ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ជំរុញឲ្យប្រើផ្លូវច្បាប់លើអ្នកញុះញង់មិនឲ្យពលរដ្ឋសងបំណុលធនាគារ
08, Apr 2023 , 8:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបជុំ អាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី៨មេសា។
សម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីជួបជុំ អាចារ្យ និងអាចារិនី នាព្រឹកថ្ងៃទី៨មេសា។
ប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន ជំរុញឱ្យ​ស្ថាប័ន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ ប្រើចំណាត់ការតាមផ្លូវច្បាប់ លើអ្នកដែលញុះញង់ និងឃោសនា មិនឱ្យពលរដ្ឋសងបំណុលត្រឡប់មកវិញ។ ​សម្តេចបានបញ្ជាក់ឡើងវិញ នៅ​ក្នុង​ពិធី​ជួប​ជុំ ​អាចារ្យ​ និង​អាចារិនី​ ​នាព្រឹកថ្ងៃទី៨មេសានេះ។​

សម្តេច ហ៊ុន សែន បានស្នើឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាកម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹប អូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋ ដែលបានជាប់កម្ចីឥណទានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ហើយ មិនមានលទ្ធភាពពិតប្រាកដដើម្បីសងបំណុលវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។
 
ទោះជាយ៉ាងណាមិញ សម្តេចបានបញ្ជាក់ថា៖ « ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកដែលញុះញង់ និងឃោសនាមិនឱ្យសង់ត្រឡប់ ឬចេញមកនិយាយបំផុសបំផលចលនាមិនឱ្យសង់បំណុល»។​ 
 
សម្តេច ហ៊ុន សែន បានអះអាងថា ក្រុមអ្នកញុះញង់ទាំងនោះ គឺជាគោលដៅនៃការរឹបអូសទ្រព្យសម្បតិ្ត។ បើតាមសម្តេច ហ៊ុន សែន កន្លងមកមានក្រុមអ្នកនយោបាយខ្លះ បានឃោសនាពីគោលនយោបាយរបស់គណបក្សពួកគេ ក្នុងន័យញុះញង់មិនឲ្យពលរដ្ឋសងបំណុលធនាគារ ឬមីក្រូហិរញ្ញវត្ថុវិញ ក្រោយ គណបក្សខ្លួនឈ្នះឆ្នោត។ ជាមួយគ្នានេះ សម្តេច បានជំរុញដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុយ៉ាងដូច្នេះ ៖«ប្រសិនបើក្រុមអ្នកឃោសនាទាំងហ្នឹង  មានជាប់បំណុល គឺសុំឱ្យធនាគារ និងមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិអ្នកទាំងអស់ហ្នឹងតែម្តងទៅ!»។
 
ការលើកឡើងជាថ្មីបែបនេះ​ ដោយសារសម្តេច ហ៊ុន សែន បារម្ភថា ប្រជាពលរដ្ឋអាចយល់ច្រឡំខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយពុំបាច់សងប្រាក់ត្រឡប់ទៅឱ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញ។
 
គួររំឭកផងដែរ​ថា ក្នុងអំឡុងពេលឆ្លងរាលដាលនូវជំងឺកូវីដ-១៩ រដ្ឋាភិបាលបានស្នើជាបន្តបន្ទាប់ដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការរៀបចំឥណទានឡើងវិញ និងទុកពេលវេលាឲ្យប្រជាពលរដ្ឋសងត្រឡប់ តាមការសម្រួល​ និងវិធានការនានា។​  គ្រានោះ សម្តេច ហ៊ុន សែន បានស្នើសុំការអនុគ្រោះនូវរៀបចំឥណទានឡើងវិញ ចំពោះអ្នកជាប់បំណុលធនាគារ និងយោគយល់ចំពោះការលំបាកដែលពលរដ្ឋមួយចំនួន បានសងបំណុលត្រលប់មកវិញយឺត។ តែយ៉ាងនេះក្តី សម្តេច បញ្ជាក់ថា ចំពោះពលរដ្ឋដែលមានលទ្ធភាពសងត្រឡលប់មកវិញ គួរណាស់តែបង់ឲ្យខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចៀសកុំឲ្យមានការប្រាក់កាន់ច្រើន។ 
 
យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់​ធនាគារជាតិ​នៃ​កម្ពុជា ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមាន​ធនាគារពាណិជ្ជ​ចំនួន​ ៥៩, ធនាគារ​ឯកទេស​ ៩, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​៥, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ៨២,  គ្រឹះស្ថាន​ឥណទាន​ជនបទ ២២៤, គ្រឹះស្ថាន​ភតិសន្យា​ហិ​រញ្ញ​វត្ថុ​ ១៦ គ្រឹះស្ថាន​ផ្តល់​សេវា​ទូទាត់​សង​ប្រាក់​ ៣៤៕
 

Tag:
 ធនាគារ និងហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com