កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មានក្រុមបាល់ទាត់នារីចូលរួមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ
06, Apr 2023 , 8:59 am        
រូបភាព
ក្រុមជម្រើសជាតិបាល់ទាត់នារី ហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមប្រកួតស៊ីហ្គេម នៅកម្ពុជា រូបពី FFC
ក្រុមជម្រើសជាតិបាល់ទាត់នារី ហ្វឹកហាត់នៅប្រទេសចិន ដើម្បីត្រៀមប្រកួតស៊ីហ្គេម នៅកម្ពុជា រូបពី FFC
ការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា មានក្រុមបាល់ទាត់វិញ្ញាសានារីចូលរួមប្រកួតច្រើនបំផុតមិនធ្លាប់មានសរុប ៨ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា, វៀតណាម, ថៃ, ហ្វីលីពីន, មីយ៉ាន់ម៉ា, សិង្ហបុរី, ​ឡាវ, និងមីយ៉ាន់ម៉ា។ ក្រុមបាល់ទាត់នារីកម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយក្រុម ថៃ, សិង្ហបុរី និងឡាវ ខណៈពូល A មានវៀតណាម, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ប៉ុន្តែឥណ្ឌូណេស៊ីបានដកខ្លួនចេញវិញ ដែលធ្វើឱ្យពូល A នេះសល់តែ៤ក្រុមដូចពូល B។


ព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជា មាន៨ក្រុមចូលរួម ដែលជាចំនួនច្រើនជាង ការប្រកួតស៊ីហ្គេមណាៗទាំងអស់។ ការប្រកួតស៊ីហ្គេម លើកទី៣១ នៅវៀតណាម មាន៧ក្រុមចូលរួមប្រកួត ចំណែក ស៊ីហ្គេមលើកទី៣០ នៅហ្វីលីពីន មាន៦ក្រុម និងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី មាន៥ក្រុមចូលរួម។
 
ការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ម្ចាស់ផ្ទះ ឈ្នះមេដាយមាស ចំណែកមេដាយប្រាក់ បានទៅលើក្រុមនារីថៃ និងមេដាយសំរិទ្ធ បានទៅលើក្រុមហ្វីលីពីន។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ក្រុមនារីវៀតណាម ឈ្នះមេដាយច្រើនជាងគេ គឺសរុប១០ មាស៧ ប្រាក់២ និងសំរិទ្ធ១  ហើយតាមពីក្រោយដោយក្រុមថៃ មេដាយសរុប ១២ ក្នុងនោះមាស៥ ប្រាក់៥ និងសំរិទ្ធ២។
 
វិញ្ញាសាកីឡាបាល់ទាត់ផ្នែកនារី ត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍លើកដំបូងក្នុងឆ្នាំ២០០១ ដោយមានក្រុមចូលរួមប្រកួតប្រជែងចំនួនប្រទេស រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។
 
កម្ពុជា បានត្រៀមកីឡដ្ឋានចំនួន ២សម្រាប់ប្រកួតវិញ្ញាសានារី គឺ កីឡដ្ឋាន Smart RSN និងកីឡដ្ឋានស្ដាតចាស់។ កីឡដ្ឋាន Smart RSN អាចផ្ទុកអ្នកគាំទ្របានចំនួន ៥០០០នាក់ ខណៈ កីឡដ្ឋានស្ដាតចាស់ ៨០០០នាក់។ ការប្រកួតស៊ីហ្គេម លើកទី៣២ នឹងត្រូវចាប់បើកជាផ្លូវការថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៕
 
 

Tag:
 បាល់ទាត់
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com