កីឡាជាតិ
ជាតិ
បាល់ទះ៖ កម្ពុជា វាយបកយកឈ្នះចិន ក្នុងលទ្ធផល ៣-១ នាជំនួបមិត្តភាពជើងទី១
05, Apr 2023 , 9:49 pm        
រូបភាព
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម)។ រូបCapture ពី VFC
ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងក្រុមកម្ពុជា(ស) និងចិន(ក្រហម)។ រូបCapture ពី VFC
ដោយ:
ក្រុមបាល់ទះបុរសក្នុងសាលជម្រើសជាតិកម្ពុជា បានវាយបកយកឈ្នះភ្ញៀវចិន (ក្លិបបាល់ទះខេត្តសានទុង) ដោយលទ្ធផល ៣-១សិត ក្នុងការប្រកួតមិត្តភាពអន្តរជាតិជើងទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ នាទីលានបាល់ទះក្នុងសាល ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

 
នៅសិតទី១ ក្រុមបាល់ទះភ្ញៀវចិន បាននាំមុខម្ចាស់ផ្ទះកម្ពុជា ក្នុងលទ្ធផលពិន្ទុប្រដេញគ្នា ២៥-២១។ យ៉ាងណាកម្ពុជា បានវាយបកមកវិញនៅក្នុងសិតទី២ ដែលបញ្ចប់ដោយពិន្ទុដាច់ឆ្ងាយ ២៥-១៥ និងនៅសិតទី៣ ម្ចាស់ផ្ទះបន្ថែមជ័យជំនះសម្រាប់ក្រុមដោយបញ្ចប់ក្នុងលទ្ធផលពិន្ទុ ដាច់គ្នាឆ្ងាយ ២៥-១៧។
 
ការកាត់សេចក្តីនៅសិតទី៤ ជាស្ថានការណ៍ដ៏តានតឹងរវាងក្រុមទាំងពីរ ពោលម្ចាស់ផ្ទះកម្ពុជា នៅតែបន្តរក្សាភាពខ្លាំងដោយបានយកឈ្នះភ្ញៀវចិន ក្នុងលទ្ធផលពិន្ទុ ២៥-១៩ ដែលរួមមានការឆែក និងពិនិត្យយ៉ាងល្អិតល្អន់ជាមួយប្រព័ន្ធវិដេអូជំនួយ(VAR)។
 
ការប្រកួតមិត្តអន្តរជាតិនេះដែរសហព័ន្ធបានបំពាក់នូវប្រព័ន្ធវិដេអូកាម៉េរាជំនួយផងដែរ ដែលបង្ហាញពីតម្លាភាពសុក្រឹត ត្រឹមត្រូវ និងយុត្តិធម៌ ហើយក៏ជាលទ្ធផលមួយដែលឈានទៅរកភាពជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេម នៅខែឧសភា នាពេលខាងមុខផងដែរ។
 
គួបញ្ជាក់ថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមបាល់ទះជម្រើសជាតិកម្ពុជា និងភ្ញៀវចិន(ក្លិបបាល់ទះខេត្តសានទុង) ជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕
 
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
 ចិន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com