ជាតិ
រដ្ឋមន្ត្រីក្រសួងផែនការ ស្នើឱ្យកសិករចូលរួមសហការផ្ដល់ទិន្នន័យ ដើម្បីធ្វើជំរឿនកសិកម្ម
28, Mar 2023 , 6:19 pm        
រូបភាព
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ រូបពីក្រសួងព័ត៌មាន
លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ។ រូបពីក្រសួងព័ត៌មាន
ភ្នំពេញ៖ លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ អំពាវនាវាកសិករចូលរួមផ្ដល់ព័ត៌មាន សម្រាប់ធ្វើជំរឿនកសិកម្មនាអំឡុងខែមេសា ដើម្បីមានទិន្នន័យជាក់លាក់ពីវិស័យកសិកម្ម។

 
ការធ្វើជំរឿនកសិកម្ម ធ្វើឡើងក្នុងគោលបំណងទទួលបានស្ថិតិពីវិស័យកសិកម្ម ដើម្បីឆ្លុះបញ្ចាំងពីផលប៉ះពាល់សេដ្ឋកិច្ច។ លោក ឆាយ ថន អះអាងថា ជំរឿនមានសារសំខាន់ណាស់ ក្នុងការប្រមូលទិន្នន័យសម្រាប់ប្រើប្រាស់ក្នុងវិស័យសាធារណនិងឯកជន។ 


កសិករដាំតាសក់នៅខេត្តស្វាយរៀង។ 
 
ជុំវិញការជុំរឿននេះ រដ្ឋមន្ត្រីក្រសួងផែកការបានស្នើសុំទៅកសិករដូច្នេះ៖ «ខ្ញុំសូមអំពាវនាវដល់ម្ចាស់អង្គភាពកសិកម្ម មានជាអាទិ សហគ្រាស កសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ គ្រប់ទំហំខ្នាតទាំងអស់ សូមជួយគាំទ្រ ផ្ដល់ទិន្នន័យតាម កម្រងសំនួរដល់មន្ត្រីជំរឿនកសិកម្មឱ្យបានត្រឹមត្រូវ ជាក់លាក់ទាន់ ពេលវេលា»។  
 
ទន្ទឹមនឹងនេះ លោកក៏ស្នើទៅកាន់អភិបាលខេត្ត ឱ្យជួយសម្របមស្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការជំរឿននេះ ប្រព្រឹត្តទៅដោយរលូនផងដែរ។ 
 
ជាមួយគ្នាដែរ លោក ឆាយ ថន បញ្ជាក់ថា ទិន្នន័យដែលជំរឿនបាន គឺជាធាតុចូលដ៏សំខាន់ ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងសុខុមាភាពរបស់ប្រជាជន។ លើសពីនេះ គឺសម្រាប់ផ្ទៀតផ្ទាត់នឹងយុទ្ធសាស្រ្តដែលបានដាក់ចេញ ជាពិសេសរៀបចំផែនការដោះស្រាយជាបន្តបន្ទាប់ទៀត។ 
 
បើតាមក្រសួងផែនការ មន្ត្រីជំនាញដែលរៀបចំឡើងដោយក្រសួងផែនការ នឹងចុះសាកសួរម្ចាស់សហគ្រាស ម្ចាស់កសិដ្ឋាន រួមទាំងគ្រួសារកសិករទាំងអស់ ដើម្បីប្រមូលទិន្នន័យពាក់ព័ន្ធនឹងកសិកម្ម ចាប់ពីថ្ងៃទី១ មេសា ដល់៣០ មេសា នៅទូទាំងប្រទេស។ ជំរឿនកសិកម្មនៅឆ្នាំ២០២៣ ជាជំរឿនលើកទី២ ដែលធ្វើឡើងក្នុងរយៈពេល១០ឆ្នាំម្ដង ៕ 
 

Tag:
 ជំរឿន
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com