អន្តរជាតិ
ក្រុមអ្នកជំនាញអាមេរិកព្យាយាមរារាំងចិនកុំឱ្យទទួលបានបច្ចេកវិទ្យាយោធារបស់អាមេរិក
25, Mar 2023 , 3:36 pm        
រូបភាព
រូបឯកសារ៖ យន្តហោះចម្បាំងចិន J-11 ហោះនៅក្បែរតៃវ៉ាន់កាលពីថ្ងៃ ទី០៥ សីហា ឆ្នាំ២០២២។
រូបឯកសារ៖ យន្តហោះចម្បាំងចិន J-11 ហោះនៅក្បែរតៃវ៉ាន់កាលពីថ្ងៃ ទី០៥ សីហា ឆ្នាំ២០២២។
ដោយ: VOA
អតីតមន្ត្រីសហរដ្ឋអាមេរិកនិងក្រុមអ្នកជំនាញបានសុំឱ្យមានការប្រឹងប្រែងច្រើនជាងមុនថែមទៀតដើម្បីរារាំងចារកម្មរបស់ចិន ដែលត្រូវបានគេជឿថាអាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំងអភិវឌ្ឍអាវុធទំនើបៗដោយសារចិនបានលួចបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។


 
អតីតអនុរដ្ឋលេខាធិការស្តីទីក្រសួងការពារជាតិសហរដ្ឋអាមេរិកទទួលបន្ទុកគោលនយោបាយលោក James Anderson និយាយថាប្រទេសចិនបានលួចបច្ចេកវិទ្យាយោធាសហរដ្ឋអាមេរិកសម្រាប់ផលិតយន្តហោះចម្បាំងធុន J-20 ហើយចិនបានចំណេញយ៉ាងច្រើនពីបច្ចេកវិទ្យានេះ។
 
លោក Anderson បានថ្លែងថា៖ «ពួកចិនបានចំណេញច្រើនពីការលួចបែបនេះជាច្រើនឆ្នាំមកហើយ។ ពួកគេបានយកបច្ចេកវិទ្យាទាំងនេះទៅប្រើប្រាស់បានយ៉ាងល្អប្រសើរដោយពួកចិនបានផលិតយន្តហោះចម្បាំងទំនើបជំនាន់ទីប្រាំ»។ លោកបានកត់សម្គាល់ថា៖ «វាជាការពិបាកក្នុងការនិយាយអំពីសមត្ថភាពប្រយុទ្ធពិតប្រាកដរបស់យន្តហោះចិននេះ» ថាតើយន្តហោះធុន J-20 អាចប្រកួតប្រជែងនឹងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកធុន F-22 បានដោយបែបណា។
 
លោក Matthew Brazil ជាអ្នកស្រាវជ្រាវនិងជាអ្នកនិពន្ធនៃអង្គការ Jamestown Foundation។ លោកបានបម្រើការនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងប៉េកាំង ដែលនៅទីនោះលោកបានឧបត្ថម្ភផ្ចុងផ្តើមនិងគ្រប់គ្រងការដឹកបច្ចេកវិទ្យាខ្ពស់របស់ស.រ.អ.ទៅលក់ឱ្យប្រទេសចិន។ លោកបាននិយាយថា FBI គ្មានបុគ្គលិកគ្រប់គ្រាន់ដើម្បីតាមដានសកម្មភាពរបស់ប្រទេសចិនក្នុងសហរដ្ឋអាមេរិកទេ។
 
លោក Brazil បាននិយាយប្រាប់វីអូអេផ្សាយជាភាសាចិនកុកងឺថា៖ «ចារកម្មចិនមិនមែនដូចជាក្រុមសត្វកន្លាតដែលគ្រាន់តែវារឡើងលើអាវុធរបស់យើងប៉ុណ្ណោះទេ។ ពួកគេធ្វើចារកម្ម។ យើងអាចដោះស្រាយបញ្ហានេះបានជាមួយប្រព័ន្ធប្រឆាំងចារកម្មល្អប្រសើរជាងមុន ដែលមានរួមទាំងរដ្ឋាភិបាលនិងទាំងវិស័យឯកជនធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ»។
 
លោកបានកត់សម្គាល់ថា FBI គ្មាន«ភ្នាក់ងារគ្រប់គ្រាន់ដែលបានទទួលការហ្វឹកហ្វឺនខាងភាសាវប្បធម៌ និងភូមិសាស្ត្ររបស់ចិនទេ។ សភាគួរចាត់វិធានការអំពីបញ្ហាទាំងនេះហើយផ្តល់ប្រាក់សម្រាប់កម្មវិធីបែបនេះដើម្បីបង្វឹកមនុស្ស»។
 
កាលពីខែកុម្ភៈសមាជិកព្រឹទ្ធសភាស.រ.អ.គឺលោក Marco Rubio និងលោក Mark Warner បានសុំដល់រដ្ឋបាលរបស់លោកប្រធានាធិបតីលោក Joe Biden ឱ្យពង្រីកការប្រើឧបករណ៍និងអំណាចដែលមាននៅក្នុងក្រសួងហិរញ្ញវត្ថុនិងក្រសួងពាណិជ្ជកម្មដើម្បីរារាំងកុំឱ្យអង្គភាពឧស្សាហកម្មយោធាចិនបានផលប្រយោជន៍ពីបច្ចេកវិទ្យា ភាពប៉ិនប្រសប់និងការវិនិយោគរបស់សហរដ្ឋអាមេរិក។
 
លោក Anderson ដែលបានបញ្ចេញមតិលោកតាមបណ្តាញ Fox News Digital កាលពីពាក់កណ្តាលខែមីនា បានស្បថចូលកាន់តំណែងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ហើយលោកបានលាលែងចេញពីតំណែងកាលពីខែវិច្ឆិកា ឆ្នាំ២០២០។
 
ប្រទេសចិនបានអះអាងថាខ្លួនបានអភិវឌ្ឍដោយខ្លួនឯងផ្ទាល់នូវយន្តហោះចម្បាំងធុន J-20 ដែលត្រូវដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ២០១៧។
លោក John Chipman នាយកវិទ្យាស្ថានអន្តរជាតិខាងសិក្សាយុទ្ធសាស្ត្រ IISS បាននិយាយនៅក្នុងពិធីមួយនៅឯវិទ្យាស្ថានរបស់លោកថា គេរំពឹងថាចិននឹងផលិតយន្តហោះចម្បាំងធុន J-20A ច្រើនជាងអាមេរិកផលិតយន្តហោះចម្បាំងធុន F-22 មិនហួសពីឆ្នាំ២០២៣ទេ៕
 
ប្រែសម្រួលដោយលោក ឈឹម សុមេធ
 

© រក្សាសិទ្ធិដោយ thmeythmey.com