ជាតិ
សេដ្ឋកិច្ច
ABC និង SPTF លើកកម្ពស់ការផ្តល់កម្ចី ប្រកបដោយការទទួលខុសត្រូវក្នុងវិស័យហិរញ្ញវត្ថុ
09, Apr 2023 , 5:29 pm        
រូបភាព
សមាគមធនាគារនៅកម្ពុជា(ABC) និងអង្គការ Social Performance Task Force (SPTF) បានក្លាយជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងនិងលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានប្រកបដោយបរិយាបន្ន រួមទាំងការទទួលខុសត្រូវ ក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា។  កិច្ចសហការរវាងភាគីទាំងពីរនេះ គឺមានគោលដៅធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ និងការលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា។

ក្រោមភាពជាដៃគូយុទ្ធសាស្រ្ត ABC និង SPTF នឹងផ្តល់ការគាំទ្រសមាជិកគ្រឹះស្ថានធនាគារ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ, គាំទ្រសមាជិកក្នុងការវាយតម្លៃទៅលើអនុលោមភាពនៃការអនុវត្តក្រមប្រតិបត្តិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ABC នាថ្ងៃទី៩មេសា។​
 
លើសពីនេះ ស្ថាប័នទាំងពីរ នឹងកំណត់ផ្នែកឬវិស័យដែលត្រូវធ្វើឱ្យប្រសើរឡើង ដែលមានចែងក្នុងក្រម ត្រួតពិនិត្យពីការអនុវត្ត និងបញ្ហាប្រឈមចំពោះការអនុវត្តក្រមប្រតិបត្តិនៅក្នុងប្រព័ន្ធធនាគារ ដោយប្រើក្រមប្រតិបត្តិ និងស្តង់ដារនៃកិច្ចការពារអតិថិជនដើម្បីវាស់វែងពីការអនុវត្តក្រមប្រតិបត្តិ រួមទាំងកសាងសមត្ថភាពសមាជិកក្នុងការអនុវត្តកិច្ចការពារអតិថិជននៅក្នុងក្រមប្រតិបត្តិឱ្យកាន់ប្រសើរ ផងដែរ។ 
 
បើតាមសេចក្តីប្រកាសព័ត៌មានដដែល សមាជិកនៃសមាគមធនាគារក៏បានប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការលើកកម្ពស់នូវចំណេះដឹងហិរញ្ញវត្ថុសម្រាប់ពលរដ្ឋខ្មែរ និងធ្វើឱ្យប្រសើរឡើងនូវយន្តការនៃការការពារអតិថិជនរបស់ពួកគេ ផងដែរ​។ 
 

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា។ រូបថត៖ ABC

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជាបានលើកឡើងថា  សេវានិងផលិតផលធនាគារត្រូវបានបង្កើតឡើងផ្សារភ្ជាប់នឹងការសាងទំនុកចិត្ត និងភាពជឿជាក់ ជាមួយនឹងអតិថិជន ការការពារអតិថិជនគឺជារឿងចាំបាច់សម្រាប់សេវាធនាគារ។ លោក បញ្ជាក់ដូច្នេះ ៖«កិច្ចសហការជាមួយ SPTF នឹងចូលរួមចំណែកលើកកម្ពស់កិច្ចការពារអតិថិជននៅកម្ពុជា និងពង្រឹងបន្ថែមនូវភាពខ្លាំង រឹងមាំ កេរ្ត៍ឈ្មោះ នៃឧស្សាហកម្មធនាគារ»។ លោក Raymond Sia ​ បានអំពាវនាវសមាជិករបស់សមាគមធនាគារនៅកម្ពុជាទាំងអស់ ឱ្យអនុវត្តនូវគោលការណ៍នៃក្រមប្រតិបត្តិ និងដាក់បញ្ជូលក្រមនេះទៅក្នុងនីតិវិធី និងគោលនយោបាយរបស់ខ្លួននីមួយៗ។ 
 

លោក Nitin  Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ (SPTF)។ រូបថត៖ ABC 

ជាមួយគ្នានេះ សម្រាប់លោក Nitin  Madan នាយកផ្នែកបរិយាបន្នហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវប្រចាំអាស៊ីអាគ្នេយ៍នៃអង្គការ (SPTF)បានបង្ហាញនូវមោទកភាពរបស់ខ្លួន ដែលបានផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយសមាគមធនាគារនៅកម្ពុជា។ លោកបន្តនិយាយដូច្នេះ៖ «ការងាររបស់យើងជាមួយសមាគមធនាគារនៅកម្ពុជា នឹងរួមបញ្ជូលនូវការរៀបចំសិក្ខាសាលាកសាងសមត្ថភាពមួយចំនួនលើអភិបាលកិច្ច និងកិច្ចការមួយចំនួនទៀតក្នុងការពង្រឹងនូវកិច្ចការពារអតិថិជននៅក្នុងវិស័យធនាគារនៅកម្ពុជា»។ 
 

សាទរ លោក ហេង បូមករា ដែលជាអគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា។ រូបថត៖ ABC

ក្នុងសុន្ទរកថាអបអរសាទរ លោក ហេង បូមករា ដែលជាអគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា  បានលើកឡើងថា កិច្ចសហការរវាង ABC និង SPTF នឹងជួយត្រួសត្រាយផ្លូវ ដើម្បីជំរុញនិងលើកកម្ពស់ការអនុវត្តក្រមប្រតិបត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព ក្នុងការគោលដៅលើកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពហិរញ្ញវត្ថុ​និងបង្កើនកិច្ចការពារអតិថិជន។ លោកបានបន្ថែមថា៖ «កិច្ចការពារអតិថិជន គឺជាកិច្ចការអាទិភាពដែលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីរក្សាបាននូវទំនុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា និងរក្សានូវស្ថិរភាពប្រព័នុ្ធធនាគារទាំងមូលផងដែរ»។
 
យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​២០២២របស់​ធនាគារជាតិ​នៃ​កម្ពុជា បានបង្ហាញថា ប្រព័ន្ធ​ធនាគារ​កម្ពុ​ជាមានចំនួន ៦៨ ដោយក្នុងនោះ ​ធនាគារពាណិជ្ជ​មាន៥៩ និងធនាគារ​ឯកទេស​មាន៩។  ទ្រព្យសកម្មភាពក្នុងប្រព័ន្ធធនាគារនៅកម្ពុជា​កើនដល់ ៦៧,៩ពាន់លានដុល្លារអាម៉េរិក និងទំហំឥណទានកើនដល់​៤៦ពាន់លានដុល្លារ ផងដែរ៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com