ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ចេញសារហាមប្រៀបធៀបរវាងអ្នកមាន និងអ្នកក្រជាលើកទី២
06, Apr 2023 , 9:55 am        
រូបភាព
ក្រោយមកដល់ទឹកដីកម្ពុជាវិញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារជាលើកទី២ នាម៉ោងជាង១០យប់ ថ្ងៃទី៥ មេសា ដោយហាមមិនឱ្យវាគ្មិនអ្នកជំនួញ និងអ្នករកស៊ីជោគជ័យ យកអ្នកមាន និងអ្នកក្រ ទៅប្រៀបធៀបគ្នាទៀត។




សម្ដេច ហ៊ុន សែន ដែលជាប់ភារកិច្ចទៅប្រជុំនៅប្រទេសឡាវនោះ ទើបតែបានស្ដាប់ឮសារសំឡេងរបស់អ្នករកស៊ីជោគជ័យម្នាក់ ឈ្មោះ តាំង ហ្គេចលៀង ដែលបាននិយាយថា ខ្លួនមិនឈឺក្បាលចំពោះប្រជាជនប្រតិកម្មលើពាក្យសម្តីខ្លួន ដែលប្រៀបធៀបចំពោះគំនិតអ្នកមាន និងអ្នកក្រនោះទេ។ ក្នុងសារសំឡេង ដែលបានបែកធ្លាយនេះ អ្នកស្រី ហ្គេចលៀង បាននិយាយថា ប្រជាជនប្រតិកម្ម និងរិះគន់មកលើអ្នកស្រី សុទ្ធតែគីឡូស្រាល និងតូចទាប ដែលមិនអាចប្រៀបស្មើនឹងសមត្ថភាពខ្លួនឡើយ។
 
ដោយសារតែពាក្យសម្តីនេះហើយ ទើបសម្ដេច ហ៊ុន សែន ចាត់ទុកថា ជាការប្រមាថមកលើអ្នកក្រជាថ្មីម្ដងទៀត ដែលជាទង្វើខុសឆ្គង។ តាមរយៈសារសំឡេងពិសេស ជាង១១នាទី ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ថា ៖«លើកមុនគឺមានការជ្រួលច្របល់ម្ដងហើយ អំពីការប្រៀបធៀបរវាងអ្នកមាន និងអ្នកក្រ។ ពេលនោះអាចមានហេតុផលខ្លះ និងយោគយល់។ តែពេលនេះក្មួយស្រី (តាំង ហ្គេចលៀង) បែរជាប្រៀបធៀបប្រជាជនធម្មតា មានគីឡូទាប ដែលក្មួយស្រីគិតថា អ្នកគីឡូទាបនេះ គ្មានតម្លៃអ្វីសម្រាប់ក្មួយស្រី ។ វាគឺជាកំហុសគឺជាកំហុស»។
 
សម្ដេច ហ៊ុន សែន មិនអាចទទួលយកបាន ចំពោះការប្រើប្រាស់ពាក្យប្រៀបធៀបបែបនេះទេ ។ ប៉ុន្តែសម្ដេច យោគយល់ដោយសារឃើញបុគ្គលម្នាក់នេះ ចេញបកស្រាយសុំទោសតាមបណ្ដាញសង្គម ជាសាធារណៈចំពោះពាក្យសម្តីខុសឆ្គងរបស់ខ្លួន។
 
តែយ៉ាងណាលោកនាយករដ្ឋមន្រ្តី នៅតែពន្យល់ថា នៅក្នុងសង្គមកម្ពុជា មិនអាចប្រៀបធៀបគ្នារវាងអ្នកមាន និងអ្នកក្រ បានទេ ព្រោះវាបង្ហាញពីការបែងចែកវណ្ណៈ។ ម្យ៉ាងទៀត វាផ្ទុយពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការលុបបំបាត់ការបែងចែងវណ្ណៈ និងជួយឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពថ្លៃថ្នូរ ចៀសផុតពីការអត់ឃ្លាន ដោយសារភាពក្រីក្រ។

អត្ថបទទាក់ទង

 
ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ជាថ្មី ដោយហាមមិនឱ្យបកស្រាយប្រៀបធៀបរវាងអ្នកមាន និងអ្នកក្រ បែបបន្តុះបង្អាប់នៅក្នុងវេទិការសាធារណៈនានាទៀតទេ៕

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com