ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញឲ្យមានការប្រើផលិតផលខ្មែរ ដើម្បីបង្កើតការងារជូនពលរដ្ឋ
06, Apr 2023 , 11:19 am        
រូបភាព
រូបពី គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
រូបពី គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ
ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរប្រចាំឆ្នាំលើកទី៦ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៩ដល់១៣មេសា ក្នុងទឹកដីខេត្តស្វាយរៀង។ នាឱកាសនេះប្រមុខរដ្ឋាភិបាល​សម្តេច ហ៊ុន​ សែន បន្តជំរុញឱ្យមានការប្រើប្រាស់ផលិតផលខ្មែរកាន់តែច្រើន​ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ។

 
«រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» នេះគឺជាប្រធានបទនៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ​លើកទី៦ ក្នុងឆ្នាំ២០២៣។ សម្តេច ហ៊ុន សែន សាទរនឹងការរៀបចំទិវាជាតិនេះ ព្រមទាំងអំពាវនាវឱ្យក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម​ ​និងក្រសួង-ស្ថាប័ន និងរដ្ឋបាលមូលដ្ឋាន​ ត្រូវខំតខំជំរុញការផលិត ការកែច្នៃ​ ឱ្យអស់លទ្ធភាពនូវធនធានទាំងឡាយនៅតាមមូលដ្ឋាននីមួយៗ។
 
ក្នុងសារលិខិតនៃការអបអរសាទរ​ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៦ សម្តេច ហ៊ុន សែន ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវស្វែងរកទីផ្សារជូនផលិតករឱ្យបានទូលំទូលាយ ស្របតាមទស្សនាទានចលនាភូមិមួយ ផលិតផលមួយ។ សម្តេច​ យកព្រឹត្តិការណ៍នេះ​ក្លាយជាសំឡេងស្គរ ទូង ដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យខំផលិត និងប្រើប្រាស់ផលិតផលខ្មែរ ហើយអ្នកផលិតគ្រប់រូប ត្រូវខិតខំកែលម្អគុណភាពផលិតផលរបស់ខ្លួន ដើម្បីបង្កើនតម្លៃបន្ថែមឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងក្រៅប្រទេស។  
 
នាឱកាសដដែលនេះ​ ប្រមុខរដ្ឋាភិបាល​ ណែនាំដល់ក្រសួង-សា្ថប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ជំរុញ និងបំផុសតាមមូលដ្ឋានឱ្យមានការកែច្នៃផលិតផលនានា ដែលមានលក្ខណៈស្របតាមភូមិឋាន ​ជាពិសេសស្រូបយកនូវផលិតផលកសិកម្ម កែច្នៃជាអាហារ ឬរបស់ប្រើប្រាស់ផ្សេងៗសម្រាប់ទីផ្សារក្នុងនិងក្រៅប្រទេស។ ក្រៅពីនេះ អាជ្ញាធរបាក់ព័ន្ធ ត្រូវចងក្រងបណ្តាញសមាជិកចលនាភូមិមួយផលិតផលមួយឱ្យបានទូលំទូលាយ និងកៀរគរដៃគូនានា សហការរៀបចំឱ្យមានព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្កានុពលទូទាំងប្រទេស។ 
 
ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន​ បានអំពាវនាវឱ្យពលរដ្ឋកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឱ្យបានច្រើន ក្រោមស្មារតីរួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ។ ដោយឡែក ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផលខ្មែរឱ្យកាន់តែសម្បូរបែប និងមានឧត្តមភាពទីផ្សារ៕ 
 

Tag:
 ផលិតផលខ្មែរ
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com