ជាតិ
មន្ត្រីជាន់ខ្ពស់ MRC បង្ហាញពីស្ថានភាពប្រឈមដ៏គួរឱ្យព្រួយបារម្ភ​៥ចំណុចនៅ​ទន្លេមេគង្គ
05, Apr 2023 , 8:59 pm        
រូបភាព
ដោយ: រួបរួម
បណ្ឌិត អានុល័ក គិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ (MRC) ក្នុង​សុន្ទរកថាលើកទីពីររបស់ខ្លួនស្តីពីស្ថានភាពទន្លេមេគង្គ កាលពីថ្ងៃទី​៤ ខែ​មេសា បាន​លើកឡើង​ពី​ការប្រឈមរបស់ទន្លេមេគង្គដែលមាននិន្នាការ «ដ៏គួរឱ្យព្រួយបារម្ភ»។

 
ពីទីក្រុង​វៀងចន្ទន៍ ប្រទេសឡាវ លោក គិធិឃួន បាន​ផ្តោតលើ​ទិដ្ឋភាព​សំខាន់ចំនួន​៥ជុំវិញ​បញ្ហា​ទន្លេមេគង្គ ដែល​ក្នុងនោះរួមមាន របបរំហូរទឹក កំណកកករ ការជ្រៀតចូលរបស់ទឹកប្រៃ ការបំពុលដោយប្លាស្ទីក និងទឹកជំនន់ និងគ្រោះរាំងស្ងួតដោយសារការប្រែប្រួលអាកាសធាតុ។ 
 


ដូចគ្នា​ផងដែរ កាលពី​ឆ្នាំមុន នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC រូបនេះ បានព្រមានពីគ្រោះហានិភ័យដែលរំហូរទឹកទាបរយៈពេលបួនឆ្នាំជាប់ៗគ្នា បានបង្កើតឲ្យមាន «បញ្ហាប្រឈមដែលមិនធ្លាប់កើតមានពីមុនមក» សម្រាប់ទន្លេ និងក្រុមគ្រួសារអ្នកនេសាទ និងកសិករដែលងាយរងគ្រោះ ដែលពឹងអាស្រ័យលើទន្លេនេះ។ 
 
«តើខ្ញុំមានដំណឹងល្អដែរឬទេ នៅឆ្នាំនេះ? ចម្លើយគឺមាន និង គ្មាន» បណ្ឌិត គិធិឃួន បានប្រាប់ដល់មន្ត្រីជំនាញ អ្នកការទូត និងនិស្សិតមកពីបណ្តាលសាកលវិទ្យាល័យប្រចាំតំបន់ទន្លេមេគង្គរាប់រយនាក់ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ និងសន្និសីទអន្តរជាតិលើកទី៤។ 
 
លោក​កត់​សម្គាល់​ថា នៅឆ្នាំ២០២២ គ្រោះរាំងស្ងួតបានថយចុះ ហើយបរិមាណភ្លៀងធ្លាក់ច្រើនជាងមុន ក៏ប៉ុន្តែស្ថានភាពបរិស្ថាន នៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន។ លោក​បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុងការរាយការណ៍ពី​ស្ថានភាពជាក់ស្តែង ដែល​កើត​ឡើង​លើ​ទន្លេមេគង្គ។
 
ស្របពេលជាមួយ​គ្នា នាយកប្រតិបត្តិលេខាធិការដ្ឋាន MRC ជំរុញឱ្យគ្រប់ភាគីនៃស្ថាប័ន​អន្តររដ្ឋាភិបាល ដែលមានសមាជិកពី​កម្ពុជា ឡាវ ថៃ និង​វៀតណាម ខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បីដោះស្រាយ​បញ្ហា​ដែល​គួរឱ្យ​ព្រួយបារម្ភលើ​ទន្លេដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍មួយនេះ។
 
ទាក់ទង​នឹង «របបរំហូរទឹក» យោងតាមការតាមដានរបស់គណៈកម្មការទន្លេមេគង្គ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គេបានសង្គេតឃើញថា រំហូរទឹកនារដូវប្រាំងមានកម្រិតខ្ពស់ជាងមុន ប៉ុន្តែវាមានកម្រិតទាបជាងនៅរដូវទឹកវស្សា។ ស្ថានភាពនេះ បានបង្ហាញ​ច្បាស់​បំផុត​នៅ​បឹង​ទន្លេសាប ដែល​ជា​បឹង​ដ៏ធំជាងគេបំផុត និងមាន​ផលិតភាពខ្ពស់បំផុត​នៅក្នុង​តំបន់ ដែល​ត្រូវ​បានគេ​ពណ៌នា​ថា​ជា «ចង្វាក់បេះដូង​នៃ​ទន្លេ​មេគង្គ»។ កាលពីខែធ្នូឆ្នាំមុន រំហូរទឹកចេញពីបឹងទន្លេសាប ទៅក្នុងទន្លេមេគង្គ មានបរិមាណត្រឹមតែពាក់កណ្តាលនៃកម្រិតរំហូរកាលពីឆ្នាំ១៩៩៥ ប៉ុណ្ណោះ។ លោក គិធិឃួន បានសង្កត់ធ្ងន់ថា «ខ្ញុំសូមនិយាយម្តងទៀតថា វាមានត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ»។
 
