ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ទៀ បាញ់៖ សមយុទ្ធកម្ពុជា-ចិន បន្សល់ទុកនិមិត្តសញ្ញាក្នុងប្រវត្តិសាស្រ្តយោធា
05, Apr 2023 , 2:59 pm        
រូបភាព
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការប្រចាំភូមិភាគខាងត្បូងនៃប្រទេសចិន ចូលរួមធ្វើជាអធិបតីរួមគ្នាក្នុងពិធីបិទសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន នៅតំបន់ភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា
សម្តេច ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការប្រចាំភូមិភាគខាងត្បូងនៃប្រទេសចិន ចូលរួមធ្វើជាអធិបតីរួមគ្នាក្នុងពិធីបិទសមយុទ្ធរវាងកងទ័ពកម្ពុជា-ចិន នៅតំបន់ភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣។ រូបពីទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិកម្ពុជា
ដោយ៖ ទេពញាណ

សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការពារជាតិ មើលឃើញថា សមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិនក្នុងឆ្នាំ២០២៣នេះ មានសារសំខាន់ និងកាន់តែមានភាពចាំបាច់សម្រាប់ទំនាក់ទំនងប្រទេសទាំង២ ខណៈពិភពលោក កំពុងជួបបរិបថនៃការផ្លាស់ប្តូរ និងបញ្ហាប្រឈមយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន។ 
 
ក្នុងពិធីបិទសមយុទ្ធនាគមាសរវាងកងទ័ពកម្ពុជា-ចិន នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ប្រមុខការពារជាតិកម្ពុជា ថ្លែងដូច្នេះថា៖«សមិទ្ធផលសមយុទ្ធរួមគ្នាឆ្នាំ២០២៣នេះ បានបន្សល់ទុកនូវនិមិត្តសញ្ញា១ដ៏រឹងមាំ សម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេស និងកងទ័ពទាំង២ ស្របពេលដែលស្ថានការណ៍នៅលើពិភពលោកមានភាពប្រែប្រួល និងវិវត្តយ៉ាងឆាប់រហ័ស»។ 
 
ជាមួយគ្នានេះ សម្តេចរដ្ឋមន្រ្តី លើកឡើងនូវពាក្យដែលមេដឹកនាំកម្ពុជា-ចិន តែងនិយាយជារឿយៗថា មិត្តភាពដែកថែបកម្ពុជា-ចិន មិនអាចអ្នកណាបំបែកបានឡើយ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«មិនថាស្ថានភាពអន្តរជាតិ មានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ ក៏ប្រទេសយើងទាំង២ នឹងធ្វើឲ្យកាន់តែស៊ីជម្រៅឥតងាករេនូវមិត្តភាពដែកថែបយ៉ាងជិតស្និទ្ធ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមក […]»។ 
 
លោកឧត្តមសេនីយ៍ឯក វៃ វិនហុយ មេបញ្ជាការប្រចាំភូមិភាគខាងត្បូងនៃប្រទេសចិន និងជាប្រធានគណៈប្រតិភូដែលដឹកនាំកងទ័ពមកចូលរួមធ្វើសមយុទ្ធជាមួយកងទ័ពកម្ពុជា ចាត់ទុកសមយុទ្ធនេះ ថាអស្ចារ្យ និងក្លាយជាអនុស្សារីយ៍យូរអង្វែង។ សម្តីរបស់លោក ត្រូវបានបកប្រែពីភាសាចិន មកភាសាខ្មែរ ដោយអ្នកបកប្រែ។ 
 
ធ្វើជាអធិបតីរួមគ្នាជាមួយសម្តេច ទៀ បាញ់ ក្នុងពិធីបិទសមយុទ្ធ លោកឧត្តមសេនីយ៍ឯក វៃ វិនហុយ អះអាងដូច្នេះថា៖«សមយុទ្ធនេះ ជាសាក្សីភាពនៃកិច្ចសហប្រតិបត្តិការ និងជាមិត្តភាពកងទ័ពចិន-កម្ពុជា ហើយក៏ជាគំរូនៃកិច្ចសហប្រតិបត្តិការសន្តិសុខយោធាទ្វេភាគីក្នុងតំបន់ផងដែរ»។ 
 
សមយុទ្ធកងទ័ពកម្ពុជា-ចិន បានប្រព្រឹត្តទៅនៅតំបន់យោធាភ្នំជុំរីករាយ ក្នុងខេត្តកំពង់ឆ្នាំង ដោយចាប់ផ្តើមពីថ្ងៃទី២៣ ខែមីនា ហើយបញ្ចប់នៅថ្ងៃទី៥ ខែមេសានេះ។ បើតាមប្រសាសន៍របស់សម្តេច ទៀ បាញ់ កងទ័ពកម្ពុជា ដែលចូលរួមធ្វើសមយុទ្ធនេះ មានដល់ជាង២៧០០នាក់ ឯកងទ័ពចិន មានតែជាង២៥០នាក់ប៉ុណ្ណោះ។ 
 
កងទ័ពចិន ត្រូវការពេលរៀបចំខ្លួននិងសម្ភារៈ ដូច្នេះ រហូតដល់ថ្ងៃទី៨ ខែមេសា ទើបចាកចេញពីកម្ពុជា។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលប្រាប់សារព័ត៌មានថ្មីៗ។
 
សូមរម្លឹកខ្លីថា កម្ពុជា-ចិន បានចាប់ផ្តើមធ្វើសមយុទ្ធជាមួយគ្នាតាំងពីឆ្នាំ២០១៦មក។ ប៉ុន្តែ សមយុទ្ធនេះ ត្រូវបានផ្អាកអស់៣ដង គឺនៅឆ្នាំ២០១៧ ឆ្នាំ២០២១ និងឆ្នាំ២០២២។ នៅឆ្នាំ២០១៧ ដោយសារកម្ពុជា ជាប់រៀបចំការបោះឆ្នោតឃុំ-សង្កាត់ ទើបសមយុទ្ធនេះ ត្រូវបានផ្អាក ហើយការផ្អាក នៅឆ្នាំ២០២១ និងនៅឆ្នាំ២០២២ គឺដោយសារការរាលដាលជំងឺកូវីដ-១៩៕ 
 

Tag:
 សមយុទ្ធកម្ពុជា-ចិន
  សម្តេចទៀបាញ់
© រក្សាសិទ្ធិដោយ thmeythmey.com