ជាតិ
អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ សហការជាមួយវិទ្យាស្ថាន សាន់រ៉ាយស៍ ដើម្បីផ្សារភ្ជាប់ការសិក្សា និងការងារជាក់ស្ដែង
05, Apr 2023 , 8:05 pm        
រូបភាព
រាជធានីភ្នំពេញ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ - គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងផ្សារភ្ជាប់ចំណេះ ជំនាញនិស្សិតដែលបានបញ្ចប់ការសិក្សាថ្មីៗជាមួយនឹងការអនុវត្តការងារជាក់ស្តែងស្របតាមជំនាញរបស់ពួកគេ និងតម្រូវការទីផ្សារការងារក្នុងស្ថាប័នហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងដោយមានការចូលរួមដោយលោក លោក គា បូរាណ ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងលោក រ៉េន ផារី នាយកចាត់ការទូទៅនៃវិទ្យាស្ថានសាន់រ៉ាយស៍ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

តាមរយៈកិច្ចសហការនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ នឹងផ្ដល់ឱកាសដល់សិស្សានុសិស្សនៃវិទ្យាស្ថាន សាន់រ៉ាយស៍ មកហាត់ការនៅក្នុងគ្រឹះស្ថាន ក៏ដូចជារៀនសូត្រពីដំណើរការនៅក្នុងស្ថាប័នហិរញ្ញវត្ថុក្នុងពេលបច្ចុប្បន្ន និងជាបទពិសោធន៍សម្រាប់អាជីពការងាររបស់ពួកគេទៅថ្ងៃអនាគត។ ក្រៅពីនោះ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ ក៏នឹងសហការគ្នាក្នុងការធ្វើឲ្យប្រសើរឡើងនូវជំនាញរបស់បុគ្គលិកកឲ្យស្របទៅតាម គម្រោងមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ដែលគាំទ្រដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយស្ថាប័នដទៃទៀតជាច្រើន។
  


គួរបញ្ជាក់ផងដែរថា វិទ្យាស្ថាន សាន់រ៉ាយស៍ ជាវិទ្យាស្ថានតែមួយគត់នៅកម្ពុជា ដែលទទួលបាននូវសិទ្ធិក្នុងការបង្រៀនជំនាញផ្នែក ណិតវើក (Network Engineer) ពីក្រុមហ៊ុន សីសស្គូ (Cisco) សហរដ្ឋអាមេរិក និងផ្តល់សិទ្ធិក្នុងការទទួលត្រួតពិនិត្យការប្រលងសញ្ញាប័ត្រ គ្រប់ជំនាញ ផ្នែកព័ត៌មាន IT ។
 
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែប ដល់អតិថិជនគ្រប់រូប និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។ បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច។
 








(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com