ជាតិ
សេដ្ឋកិច្ច
កម្ពុជាត្រូវការជាង៩ពាន់លានដុល្លារលើការវិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុកត្រឹមឆ្នាំ២០៤០
04, Apr 2023 , 4:48 pm        
រូបភាព
ដោយ: រួបរួម
កម្ពុជាត្រូវការថវិកាសរុបប្រមាណជា ៩,០៨៩ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការវិនិយោគបង្កើនអានុភាពប្រភពអគ្គិសនីក្នុងស្រុក។ នេះបើយោងតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី ២០២២-២០៤០ របស់ក្រសួងរ៉ែ និងថាមពល។


របាយការណ៍បានបង្ហាញថា ក្នុងចំណោមតម្រូវការសរុបជាង៩ពាន់លានដុល្លារ ថវិកាវិនិយោគចំនួន២៥៣៩លានដុល្លារត្រូវបានអនុម័តរួចហើយសម្រាប់គម្រោងដែលកំពុង អភិវឌ្ឍនៅក្នុងឆ្នាំ២០២២-២០២៥ ដែលក្នុងនោះមាន២២៥៤លានដុល្លារលើថាមពលធ្យូងថ្ម ៥០លានដុល្លារលើជីវម៉ាស ២២៤លានដុល្លារលើថាមពលដើរដោយពន្លឺព្រះអាទិត្យ និង១២លានដុល្លារលើប្រព័ន្ធអាគុយស្តុកថាមពល។
 
ចាប់ពីឆ្នាំ២០២៦ ទំហំវិនិយោគប្រមាណជា ៦,៥៥០ លានដុល្លារសហរដ្ឋ អាមេរិក នឹងត្រូវបានប្រើប្រាស់សម្រាប់ការវិនិយោគលើគម្រោងវារីអគ្គិសនី (ក្រៅពីគម្រោងលើដងទន្លេមេគង្គ ផ្ទាល់) គម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ ប្រព័ន្ធអាគុយស្ដុកថាមពល ប្រភពអគ្គិសនីឧស្ម័នធម្មជាតិ និង ប្រភពអគ្គិសនីប្រើជីវម៉ាស់។
 
តាមក្រសួងរ៉ែ និងថាមពល ផែនការមេនេះ ផ្ដល់ឱ្យកម្ពុជានូវយុទ្ធសាស្ត្រល្អប្រសើរសម្រាប់អន្តរកាលថាមពលឆ្ពោះទៅរកថាមពល អគ្គិសនីស្អាតជាងមុន ហើយរក្សាបាននូវកិច្ចព្រមព្រៀងអភិវឌ្ឍន៍គម្រោងថាមពលដែលរដ្ឋាភិបាលបាន អនុម័តរួច។ ផែនការមេនេះក៏វិធីសាស្ត្រកាត់បន្ថយការបញ្ចេញកាបូន តាមរយៈការដាក់ប្រើប្រាស់ ប្រភពថាមពលកកើតឡើងវិញ ការអនុវត្តការកែលម្អប្រសិទ្ធភាពថាមពល និងការពង្រឹងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសជិតខាងដើម្បីនាំចូលថាមពល។
 
ក្នុងផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី សេណារីយ៉ូទី៤ ត្រូវបានជ្រើសរើសជាផែនការអភិវឌ្ឍន៍ប្រភពអគ្គិសនីបន្ថែមពីឆ្នាំ២០២២ ដល់ឆ្នាំ២០៤០ ដោយសារសេណារីយ៉ូនេះ អាចរក្សាបាននូវតុល្យភាពរវាងយុទ្ធសាស្ត្ររបស់វិស័យអគ្គិសនីកម្ពុជា ក្នុងការបំពេញ គោលដៅគោលនៃការបំពេញតម្រូវការអគ្គិសនី ដោយមានថ្លៃសមរម្យ អាចទុកចិត្តបាន។
 
