ជាតិ
សេដ្ឋកិច្ច
ADB ព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាមានកំណើន៥,៥ភាគរយក្នុងឆ្នាំនេះ
05, Apr 2023 , 11:30 am        
រូបភាព
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ព្យាករណ៍ថា មានកំណើនអត្រា៥,៥ភាគរយ នៅក្នុងឆ្នាំ២០២៣។ កត្តាចម្បងដែលជំរុញនូវកំណើនសេដ្ឋកិច្ចជាតិនេះ គឺដោយសារការងើបឡើងវិញដ៏រឹងមាំ នៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។

 
បើទោះបីតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា មានដំណើរការល្អនៅឆ្នាំ២០២២ ដែលជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ កំពុងបន្តមកទល់បច្ចុប្បន្ន។ នេះជាការលើកឡើងរបស់លោកស្រី Jyotsana Varma នាយិកាប្រចាំកម្ពុជារបស់ADB ដែលបានបញ្ជាក់ថា  ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជា មានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តរួមតូច និងមានកម្រិតអតិផរណាមធ្យម នៅឆ្នាំ២០២៣។
 
សេចក្តីប្រកាសព័ត៌មានរបស់ ABD ស្តីពី៖ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook/ADO) ដែលចេញផ្សាយនាថ្ងៃទី៤មេសា បានបង្ហាញថា វិស័យទេសចរណ៍ ត្រូវបានរំពឹងថានឹងកើនឡើង៧,៣ភាគរយ ក្នុងឆ្នាំ២០២៣។ សម្ពាធអតិផរណា ត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកអត្រាជាមធ្យម ៣ភាគរយ ក្នុងឆ្នាំ២០២៣ និង ៤ភាគរយក្នុងឆ្នាំ ២០២៤។
 
របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ក៏បានបង្ហាញលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តបន្ទាប់របស់កម្ពុជា ក្នុងការបង្កើនការវិនិយោគបៃតង ដើម្បីទទួលបានសក្ដានុពលកំណើនរយៈពេលវែងផងដែរ។ សម្រាប់ផលិតផលឧស្សាហកម្ម ត្រូវរំពឹងមានកំណើន៥,៨ភាគរយក្នុងឆ្នាំ២០២៣ ហើយហក់ដល់៧,៨ភាគរយក្នុងឆ្នាំ២០២៤។ រីឯ វិស័យកសិកម្មក៏ត្រូវបានរំពឹងមានកំណើន១,១ភាគរយ នៅក្នុងឆ្នាំ២០២៣ និង ១,២ភាគរយ ក្នុងឆ្នាំ២០២៤ ដែលជំរុញដោយទិន្នផលដំណាំសម្រាប់ការនាំចេញ។
 
ដ្បិតវិស័យដែលទ្រទ្រង់ជំរុញដល់សេដ្ឋកិច្ចជាតិមានកំណើន ប៉ុន្តែលោកស្រី Jyotsana Varma បានព្រមានថា កម្ពុជាក៏ប្រឈមនឹងហានិភ័យដែលអាចធ្វើឱ្យប្រែប្រួលទស្សនវិស័យផងដែរ។ បើតាមនាយិកាប្រចាំកម្ពុជារបស់ADBរូបនេះ ហានិភ័យដែលអាចរាំងស្ទះដល់កំណើនសេដ្ឋកិច្ចកម្ពុជា រួមមាន៖ កំណើនខ្សោយនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប, កម្រិតខ្ពស់នៃបំណុលឯកជន, កំណើនតិចជាងការរំពឹងទុកនៃការមកដល់នៃភ្ញៀវទេសចរ និងការវិនិយោគផ្ទាល់ពីបរទេស ពីប្រទេសចិន, តម្លៃថាមពលខ្ពស់ និងការប្រែប្រួលអាកាសដែលប៉ះពាល់ដល់ផលិតភាពកសិកម្មកម្ពុជា៕
 

Tag:
 ADB
  កំណើនសេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com