ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ថាច់ សេដ្ឋា សុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ តែនៅមិនបានចេញក្រៅឃុំ
31, Mar 2023 , 11:53 am        
រូបភាព
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ត្រូវចាប់ខ្លួន។ រូបពីវីដេអូលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
លោក ថាច់ សេដ្ឋា និយាយក្នុងវេទិកាគណបក្សភ្លើងទៀន កាលពីលោក មិនទាន់ត្រូវចាប់ខ្លួន។ រូបពីវីដេអូលើទំព័រហ្វេសប៊ុកគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ

សហមេធាវី បានដាក់សំណើទៅចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ដើម្បីសុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ ទុកជាការធានាឲ្យដោះលែងកូនក្តីបណ្ដោះអាសន្ន គឺលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន។ ប៉ុន្តែ សំណើសុំតម្កល់ប្រាក់៣ម៉ឺនដុល្លារនេះ ត្រូវបានចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ច្រានចោល។


លោក ជូង ជូងី មេធាវីម្នាក់របស់លោក ថាច់ សេដ្ឋា ប្រាប់សារព័ត៌មានថ្មីៗ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះថា ក្រោយចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ បដិសេធនឹងសំណើសុំតម្កល់ប្រាក់៣ម៉ឺនដុល្លារ សហមេធាវី ក៏បន្តដាក់សំណើនេះទៅកាន់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍។ លោក បន្តថា នៅថ្ងៃម្សិលមិញ (៣០មីនា) សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ បានបើកសវនាការ ហើយសម្រេចដូចចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញដែរ។ 
 
មេធាវីម្នាក់ទៀតរបស់លោក ថាច់ សេដ្ឋា គឺលោក សឺន ជុំជួន មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា ហេតុផលរបស់សភាស៊ើបសួរនៃសាលាឧទ្ធរណ៍ គឺ ការតម្កល់ប្រាក់៣ម៉ឺនដុល្លារ ដើម្បីសុំឲ្យដោះលែងលោក ថាច់ សេដ្ឋា នៅក្រៅឃុំបណ្ដោះអាសន្ននេះ «មិនសមហេតុផល» ឡើយ។ លោក បន្តថា ម្យ៉ាងទៀត ការសម្រេចដោយចៅក្រមស៊ើបសួរនៃតុលាការភ្នំពេញ ត្រូវសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ ចាត់ទុកជាបានការ។ លោក ថ្លែងថា សហមេធាវី នឹងទៅពិភាក្សាជាមួយកូនក្តី ដើម្បីពិភាក្សាពីការឡើងទៅតុលាការកំពូលទៀត។ 
 
លោកមេធាវី សឺន ជុំជួន ទទួលបានព័ត៌មានថា ប្រាក់៣ម៉ឺនដុល្លារនេះ គឺបានមកពីការប្រមូលគ្នារបស់ក្រុមគ្រួសារលោក ថាច់ សេដ្ឋា។ លោកមេធាវី បន្ថែមថា ការសុំតម្កល់ប្រាក់៣ម៉ឺនដុល្លារនេះ មានចំនួនច្រើនជាងប្រាក់ ដែលលោក ថាច់ សេដ្ឋា នៅជំពាក់ភាគីដើមបណ្ដឹង។ លោកមេធាវី អះអាងថា លោក ថាច់ សេដ្ឋា នៅជំពាក់ដើមបណ្ដឹងតែប្រមាណ១ម៉ឺនដុល្លារប៉ុណ្ណោះ។ យ៉ាងណា ក្នុងបណ្តឹង ដើមបណ្ដឹង បានសុំទារសំណងជំងឺចិត្ត៥ម៉ឺនដុល្លារ។ 
 
សូមរម្លឹកថា លោក ថាច់ សេដ្ឋា ត្រូវចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២៣ ក្រោយមានបណ្តឹងពីក្រុមហ៊ុន១ ដែលចោទថា អនុប្រធានគណបក្សភ្លើងទៀនរូបនេះ ចេញសែកស្អុយ ឬសែកមិនមានសាច់ប្រាក់៕ 
 

Tag:
 ថាច់ សេដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com