អន្តរជាតិ
ថវិកា​បន្ថែម​ត្រូវ​បាន​រៃ​អង្គាស​សម្រាប់​កិច្ចការ​របស់​តុលាការ ICC រឿង​អ៊ុយក្រែន
25, Mar 2023 , 9:29 am        
រូបភាព
ទិដ្ឋភាពខាងក្រៅនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
ទិដ្ឋភាពខាងក្រៅនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅក្នុងទីក្រុងឡាអេ ប្រទេសហូឡង់
ដោយ: VOA
សន្និសីទ​អន្តរជាតិ​មួយ​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២០ ខែ​មីនា ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​អង្គាស​បាន​ប្រាក់​ចំនួន ៤ លាន ៩ សែន​ដុល្លារ​អាមេរិក​ដើម្បី​គាំទ្រ​ដល់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​ក្នុង​ការ​ស៊ើបអង្កេត​លើ​ការ​ចោទ​ប្រកាន់​អំពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន និង​គាំទ្រ​ដល់​កិច្ចការ​របស់​តុលាការ​នេះ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រទេស​រុស្ស៊ី​ទទួល​ខុស​ត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ទាំង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ដែល​យោង​លើ​ការ​បញ្ជាក់​របស់​មន្ត្រី​នានា។

 
បណ្ដា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​មកពី​ប្រទេស​ជាង ៤០ បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ស្ដីពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​បន្ទាប់ពី​តុលាការ ICC បាន​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដោយ​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​លើ​ការ​ចាប់​ពង្រត់​កុមារ​ពី​ប្រទេស​អ៊ុយក្រែន។ ដីកា​ដែល​តុលាការ ICC បាន​ចេញ​កាលពី​ថ្ងៃ​ទី ១៧ ខែ​មីនា​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​តុលាការ​នេះ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​មេដឹកនាំ​នៃ​ប្រទេស​មួយ​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។
 
លោក Dominic Raab ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​និង​ជា​ឧប​នាយករដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស បាន​និយាយ​នៅ​ពេល​លោក​បើក​សន្និសីទ​អន្តរជាតិ​នេះ​ថា៖ «យើង​មាន​ជំនឿ​ដូច​គ្នា​ថា លោក​ប្រធានាធិបតី Putin និង​ថ្នាក់​ដឹកនាំ​រុស្ស៊ី​ផ្សេង​ទៀត​ត្រូវតែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់។ ចូរ​យើង​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​គាំទ្រ​ពាក្យ​ពេចន៍​របស់​យើង​ជាមួយ​នឹង​ទង្វើ​របស់​យើង យើង​គាំទ្រ​ការ​គាំទ្រ​ផ្លូវ​សីលធម៌​របស់​យើង​ជាមួយ​នឹង​មធ្យោបាយ​ដែល​អាច​ប្រតិបត្តិ​ជាក់ស្ដែង​ដើម្បី​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​លើ​ឧក្រិដ្ឋកម្ម​ឃោរឃៅ​ទាំង​នេះ»។
 
លោក Karim Khan រដ្ឋអាជ្ញា​នៃ​តុលាការ ICC បាន​និយាយ​ថា ដីកា​ចាប់​ខ្លួន​លោក Putin នេះ​គឺ​មិន​មែន​ជា​ពេលវេលា​មួយ​នៃ​ជ័យជម្នះ​នោះ​ទេ ប៉ុន្តែ​ជា «ពេលវេលា​ស្រងូតស្រងាត់» ដែល​រំឭក​ពិភពលោក​ថា វិធានការ​អន្តរជាតិ​រួម​គ្នា​គឺ​សំខាន់​ដើម្បី​រក​យុត្តិធម៌​ជូន​ប្រទេស​អ៊ុយក្រែន។
 
លោក Khan បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នៅ​ក្នុង​ដំណាក់កាល​នៃ​កិច្ចការ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​យើង​មិន​ប្រកាន់​ខ្ជាប់​តាម​ច្បាប់​ទេ ប្រសិនបើ​យើង​មិន​មើល​លើ​ខ្លួន​យើង​និង​សួរ​ថា​តើ​យើង​អាច​ធ្វើ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ​តាម​របៀប​ណា​នោះ​ទេ...យើង​នឹង​មិន​ត្រឹមតែ​បាត់បង់​ឱកាស​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ថែមទាំង​ប្រហែល​ជា​នឹង​មិន​មាន​ឱកាស​បន្ថែម​ទៀត​ផង​ដែរ»។
 
សន្និសីទ​នេះ​បាន​អង្គាស​ប្រាក់​បាន​ថែម​ទៀត​សម្រាប់​តុលាការ ICC ក៏​ដូចជា​ទទួល​បាន​នូវ​ការ​ផ្ដល់​ជូន​ផ្សេងៗ​ពី​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​នូវ​ធនធាន​នានា ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ការ​គាំទ្រ​លើ​ការ​ស៊ើប​អង្កេត​និង​ជំនាញ​ផ្នែក​កោសល្យវិច័យ​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Raab។
 
លោក Andriy Kostin អគ្គ​រដ្ឋអាជ្ញា​នៃ​ប្រទេស​អ៊ុយក្រែន បាន​បញ្ជាក់​ថា ការ​ចាប់​ពង្រត់​និង​ការ​បញ្ជូន​កុមារ​អ៊ុយក្រែន​រាប់​ពាន់​នាក់​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ចិញ្ចឹម​បីបាច់​ដូច​ជនជាតិ​រុស្ស៊ី​គឺ​ជា​ផ្នែក​មួយ​នៃ «ផែនការ​ជាក់​ច្បាស់» របស់​រុស្ស៊ី​នៅ​ក្នុង​ការ «បំផ្លាញ​ប្រទេស​អ៊ុយក្រែន​និង​អត្តសញ្ញាណ​របស់​អ៊ុយក្រែន»។
 
ទោះបីជា​ការ​ផ្ដោត​របស់​សន្និសីទ​នេះ​លើ​ការ​គាំទ្រ​កិច្ចការ​របស់​តុលាការ ICC ក៏ដោយ ក៏​លោក Kostin និង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​សំណូមពរ​ផង​ដែរ​ឱ្យ​មាន​ការ​គាំទ្រ​ជា​អន្តរជាតិ​លើ​ការ​បង្កើត​តុលាការ​អន្តរជាតិ​ពិសេស​មួយ​ដើម្បី​ស៊ើប​អង្កេត​និង​កាត់ទោស​ថ្នាក់​ដឹកនាំ​រុស្ស៊ី​សម្រាប់​ឧក្រិដ្ឋកម្ម​ឈ្លានពាន​ជា​ទូទៅ។
 
នៅ​ក្នុង​សារ​ជា​វីដេអូ​ថត​ទុក​មួយ​ដែល​បាន​ចាក់​ផ្សាយ​នៅ​ចុង​បញ្ចប់​នៃ​សន្និសីទ​នេះ លោក Zelenskyy បាន​ប្រាប់​អ្នក​ចូលរួម​ថា តុលាការ​ថ្មី​មួយ​នឹង​បំពេញ​បន្ថែម​ដល់​តុលាការ ICC នេះ ហើយ​នឹង «ពង្រឹង​យ៉ាង​សំខាន់​ដល់​យុត្តិធម៌​អន្តរជាតិ»៕
 
ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com