ជាតិ
CHRC៖ លោក ខៀវ សំផន អាយុ៩១ឆ្នាំ ដែលស្ថិតក្នុងពន្ធនាគារខេត្តកណ្តាល មានស្ថានភាពប្រក្រតី
27, Mar 2023 , 10:16 am        
រូបភាព
ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) កាលពីថ្ងៃទី២៤ ខែមីនា បានចូលជួប លោក ខៀវ សំផន ដើម្បីដឹងពីស្ថានភាពរបស់គាត់ដែលកំពុងរស់នៅក្នុងពន្ធនាគារខេត្តកណ្តាល
ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) កាលពីថ្ងៃទី២៤ ខែមីនា បានចូលជួប លោក ខៀវ សំផន ដើម្បីដឹងពីស្ថានភាពរបស់គាត់ដែលកំពុងរស់នៅក្នុងពន្ធនាគារខេត្តកណ្តាល
ដោយ: រួបរួម
ក្រុមការងារនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) កាលពីថ្ងៃទី២៤ ខែមីនា បានចូលជួប លោក ខៀវ សំផន ដើម្បីដឹងពីស្ថានភាពរបស់គាត់ដែលកំពុងរស់នៅក្នុងពន្ធនាគារខេត្តកណ្តាល។ តាមរយៈគេហទំព័រផ្លូវការរបស់ខ្លួន CHRC បញ្ជាក់ថា អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមរូបនេះ នៅតែមានស្ថានភាពសុខភាពល្អប្រសើរ។

 
«មួយថ្ងៃៗ លោក ខៀវ សំផន ពិសារបាយបានច្រើន ហើយគាត់អាចរុញរទេះដើរបានធម្មតាដោយខ្លួនគាត់តិចៗ»។ នេះបើតាមការបញ្ជាក់របស់ CHRC ក្រោយបានសាកសួរអ្នកមើលថែទាំលោក ខៀវ សំផន។ 
 
CHRC បានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់ លោក កែវ រ៉េមី រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយក្រុមការងារដឹកនាំដោយ លោក ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស។ 
 
បើតាម CHRC ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដ៏ទៃទៀតរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។
 
លោក ខៀវ សំផន អាយុ៩១ឆ្នាំ ដែលជាមេដឹកនាំខ្មែរក្រហម ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល កាលពីថ្ងៃទី៣០មករា ឆ្នាំ២០២៣។ លោក ខៀវ សំផន ត្រូវបានមន្ត្រីពន្ធនាគាររៀបចំឲ្យ ស្នាក់នៅផ្ទះមួយដាច់ដោយឡែក ហើយមានក្រុមការងារចុះពិនិត្យសុខភាពចំនួនពីរដង ក្នុងមួយថ្ងៃ។

លោក ខៀវ សំផន ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល ដើម្បីបន្តអនុវត្តទោសអស់មួយជីវិត ក្រោយការសម្រេចរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) កាលពីថ្ងៃទី២២កញ្ញា ឆ្នាំ២០២២។ 
 
 
លោក ខៀវ សំផន បានកាន់មុខតំណែងជាន់ខ្ពស់ក្នុងមុខនាទីជាច្រើនខុសៗគ្នានៅក្នុងបក្សកុម្មុយនីស្តកម្ពុជា (ប.ក.ក) ឬ «របបខ្មែរក្រហម» និងនៅក្នុងរដ្ឋកម្ពុជាប្រជាធិបតេយ្យ។ មុខនាទីលេចធ្លោជាងគេ ក្នុងមុខនាទីជាគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលត្រូវបានចាត់ទុកថាជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
 
លោក ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ 
 
សំណុំរឿងរបស់ លោក ខៀវ សំផន ដំណើរការអស់ជាង១៥ឆ្នាំ ហើយលោក ត្រូវបានចោទធ្វើឲ្យមានពិរុទ្ធភាពពីបទប្រល័យ ពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com