ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
តើ​អ្វី​ជា​ជំងឺ​ហើម​សួត​?
06, Apr 2023 , 6:59 am        
រូបភាព
ជំងឺ​ហើម​សួត កើតមាន​នៅពេល​ដែល កូន​ថង់​ខ្យល់​នៅក្នុង​សួត​របស់​អ្នក ត្រូវបាន​បំផ្លាញ​បន្តិច​ម្តងៗ ដែល​នឹង​ធ្វើឱ្យ​អ្នកវិវត្តន៍​មាននូវខ្យល់​ដង្ហើម​ខ្លីៗ​ កាន់តែ​ច្រើនឡើង​។ ជំងឺ​ហើម​សួត គឺ​ជា​ជំងឺ​សួត​មួយ ប្រភេទ​ក្នុង​ចំណោម ជំងឺ​នៃ​ការ​មាន​ឧបសគ្គ​ជា​រ៉ាំ​រ៉ៃនៅ​ក្នុងសួត​។ ការជក់បារី គឺជា​មូលហេតុ​ដ៏​ចម្បង ដែលនាំឱ្យ​មាន​ជំងឺ​នេះ ។​

 
នៅពេល​ដែល​ស្ថានភាព​នៃ​ជំងឺ​នេះ កាន់តែ​អាក្រក់ វា​នឹង​ធ្វើអោយ​កូន​ថង់​ខ្យល់​នៅក្នុង​សួត ដែល​មាន​រាង ដូចជា​ចង្កោម​ផ្លែ​ទំពាំងបាយជូរ ក្លាយទៅជាថង់​ធំ​មួយ ដែល​មាន​ទំហំ​មិន​ទៀងទាត់ និងមាន​រន្ធ​ប្រហោង នៅ​ខាងក្នុង​ជញ្ជាំង​ខាងក្នុង​របស់​ពួកវា​។ កត្តា​នេះ បាន​កាត់បន្ថយ​នូវ​ស្រទាប់​ខាងលើ​នៃសួត ហើយ​ទន្ទឹមនឹងនោះ វា​ក៏​បាន​កាត់បន្ថយ​ផងដែរ​នូវកម្រិត​អុកស៊ីសែន ​ដែល​ត្រូវ​ចូលទៅក្នុងចរន្តឈាម​របស់​អ្នក​។​
 
ជំងឺ​ហើម​សួត​នេះ ក៏​ត្រូវបាន​​បំផា្លញ​ជា​យឺតៗ​ផងដែរ ដល់​សាច់ដុំ​យឺត ដែល​ជួយ​បើកផ្លូវ​ខ្យល់តូចៗ ដើម្បី​ទៅ​កាន់​កូន​ថង់​ខ្យល់​។ កត្តា​នេះ​បានធ្វើឱ្យ​ផ្លូវ​ខ្យល់​ទាំង​នេះ ត្រូវ​បាន​បិទ​ជិត នៅពេល ដែល​អ្នក​​ដកដង្ហើម​ចេញ ហើយ​ដូចនេះ ខ្យល់​នៅក្នុង​សួត​របស់​អ្នក​មិន​អាច​ចាកចេញ​បានទេ​។ ការព្យាបាល អាច​ជួយ​បន្ថយ​នូវ​ការវិវត្តរបស់​ជំងឺ​ហើម​សួត​នេះ ប៉ុន្តែ​វា​មិន​អាច​កែប្រែនូវ​ការបំផ្លាញ​ដែល​កើតមាន​ហើយ​នោះទេ​។​
 
​រោគសញ្ញា​
 
អ្នក​អាច​មាន​ជំងឺ​ហើម​សួត​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ ដោយ​មិន​បាន​សម្គាល់​ដឹង ពី​សញ្ញា ឬរោគសញ្ញា​អ្វី​ទាល់តែសោះ​។ រោគ​សញ្ញា​ដ៏​ចម្បង​ជាងគេ នៃ​ជំងឺ​ហើម​សួត​នោះ​គឺខ្យល់​ដង្ហើម​ខ្លីៗ ដែលជាធម្មតា​វាចាប់ផ្តើម​កើតមាន​បន្តិច​ម្តងៗ។ អ្នក​អាច​នឹង​ចាប់ផ្តើម ធ្វើការ​ជៀសវាង​នូវ​សកម្មភាព​មួយ​ចំនួន ដែល​អាច​ធ្វើឱ្យ​អ្នក​ដកដង្ហើម​ខ្លីៗ ហេតុនេះហើយ ទើបបាន​ជា​រោគសញ្ញានេះ​ មិន​បាន​ក្លាយជា​បញ្ហាសម្រាប់​អ្នក រហូតដល់​ពេល​វា​ចាប់​ផ្តើមបង្អាក់​ដល់​សកម្មភាព​នៃ​ការងារ​ប្រចាំថ្ងៃ​របស់​អ្នក​។ នៅ​ទី​បញ្ចប់ នៃ​ជំងឺ​ហើម​សួត​នេះ វា​នឹង​ធ្វើឱ្យ​អ្នក ដកដង្ហើម​បាន​ខ្លីៗ បើ​ទោះ​ជា​អ្នក​កំពុង​សម្រាក​ក៏ដោយ​។​
 
​តើ​នៅពេល​ណា ដែល​អ្នក​គួរ​ទៅ​ជួប​នឹង​គ្រូពេទ្យ​?
 
អ្នក​ត្រូវ​ទៅ​អោយ​គ្រូពេទ្យ​ពិនិត្យ ប្រសិនបើ អ្នក​មាន​បញ្ហា​នៃ​ការដកដង្ហើម​ខ្លីៗ ក្នុង​រយៈពេល​ជាច្រើនខែ ជាពិសេសប្រសិនបើ​វា​កាន់តែ​មាន​សភាព​អាក្រក់​ឡើងៗ ឬក៏​វា​បាន​រំខាន​ដល់​សកម្មភាព​ជា​ប្រចាំ​ថ្ងៃរបស់​អ្នក​។ កុំ​ព្យាយាម​សន្មត​ថា នេះ​គឺជា​ស្ថានភាព​មួយដែល​ទាក់ទង​ទៅ​នឹង​កត្តា​អាយុ ឬទម្ងន់​របស់​អ្នក។ អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ឱ្យបាន​ជា​បន្ទាន់ ប្រសិនបើ​៖
 
•​    ​អ្នក​អាច​ដកដង្ហើម​បាន​ខ្លីៗ​បំផុត ហើយ​អ្នក​មិន​អាច​និយាយបាន​។​
•​    ​បបូរមាត់ ឬក្រចកដៃ​របស់​អ្នក ប្រែ​ទៅជា​ពណ៌​ខៀវ ឬប្រផេះ ។​
•​    ​អ្នក​បាត់បង់​ស្មារតី​។​
•​    ​ចង្វាក់បេះដូង​របស់​អ្នកលោត​កាន់តែ​ញាប់​ឡើងៗ​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com