ក្នុងសេណារីយ៉ូទី៤នេះ នៅឆ្នាំ២០៣០ ដើម្បីបំពេញឱ្យបានគ្រប់គ្រាន់ទាន់កំណើននៃតម្រូវការអគ្គិសនី ល្បាយនៃអានុភាពដំឡើងប្រភពអគ្គិសនីសម្រាប់ការផ្គត់ផ្គង់នឹងមានសមាសភាពពីប្រភពអគ្គិសនីក្នុងស្រុក ដោយ២ ២៦៦ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដុតធ្យូងថ្ម (៤០.៤ភាគរយ), ១ ៥៥៨ មេហ្កាវ៉ាត់ពីប្រភពវារីអគ្គិសនី (២៧.៧ភាគរយ), ៤៩០មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដើរដោយប្រេងខ្មៅ (៨,៧ភាគរយ), ១ ០០៥ មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យ (១៧,៩ភាគរយ), ២០០ មេហ្កាវ៉ាត់ពីប្រព័ន្ធអាគុយស្តុកថាមពល (៣,៦ភាគរយ) និង ៩៨ មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីប្រើជីវម៉ាស់ (១,៧ភាគរយ) ព្រមទាំង ៣ ០៩៥ មេហ្គាវ៉ាត់ នាំចូលពីប្រទេសឡាវ, ៧០០ មេហ្គាវ៉ាត់ នាំចូលពីប្រទេសថៃ និងសមមូលនឹង ១ ២១៥ មេហ្កាវ៉ាត់ បានមកពីការសន្សំសំចៃអគ្គិសនីតាមរយៈវិធានការប្រសិទ្ធភាពថាមពល។
 
នៅឆ្នាំ២០៤០ ល្បាយនៃអានុភាពដំឡើងប្រភពអគ្គិសនីសម្រាប់ការផ្គត់ផ្គង់នឹងកើនឡើង ដោយប្រភពអគ្គិសនីក្នុងស្រុកមាន ២,២៦៦ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដុតធ្យូងថ្ម (២១, ៤ភាគរយ), ២ ៩៧៣មេហ្កាវ៉ាត់ ពីប្រភពវារីអគ្គិសនី (២៨,១ភាគរយ), ៤៩០ មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីដើរដោយប្រេងខ្មៅ (៤,៦ភាគរយ), ៩០០មេហ្កាវ៉ាត់ ពីប្រភពអគ្គិសនីឧស្ម័នធម្មជាតិ (៨,៥ភាគរយ), ៣១៥៥មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យ (២៩,៨ភាគរយ), ៦០០មេហ្កាវ៉ាត់មកពីប្រព័ន្ធអាគុយស្ដុកថាមពល (៥,៧ភាគរយ) និង១៩៨មេហ្កាវ៉ាត់ពីប្រភពអគ្គិសនីប្រើជីវម៉ាស់ (១,៩ភាគរយ) ព្រមទាំង ៣,០៩៥ មេហ្កាវ៉ាត់ នាំចូលពីប្រទេស ឡាវ, ១០០០ មេហ្កាវ៉ាត់ នាំចូលពីប្រទេសថៃ និងសមមូលនឹង ២,២០៥ មេហ្កាវ៉ាត់ បានមកពីការសន្សំសំច អគ្គិសនីតាមរយៈវិធានការប្រសិទ្ធភាពថាមពល។
 
ជាមួយគ្នានេះ សេណារីយ៉ូទី៥ ត្រូវបានជ្រើសរើសជាផែនការបម្រុង ដែលនឹងត្រូវយកមកអនុវត្ត ប្រសិនបើមានការពន្យារ ពេលដោយគ្មានការគ្រោងទុកនៃការដាក់ឱ្យដំណើរការនៃគម្រោងប្រភពអគ្គិសនីណាមួយ (ទាំងក្នុងស្រុក និងទាំង ការនាំចូល)៕ 



>

>



Tag:
 អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com