ជាតិ
សង្គមជាតិ
រដ្ឋាភិបាលកម្ពុជា បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន
05, Apr 2023 , 6:09 pm        
រូបភាព
លោក ដូមីនិក វីលាម និងសម្តេច ស ខេង
លោក ដូមីនិក វីលាម និងសម្តេច ស ខេង
ក្នុងជំនួបជាមួយលោក ដូមីនិក វីលាម (Dominic William) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេស ការជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន។ ខ្លឹមសារនៃជំនួបនេះ ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេចរដ្ឋមន្រ្តី។

 
សម្តេច ស ខេង ជម្រាបលោកឯកអគ្គរាជទូតអង់គ្លេសថា ការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗទៀត គឺជាបញ្ហាស្មុគស្មាញ។ យ៉ាងណា សម្តេច អះអាងថា កម្ពុជា ត្រូវតែបន្តប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។ ជាមួយគ្ននេះ សម្តេច ស្នើឲ្យអង់គ្លេស ចែករំលែកបទពិសោធក្នុងការពង្រឹងសមត្ថភាពកងកម្លាំងអនុវត្តច្បាប់របស់កម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
 
រដ្ឋមន្រ្តីមហាផ្ទៃ សង្កត់ធ្ងន់ដូច្នេះថា៖«ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសប្រឆាំងការជួញដូរមនុស្ស កម្ពុជាតែឯង មិនអាចធ្វើបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសាកលលោក ដើម្បីរួមសហការគ្នាស្រាវជ្រាវ និងផ្តន្ទាទោសដល់អ្នកពាក់ព័ន្ធ ក៏ដូចជាមេខ្លោង ក្នុងបទល្មើសទាំងនេះ ដែលមានវត្តមានក្នុងប្រទេសរបស់ខ្លួន»។
 
លោកឯកអគ្គរាជទូត បានសរសើរចំពោះការប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ ដែលធ្វើឲ្យអង្គការហ្វាត (Fatf) ដកកម្ពុជាចេញពីបញ្ជីប្រផេះនៃប្រទេសមានហានិភ័យក្នុងការសម្អាតប្រាក់កខ្វក់។ លោក ថែមទាំងសម្ដែងក្តីសេចក្ដីរីករាយ ដែលអង់គ្លេស បានចូលរួមជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការជួញដូរមនុស្ស៕  
 

Tag:
 កម្ពុជា-អង់គ្លេស
  ឧក្រិដ្ឋកម្មឆ្លងដែន
© រក្សាសិទ្ធិដោយ thmeythmey.com