ជាតិ
សេដ្ឋកិច្ច
World Bank ផ្ដល់ឥណទានសម្បទាន៤០លានដុល្លារ សម្រាប់ជួសជុលថែទាំកំណាត់ផ្លូវ៣ខ្សែនៅក្រចេះ
05, Apr 2023 , 9:59 pm        
រូបភាព
ដោយ:
កំណាត់ផ្លូវ ៣ខ្សែ ដែលមានប្រវែងជាង ៩៨គីឡូម៉ែត្រ នៅខេត្តក្រចេះ ត្រូវបានប្រកាសបើកការដ្ឋាន លើកកម្រិតគុណភាព និងជួសជុលថែទាំ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ ផ្លូវទាំងនោះ គ្រោងចំណាយពេលសាងសង់ ១៨ខែ ក្រោមឥណទានសម្បទានរបស់ ធនាគារពិភពលោក(World Bank) ក្នុងទំហំទឹកប្រាក់ប្រមាណ ៤០លានដុល្លារ។

 
ការលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវទាំង៣ខ្សែនេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទ្រុឌទ្រោម និងខូចខាតរបស់ខ្សែផ្លូវ ដែលមានការប្រឈមនឹងគ្រោះទឹកជំនន់ នៅរៀងរាល់រដូវវស្សា។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋាន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។
 
លោក ស៊ុន ចាន់ថុល បានលើកឡើងថា ចំពោះកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែងជិត ៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ ព្រំប្រទល់ខេត្តក្រចេះ។ កំណាត់ផ្លូវនេះ នឹងត្រូវស្តារពង្រីកទទឹង ១០-១៣ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង១៥,៧-១៦ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន) ព្រមទាំងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC ។
 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីបើកការដ្ឋាននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 
ចំណែកផ្លូវខេត្ត លេខ៣៧៧ និង៣៧៧A មានប្រវែងជិត ៤៩ គីឡូម៉ែត្រ នឹងត្រូវស្តារពង្រីក ទទឹងចាប់ពី ៧-១១ម៉ែត្រ មាន២គន្លងទៅមក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ព្រមទាំងការសាងសង់ស្ពានថ្មីចំនួន ៩កន្លែង។ 
 
ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្តក្រចេះ ចាប់ពីរង្វង់មូលព្រាបស ឆ្ពោះទៅកាន់តំបន់ទេសចរណ៍ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ១០០ និងតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។ លោក ស៊ុន ចាន់ថុល បញ្ជាក់ដូច្នេះ ហើយបានបន្ថែមថា៖«កំណាត់ផ្លូវទាំង៣ខ្សែនេះ ជាខ្សែផ្លូវសេដ្ឋកិច្ចដ៏មានសារសំខាន់ ដែលបានតភ្ជាប់ជាមួយបណ្តាញផ្លូវជាតិសំខាន់ផ្សេងៗ ឆ្ពោះទៅកាន់រាជធានី និងខេត្តភាគឦសាន និងទៅកាន់ទីប្រជុំជន តំបន់សេដ្ឋកិច្ច និងតំបន់ព្រំដែន»។ 
 
បើតាមលោក ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture, ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd ដែលរយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា។ ផ្លូវនេះ ចំណាយថវិកាសាងសង់ ប្រមាណ ៤០លានដុល្លារអាម៉េរិក ក្រោមឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗទៀតផងដែរ៕
 

កំណាត់ផ្លូវ ដែលត្រូវលើកកម្រិតគុណភាព និងជួសជុលថែទាំ នៅខេត្តក្រចេះ។ រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
 
 


Tag:
 ឥណទានសម្បទាន
  ធនាគារពិភពលោក
  World Bank
  ជួសជុលផ្លូវ
  ហេដ្ឋារចនាសម្ព័ន្ធ
  ក្រចេះ
© រក្សាសិទ្ធិដោយ thmeythmey.com