ករណី​នេះ​ត្រូវ​បាន​បិទជិត ហើយ​មិន​មាន​គូក្តី​ណា​មួយ​នៅ​ក្នុង​សំណុំ​រឿង​ត្រូវ បាន​បញ្ចេញ​ឈ្មោះ​នោះ​ឡើយ។
 
ប៉ុន្តែ​ព័ត៌មាន​លម្អិត​ហាក់​ដូចជា​ត្រូវគ្នា​ជាមួយនឹង​ការពិភាក្សា​ដេញដោលជា​សម្ងាត់​នៅ​ចំពោះ​មុខ​ចៅក្រម​តុលាការ​ជាន់ទាប​ថា​តើ​មេធាវី​លោក​ Trump ​លោក M. Evan Corcoran​ អាច​ត្រូវបង្ខំ​ឱ្យ​ផ្តល់​ឯកសារ​ ឬ​ផ្តល់​សក្ខីកម្ម​នៅ​ចំពោះ​មុខ​មហា​គណៈវិនិច្ឆ័យ​នៅក្នុង​ការស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញាពិសេស​របស់​ក្រសួង​យុត្តិធម៌​ថា​តើ​លោក Trump​ បាន​រក្សា​ទុក​ព័ត៌មាន​សម្ងាត់​កំពូល​ដោយ​ខុសច្បាប់​ ឬ​អត់​នៅ​ភូមិគ្រឹះ Mar-a-Lago​ របស់​លោក៕ ​ ​
 

© រក្សាសិទ្ធិដោយ thmeythmey.com