ជាតិ
ស៊ីហ្គេម២០២៣
អត្ថបទពាណិជ្ជកម្ម
សណ្ឋាគារលំដាប់ផ្កាយបួន ហ្វ៊ែរហ្វៀលបាយម៉ារៀតភ្នំពេញ បើកសម្ពោធជាផ្លូវការនៅអគារ ជីប ម៉ុង ថៅវើកម្ពស់៤៥ជាន់
31, Mar 2023 , 3:39 pm        
រូបភាព
ភ្នំពេញ៖ សណ្ឋា​គារលំដាប់​​ផ្កាយ​បួន ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ  បាន​​បើក​សម្ពោធជា​ផ្លូវការ​នៅអគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ ជាន់ កាលពី​​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ២០២៣ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់ឯលោក​ ហ៊ុន ម៉ាណែត និងលោកស្រីប​ ពេជ្រ ចន្ទមុន្នី ព្រមទាំងពីសំណាក់ ឯកឧត្ដម លោកជំទាវ ឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសសរុបជាង ៧០០ នាក់ទៀត។

នាថ្ងៃកម្មវិធីដ៏​នក្ខត្តប្ញក្សនេះផង​ដែរ លោក លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានថ្លែងថា៖ “ខ្ញុំបាទមានជំនឿចិត្តយ៉ាងមុតមាំថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ នឹងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកពីគ្រប់ទិសទីមកទឹកដីកម្ពុជា​ ហើយសណ្ឋាគារដ៏ថ្មីស្រឡាងមួយនេះ បានត្រៀមរួចជាស្រេច ដើម្បីផ្តល់ជូននូវបដិសណ្ឋារកិច្ចដ៏ល្អឥតខ្ចោះ​សម្រាប់ភ្ញៀវទេសចរជាច្រើនពាន់នាក់នៅក្នុង ព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នាពេលខាងមុខ ដែលនេះជាប្រយោជន៍ដ៏សំខាន់ក្នុងការចូលរួមបង្កើននិរន្តរភាពក្នុងវិស័យទេសចរណ៍ ដែលជាសសរស្តម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ។” ។ 
 


លោក ក៏បានបន្ថែមទៀតថា ការនាំយកសណ្ឋាគារលំដាប់ពិភពលោកមួយនេះមកកម្ពុជា ដោយក្រុមហ៊ុនមាន ចក្ខុវិស័យវែងឆ្ងាយ និងឈរលើបន្ទាត់ស្របជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញសក្ដានុពលវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅកម្ពុជា។ 
 
លោក Jakob Helgen អនុប្រធានប្រចាំតំបន់ នៅប្រទេសថៃ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយ និងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន ជីប ម៉ុង នាំយកយីហោ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត មកកម្ពុជា ហើយ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ គឺជាសណ្ឋាគារដែលមានរចនាបថដ៏ប្រណិត និងស៊ីវិល័យតាមស្ដង់ដាអន្ដរជាតិ ដែលបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់។
 

 
លោក ហ៊ុន ម៉ាណែត ​បាន​មាន​ប្រសាសន៍​ថា៖ «សូមចូលរួមអបអរសាទរជាមួយថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់នៃក្រុមហ៊ុន ជីប ម៉ុង ចំពោះការសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជាសណ្ឋាគារលំដាប់អន្តរជាតិដ៏ទំនើបប្រកបដោយសេវាកម្មសម្បូរបែប ហើយអគារ Chip Mong Tower ក៏បានក្លាយទៅជានិមិត្តរូបដ៏លេចធ្លោ និងជាអត្តសញ្ញាណមួយថ្មីរបស់រាជធានីភ្នំពេញ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Marriott ដែលបន្តមានជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា តាមរយៈការពង្រីកបង្កើតសណ្ឋាគារទី២ របស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដែលជាចំណុចស្នូលប្រកបដោយសក្តានុពលមួយក្នុងចំណោមបណ្តាញទីក្រុងសំខាន់ៗដទៃទៀត ក្នុងការផ្សារភ្ជាប់រំហូរនៃទំនាក់ទំនងនយោបាយ, សេដ្ឋកិច្ច, វប្បធម៌, វិនិយោគ, ធុរកិច្ច និងទេសចរណ៍របស់តំបន់ និងសកលលោក»។
 
នាកិច្ចបញ្ចប់កម្មវិធីនេះ លោក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ព្រមទាំងភ្ញៀវដែលចូលរួម បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការដើរទស្សនកិច្ចបរិវេណសណ្ឋាគារ ដែលភ្ជាប់ទៅដោយផ្ទាំងទេសភាព និងសោភ័ណភាពនៃទីក្រុងទាំងមូល នៅជាន់អាងទឹកលើអាកាស របស់ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
គួរបញ្ជាក់ផងដែរថា សណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ មានភ្ជាប់ទៅដោយ ៣០០​ បន្ទប់គេង អាងទឹកលើអាកាស សាលប្រជុំដ៏ប្រណីត ភោជនីយដ្ឋាន ស្កាយបារដ៏ទំនើប ដែលគ្របដណ្ដប់ ១៩ ជាន់ខាងលើនៃ អគារ ជីប ម៉ុង ថៅវើ មានកម្ពស់ ៤៥ ជាន់ ដែលជាអគារពាណិជ្ជកម្មចម្រុះស្ដង់ដារអន្តរជាតិ ស្ថិតនៅចំកណ្ដាលរាជធានី ៕
 
(អត្ថបទពាណិជ្ជកម្ម) 












 

© រក្សាសិទ្ធិដោយ thmeythmey.com