ជាតិ
អ្នកនេសាទតាមដងទន្លេមេគង្គ នឹងបានបណ្ណក្រីក្រ ដើម្បីឱ្យបញ្ចប់របរនេសាទខុសច្បាប់
28, Mar 2023 , 7:59 am        
រូបភាព
ការនេសាទគ្រប់ប្រភេទនៅកន្លែងអភិរក្សសត្វផ្សោត តាមដងទន្លេមេគង្គ ត្រូវបានហាមឃាត់។ ប៉ុន្តែការនេសាទខុសច្បាប់ បន្តមាននៅឡើយ និងបានផ្ដាច់ជីវិតសត្វផ្សោតជាបន្តបន្ទាប់។ រដ្ឋាភិបាល បានចេញវិធានការ ឱ្យកំណត់តំបន់អភិរក្ស២៤ម៉ោង និងរកដំណោះស្រាយឱ្យអ្នកនេសាទខុសច្បាប់ មានមុខរបរថ្មី។

 
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឱ្យអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ធ្វើយ៉ាងណាការពារជីវិតផ្សោតឱ្យបាន។ កាលពីខែមករា ឆ្នាំ២០២៣ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះ៖ «ត្រូវអភិរក្សពេញទីដោយគ្មានការលើកលែង! ត្រូវមានរបៀបរៀបរយឲ្យបានល្អ!»។ 
 
ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ទៅអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង មិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទនោះឡើយ។ ក្រោយមក រដ្ឋាភិបាល បានបង្កើតតំបន់ស្នូល ដើម្បីអភិរក្សសត្វផ្សោត។ 
 

លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល។
 
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ មានប្រវែង ១២០គីឡូម៉ែត្រ។ ខេត្តស្ទឹងត្រែង មានប្រវែង ៣៥គីឡូម៉ែត្រ។  ខេត្តក្រចេះមានប្រវែង ៨៥គីឡូម៉ែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាង ក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះមានទំហំសរុប ៦២១គីឡូម៉ែត្រក្រឡា។ កន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) មានទំហំ២១៦,៤គីឡូម៉ែត្រក្រឡា និងកន្លែងការពារ(តំបន់ស្នូលតាមរដូវកាល) ទំហំ៤០៤,៦គីឡូម៉ែត្រក្រឡា ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជរបស់សត្វផ្សោត។ 
 
ទោះបីមានវិធានការ ផ្សោតនៅតែ ងាប់។ សត្វផ្សោត០៥៦ ទម្ងន់១៦០គីឡូក្រាម ត្រូវបានប្រទះឃើញអណ្ដែតនៅកោះព្រះ ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។ ផ្សោតនេះ អាចងាប់ដោយសារជាប់មង ព្រោះមានស្នាកស្នាមនៅត្រង់ពោះ គល់កន្ទុយ និងព្រុយចំហៀង។
 
នាយករដ្ឋមន្ដ្រី បានណែនាំឲ្យគិតគូរផ្ដល់ថវិកាទ្រទ្រង់ជីវភាព ដូចជាប័ណ្ណក្រីក្រ ជូនដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរនេសាទ នៅតំបន់អភិរក្សផ្សោត កាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣។ 
 
សម្ដេច ហ៊ុន សែន មានប្រសាសន៍ដូច្នេះ៖ «បើយើងគិតតែវិធានការរដ្ឋបាលសុទ្ធ គឺអត់បានទេ។ អ៊ីចឹង យើងស្រង់មើលសុំឲ្យបងប្អូននេសាទកុំប្រើប្រាស់មងនៅក្នុងតំបន់ស្នួលទាំងនោះ។ ប៉ុន្ដែយើងអាចជំនួសមកវិញ តើប៉ុន្មានគ្រួសារទៅដែលគាត់ប្រកបមុខរបរនេសាទ? យើងឲ្យគាត់មានមុខរបរផ្សេង។ បន្ថែមលើនោះ យើងអាចលើកទឹកចិត្តឲ្យគាត់នូវប័ណ្ណក្រីក្រជូនពួកគាត់ ដើម្បីជំនួសមកវិញនូវការថែទាំ។ បើមិនអ៊ីចឹងទេ គាត់នៅតែបន្ដ ព្រោះគាត់គ្មានជម្រើស អត់មានប្រាក់ចំណូល»។
 
លោក ផៃ សុមានី អនុប្រធាននាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាលជលផល បានពន្យល់ ប្រជានេសាទ អាចនេសាទដោយប្រើឧបករណ៍ខ្នាតតូច នៅកន្លែងការពារ។ ប៉ុន្តែត្រូវនេសាទនៅរយៈចម្ងាយ ១០០ម៉ែត្រពីច្រាំងទន្លេ។ ចំពោះ ប្រជានេសាទ រស់នៅជាប់ដងទន្លេមេគង្គ នៅតែមានលទ្ធភាពនេសាទដោយប្រើឧបករណ៍ខ្នាតតូច។
 
លោក សុមានី បន្តថា៖ «បច្ចុប្បន្ននេះរដ្ឋាភិបាល កំពុងធ្វើវិសោធនកម្មច្បាប់ជលផលចាស់ ដោយគ្រោងអនុម័តច្បាប់ជលផលលថ្មី។ ក្នុងនោះឧបករណ៍នេសាទ ត្រូវបែងចែកជា៣ប្រភេទ គឺឧបករណ៍ខ្នាតតូច មធ្យម និងខា្នតធំ។»
 
សូមរំលឹកថា ក្នុងឆ្នាំ២០២២ សត្វផ្សោតចំនួន១១ក្បាល បានស្លាប់ក្នុងនោះ ផ្សោតពេញវ័យ មានចំនួន៥ក្បាល កូនតូច៤ក្បាល ជំទង់១ក្បាល និងចាស់ ១ក្បាល។ នៅដើមឆ្នាំ២០២៣ មាន សត្វផ្សោតមួយក្បាល ងាប់នៅខេត្តស្ទឹងត្រែង ដោយសារជាប់មង៕
 
 

Tag:
 ThmeyThmey
  ដងទន្លេមេគង្គ
  សត្វផ្សោត
© រក្សាសិទ្ធិដោយ thmeythmey.com