កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រព័ន្ធ VAR ដាក់ឱ្យប្រើក្នុងការប្រកួតបាល់ទះមិត្តភាពរវាងកម្ពុជា-ចិន
05, Apr 2023 , 5:29 pm        
រូបភាព
សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
សកម្មភាពហ្វឹកហាត់របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។
ដោយ:
ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិកស្វាគមន៍ភ្ញៀវចិន ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ថា ការប្រកួតនេះសហព័ន្ធបានបំពាក់កាម៉េរាជំនួយអាជ្ញាកណ្តាល (VAR) ជាលើកដំបូងនៅកម្ពុជា។

 
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានបានឱ្យដឹងថា ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងចិន នៅប្រទេសកម្ពុជា នឹងមាន VAR ដែលជាជំនួយរបស់គណៈកម្មាធិការជាតិ CAMSOC។
 

សកម្មភាពហ្វឹកហាត់របស់ក្រុមភ្ញៀវចិន ត្រៀមការប្រកួតមិត្តភាពជាមួយកម្ពុជា។
 
លោក អាំង សិរីពិសិដ្ឋ និយាយថា៖«ឥឡូវនេះកាម៉េរាយើងមាន២១ហើយដែលបានមកដល់កម្ពុជា នៅក្នុងស្តាតអូឡាំពិក ហើយនេះជាកំណែទម្រង់ចុងក្រោយ មានន័យថាយើងទំនើបជាងម្ចាស់ផ្ទះស៊ីហ្គេមនានា»។ ទាំងអស់នេះហើយដែលមន្រ្តីសហព័ន្ធមានទំនុកចិត្តសម្រាប់ក្រុមបាល់ទះកម្ពុជា ដែលអាចឈានទៅរកភាពជោគជ័យនាការប្រកួតកីឡាស៊ីហ្គេម២០២៣។
 
យ៉ាងណាលោកអគ្គលេខាធិការបន្ថែមថា នៅលើទីលានចាញ់ ឬឈ្នះ ត្រូវធ្វើឱ្យមានភាពយុត្តិធម៌ តម្លាភាព ដើម្បីបន្សល់ទុកប្រវត្តិល្អៗជាមួយប្រទេសចូលរួម។
 
គួបញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមម្ចាស់ផ្ទះកម្ពុជា នឹងធ្វើនៅទីលានបាល់ទះក្នុងសាល ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាចតទៅ។ តាមការបញ្ជាក់ពីមន្រ្តីសហព័ន្ធ ការប្រកួតនេះដែរនឹងមិនមានការលក់សំបុត្រនោះទេ ពោលមហាជនអាចចូលទស្សនាដោយសេរី៕
 

Tag:
 កីឡាបាល់ទះ
 អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com