ជាតិ
បរធនបាលកិច្ច ដែលបានចុះបញ្ជីនៅត្រីមាសទី១ឆ្នាំនេះ មានទំហំ ៥១៤លានដុល្លារ
05, Apr 2023 , 6:59 pm        
រូបភាព
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។ រូបភាព៖ ញឹក សំអូន
លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច។ រូបភាព៖ ញឹក សំអូន
ដោយ:
ទំហំបរធនបាលកិច្ច ដែលបានចុះបញ្ជីនៅត្រីមាសទី១នេះ មានចំនួន៥១២ករណី មានការកើនឡើង២១២ករណី បើធៀបឆ្នាំនៅ២០២២ ដែលមាន៣០០ករណី។ នេះបើតាមលោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានថ្លែងក្នុងសិក្ខាសាលាស្ដីពី «បរធនបាលកិច្ច យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ» នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។



លោក សុខ ដារ៉ា បានលើកឡើងថា ទំហំប្រតិបត្តិការ និងផលប្រយោជន៍ តាមរយៈយន្តការបរធនបាលកិច្ច មានការកើនឡើងខ្ពស់ជាងទំហំវិនិយោគិន ដែលបានចុះបញ្ជីនៅដើមគ្រា។ បើតាមលោក ដារ៉ា នៅត្រីមាសទី១នេះ បរធនបាលកិច្ច មានទំហំ ៥១៤លានដុល្លារអាម៉េរិក។ សម្រាប់ពេញមួយឆ្នាំ ២០២២វិញ ការចុះបញ្ជីបរធនបាលកិច្ចមានចំនួន ៤២៦ល្លានដុល្លារអាម៉េរិក។


សិក្ខាសាលាស្ដីពី«បរធនបាលកិច្ច យន្តការប្រតិបត្តិការ និងវាក្យសព្ទគន្លឹះ» នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ ញឹក សំអូន
 
លោក សុខ ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ទំហំបរធនបាលកិច្ច ដែលបានចុះបញ្ជីតាមច្បាប់មានចំនួន ៥១២ករណី បើធៀបឆ្នាំ២០២២ មានចំនួន ៣០០ករណី។ នៅឆ្នាំ២០២៣ បរធនបាលកិច្ច ដែលបានចុះបញ្ជីតាមច្បាប់ គឺធ្វើយ៉ាងណាឱ្យច្រើនជាង ១ពាន់លានដុល្លារ ដែលអាចនឹងខ្ពស់ជាង៤ភាគរយ នៃផលិតផលសរុបរបស់ជាតិ»។
 
អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចរូបនេះ បានលើកឡើងថា​ កត្តាមួយចំនួន ដែលធ្វើឱ្យវិស័យបរធនបាលកិច្ចរីកចម្រើន គឺដោយសារស្ថានភាពកម្ពុជាទាំងមូលមានសន្តិភាព និងកត្តាគុណប្រយោជន៍របស់ទីផ្សារ ជាពិសេសវិនិយោគិន ដែលបរធនបាលកិច្ច បានផ្ដល់ជម្រើសបន្ថែមពីយន្តការដែលមានស្រាប់។ 
 
លោកបន្តថា នៅពេលដែលវិនិយោគិនមានទ្រព្យសម្បត្តិ ហើយចង់បានផលប្រយោជន៍នោះ ពួកគេអាចជ្រើសរើសការវិនិយោគដោយផ្ទាល់ ឬប្រយោល តាមរយៈអ្នកគ្រប់គ្រងចាត់ចែងជំនួស។ ត្រង់ចំណុចនេះ វិនិយោគិន បានមើលឃើញយន្តការបរធនបាលកិច្ចនេះ គឺអាចឱ្យពួកគេវិនិយោគដោយប្រយោលបាន ព្រោះវាជាយន្តការមួយធានាសុវត្ថិភាព និងការពារហានិភ័យលើទ្រព្យសម្បត្តិរបស់ពួកគេ។
 
បើតាមលោក សុខ ដារ៉ា វិនិយោគគិនបរទេស មានសន្ទុះខ្លាំងទៅលើវិស័យអចលនទ្រព្យ។ លោកបញ្ជាក់ថា ក្នុងចំណោម ៥១២ករណី ដែលបានចុះបញ្ជីនេះ មាន៤៩៥ករណី ជាបរធនបាលកិច្ចពាណិជ្ជកម្ម ដែលបានបង្កើតឡើង ដើម្បីស្វែងរកប្រាក់ចំណេញ។ ក្នុង ៤៩៥ករណីនេះ ភាគច្រើនជាបរធនបាលកិច្ចអចលនវត្ថុ ដែលមានប្រមាណ ៨០ភាគរយ កំពុងប្រើប្រាស់យន្តការបរធនបាលកិច្ចនេះ។
 
បរធនបាលកិច្ច បានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមាន បង្កើត និងបង្កើន ដើម្បីទាក់ទាញទំនុកចិត្តពីវិនិយោគិន ឱ្យមកវិនិយោគនៅកម្ពុជា។ ការតាមដានអនុលោមភាពតាមច្បាប់ ក៏ដូចជាហានិភ័យប្រតិបត្តិការ ក្នុងលំហូរមូលធនពីវិស័យពាក់ព័ន្ធនានា ក្នុងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម។ យន្តការបរធនបាលកិច្ចនេះ មានលក្ខណៈទន់ភ្លន់ បត់បែន មានប្រសិទ្ធភាព ក្នុងការអនុវត្ត ដែលអាចអនុញ្ញាតឱ្យវិនិយោគិនបរទេស ជ្រើសរើសប្រកបដោយមានទំនុកចិត្ត។ នេះបើតាមលោក សុខ ដារ៉ា ។
 
លោក សុខ ដារ៉ា បញ្ជាក់ថា៖« វិនិយោគិនមិនមែនវិនិយោគផ្ទាល់ តែអាចវិនិយោគដោយប្រយោល គ្រាន់តែជ្រើសរើសបរធនបាលដែលមានគុណអាវុធ និងមានជំនាញ ចំណេះដឹង និងបទពិសោធច្បាស់លាស់ ធ្វើការវិនិយោគចាត់ចែងទ្រព្យសម្បត្តិរបស់ពួកគេ។ វិនិយោគិនបរទេស អាចទទួលផលពីទ្រព្យសម្បត្តិដោយមិនផ្ទាល់របស់គាត់ ដោយធានាត្រឹមត្រូវតាមច្បាប់ ជាពិសេសមានអ្នកចាំមើល និងត្រួតពិនិត្យពីអ្នកបរធនបាលកិច្ច»។ 
 
លោកបន្តថា បរធនបាលកិច្ច ក៏បានចូលរួមផ្នែកសង្គម ដូចជា មូលនិធិគន្ធបុប្ផា ,បរធនបាលកិច្ចសាធារណៈ ដែលរួមចំណែកលើកកម្ពស់កិត្យានុភាពអភិវឌ្ឍត្រឹមត្រូវតាមច្បាប់ និងមូលនិធិសង្គមមួយចំនួនទៀតផងដែរ។ 
 
សូមជម្រាបថា បរធនបាលកិច្ច ជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែងទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន៕
 
 

Tag:
 សេដ្ឋកិច្ច
  ទំហំបរធនបាលកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com