ជាតិ
ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគដំណាំម៉ាកាដាមៀ តែរដ្ឋមន្រ្តីកសិកម្ម ជំរុញឱ្យវិនិយោគលើស្វាយចន្ទីវិញ
06, Apr 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េ Booyoung Co.,Ltd. បានបង្ហាញចំណាប់អាម្មណ៍លើការវិនិយោគដំណាំម៉ាកាដាមៀ (Macadamia) នៅកម្ពុជា ប៉ុន្តែ ត្រូវបានលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យក្រុមហ៊ុន វិនិយោគលើដំណាំស្វាយចន្ទីវិញ ដើម្បីរុញកម្ពុជាឱ្យក្លាយជាអធិរាជស្វាយចន្ទី នាពេលអនាគត។



ក្នុងកិច្ចពិភាក្សាការងារជាមួយ លោក Park Heung-Kyeong ទីប្រឹក្សាក្រុមហ៊ុន BooyoungCo.,Ltd. នៅទីស្ដីការក្រសួងកសិកម្ម លោក ឌិតទីណា បានលើកឡើងថា លោកគាំទ្រឱ្យមានការដាំដុះគ្រាប់ ម៉ាកាដាមៀ នៅកម្ពុជាសម្រាប់នាំចេញទៅកូរ៉េ។ យ៉ាងណា លោក ណែនាំក្រុមហ៊ុនពិចារណាឡើងវិញ ចំពោះគម្រោងវិនិយោគលើដំណាំប្រភេទនេះដោយសារវាត្រូវប្រើពេលយូររហូតដល់១០ឆ្នាំ ទើបបានផល។ ម៉ាកាដាមៀ ជាដំណាំឧស្សហកម្មដែលអាចច្នៃជាទឹកដោះគោ នំ ឱសថ និងសូកូឡា ជាដើម។ 
 
លោក ឌិត ទីណា ចង់ឱ្យក្រុមហ៊ុន Booyoung Co.,Ltd. ងាកមកវិនិយោគលើដំណាំដែលមានស្រាប់ដូចជាស្វាយចន្ទីវិញដើម្បីជួយឱ្យកម្ពុជាសម្រចគោលដៅក្លាយជាប្រទេសនាំចេញស្វាយចន្ទីច្រើនជាងគេលើពិភពលោកឬហៅថា អធិរាជស្វាយចន្ទី នាពេលអនាគត។  ការងារនេះនឹងជួយក្រុមហ៊ុនទទួលបានជោគជ័យឆាប់រហ័ស ជាពិសេស បានចូលរួមជួយអភិរក្សបរិស្ថាន ជួយដល់CO2 និង Eco-Friendly ដោយមិនមានការកាប់ព្រៃ ក្រោមហេតុផលកសិកម្ម។
  

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្នុងកិច្ចពិភាក្សាការងារជាមួយ ភាគីក្រុមហ៊ុន Booyoung Co.,Ltd
 
ករណីនេះ រដ្ឋមន្រ្តី បានស្នើឱ្យភាគីកូរ៉េពិនិត្យលទ្ធភាពសង់រោងចក្រកែច្នៃ និងឃ្លាំងស្តុកធំៗដែលអាចជួយដល់ក្រុមហ៊ុនតូចៗ និងរដ្ឋ។ ដើម្បីជំរុញឱ្យការងារនេះជោគជ័យ ក្រសួងកសិកម្ម
ប្រកាសគាំទ្របច្ចេកទេស ព្រមទាំងសម្របសម្រួលលើដំណើរការនៃការនាំចេញស្វាយចន្ទីដល់ក្រុមហ៊ុន។ 
 
លោក ឌិត ទីណា បន្ថែមថា ក្រសួងនៅតែលើកទឹកចិត្តក្រុមហ៊ុនឱ្យពិចារណាលើការវិនិយោគស្វាយចន្ទីនៅកម្ពុជា។ប្រសិនបើ ក្រុមហ៊ុននៅតែចង់វិនិយោគលើដំណាំ ម៉ាកាដាមៀទៀតនោះ
ក្រុមហ៊ុនគួរតែពិចារណាលើជម្រើស២ គឺទី១ ទិញដីសម្រាប់ក្រុមហ៊ុនអនុវត្តគម្រោង និងទី២ធ្វើកិច្ចសហការជាមួយដៃគូអភិវឌ្ឍដែលមានដីស្រាប់។ 
 
គួរជម្រាបថា នៅពិធីបុណ្យទន្លេលើកទី៧ ដែលរៀបចំឡើង នៅខេត្តកំពង់ធំកាលពីថ្ងៃទី៩ ខែមីនា សម្ដេច ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា នឹងក្លាយជាប្រទេសដែលនាំមុខគេ ក្នុងការនាំចេញ និងផ្តត់ផ្គង់ស្វាយចន្ទី ទៅកាន់ទីផ្សារពិភពលោក។ សម្ដេច ថ្លែងដូច្នេះថា៖«ខ្ញុំ កំពុងស្រមើស្រមៃថា ប្រទេសរបស់យើង នឹងក្លាយទៅជាប្រទេស ដែលផលិតស្វាយចន្ទីច្រើនបំផុតលើពិភពលោក»។ 
 
រយៈពេល១២ខែ ឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តរជាតិ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១,០៧៧លានដុល្លារ ថយចុះ ៣៤,៦៥ភាគរយធៀបនឹងឆ្នាំ ២០២១។ ដោយឡែក កម្ពុជា នាំចន្ទីទៅវៀតណាមចំនួន ៦៤ម៉ឺនតោន ដោយថយចុះ៣៧ភាគរយ៕ 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  ម៉ាកាដាមៀ
© រក្សាសិទ្ធិដោយ thmeythmey.com