សម្រាប់ «កំណកល្បាប់» វិញ លោក​បាន​លើកឡើងថា «ទន្លេ​មេគង្គ​មិន​អាច​បន្ត​បាត់​បង់​ដី​ល្បាប់​ទៀត​ទេ បើ​មិន​ដូច្នេះ​ទេ វា​នឹង​លែង​ក្លាយ​ជា​ទន្លេ​មេគង្គទៀតហើយ»។ បញ្ហា​គឺ​ត្រង់ថា ការបង្អាក់កករនៅផ្នែកខាងលើទន្លេ និងការបូមយកខ្សាច់ បានធ្វើឱ្យបរិមាណកំណកល្បាប់នៅតាមផ្នែកខ្លះៗ ធ្លាក់ចុះយ៉ាងច្រើន គឺចាប់ពីកម្រិត៦០ភាគរយ និង៩០ភាគរយ ដែលអាចប៉ះពាល់ដល់ផលិតភាពតំបន់លិចទឹក និងស្ថិរភាពច្រាំងទន្លេ។ 
 
«ការកើនឡើងសារធាតុជាតិប្រៃ» គឺជាក្តីកង្វល់មួយទៀត ដោយផ្នែកខ្លះនៃតំបន់ដីសណ្ដទន្លេមេគង្គមានកម្ពស់ត្រឹមតែពីរម៉ែត្រ ពីលើកំពស់ទឹកសមុទ្រ។ កំហាប់ជាតិប្រៃលើសពី ១ក្រាម/លីត្រ ផ្តល់ផលវិបាកជាច្រើនលើប្រព័ន្ធធារាសាស្រ្ត។ បច្ចុប្បន្ននេះ គណៈកម្មការទន្លេមេគង្គ វាស់ឃើញមានកំហាប់ជាតិប្រៃ ៤ដង នោះគឺ ៤ក្រាម/លីត្រ លើផ្ទៃដីទំហំ១៣៨ គីឡូម៉ែត្រការ៉េបន្ថែមទៀត ជារៀងរាល់ឆ្នាំ។ បណ្ឌិត គិធិឃួន លើកឡើងថា ស្ថានភាពបែប​នេះ ​អាច​ធ្វើ​ឲ្យ​ខូចដំណាំស្រូវ «ដែលអាចធ្វើឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​ការ​នាំ​ចេញ»។
 
ចំពោះ «ការបំពុលដោយប្លាស្ទីក» ទន្លេមេគង្គ ត្រូវបានគេប៉ាន់ស្មានរួចមកហើយថាបរិមាណសំណល់ប្លាស្ទីកដ៏ច្រើនបំផុតលំដាប់ទី១០ គឺចន្លោះពី១៧.៤ ទៅ១០១ តោនក្នុងមួយថ្ងៃបានហូរចាក់ចូលទៅក្នុងមហាសមុទ្រនានា ក្នុងពិភពលលោក ។ បើតាម លោក គិធិឃួន កាកសំណល់ទាំងនេះ មានទំហំប៉ុនត្រីបាឡែនដ៏ធំ ដែលត្រូវបានគេបោះចោលទៅក្នុងមហាសមុទ្រជារៀងរាល់ថ្ងៃ។ លោកថា មីក្រូប្លាស្ទីកទាំងនេះ​ អាក្រក់ដូចឧក្រិដ្ឋជនព្រោះវាល្អិតពេក ពិបាកនឹងមើលមិនឃើញ។ ត្រី អាចស៊ីប្លាស្ទីកទាំងនេះ ដែលអាចបំពុលដល់សង្វាក់ម្ហូបអាហាររបស់មនុស្ស។
 
កត្តាមួយទៀតដែល​ធ្វើឱ្យអ្នកជំនាញព្រួយបារម្ភនោះ គឺ​«ការប្រែប្រួលអាកាសធាតុ» ដែលបានធ្វើឱ្យគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរឡើង។ ទោះបីជាយ៉ាង​ណាក៏ដោយ គុណភាពទឹកតាមដងទន្លេមេគង្គ ត្រូវបាន​វាយតម្លៃថា នៅតែមានសភាព «ល្អ» ឬ «ល្អឥតខ្ចោះ» នៅតាមតំបន់ភាគច្រើន។ កំណើនសេដ្ឋកិច្ច-សង្គម និងកម្រិតជីវភាពបានកើនឡើងនៅទូទាំងតំបន់ ជាពិសេសមុនពេលមានការរាតត្បាតនៃជំងឺកូវីដ-១៩។ 
 
នាយកប្រតិបត្តិនៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានអំពាវនាវឱ្យមានវិធានការបន្ទាន់ ដោយ​លោកបានលើកឡើងថា៖ «យើងមិនគួរចាក់ប្រេងទៅលើភ្លើងទេ។ យើង​អំពាវនាវ​ឲ្យប្រទេស​តាមដងទន្លេមេគង្គ ដៃគូ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ធ្វើ​សកម្មភាព។ ក៏ប៉ុន្តែ​ វិធី​ដែល​យើង​ជ្រើសរើស​អនុវត្ត និង​វិធី​ដែល​មិត្ត​របស់​យើង​ទាំងក្នុងនិងក្រៅ​តំបន់អនុវត្ត នឹង​កំណត់​ជោគវាសនា​របស់ទន្លេមេគង្គ ក៏ដូចជាជោគវាសនារបស់យើង​ទាំងអស់គ្នាដែរ»៕
 
 
 

Tag:
 មេគង្គ
  MRC
© រក្សាសិទ្ធិដោយ thmeythmey.com