ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ជំរុញឱ្យបង្កើនការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក
10, Apr 2023 , 8:59 pm        
រូបភាព
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យបង្កើនការផលិត និងប្រើប្រាស់ផលិតផលក្នុងស្រុក ជាពិសេសការនាំចេញនៅនឹងកន្លែងតែម្ដង។ ប្រមុខរដ្ឋាភិបាល ថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាល និងពិសារ​អាហារ​​សាមគ្គី ជាមួយមហាគ្រួសារសហគ្រាសធុនតូច ធុនមធ្យម និងសិប្បកម្មនៅកម្ពុជា នាថ្ងៃទី១០ មេសា។



សម្ដេច ហ៊ុន សែន ប្រាប់ឱ្យក្រសួងពាណិជ្ជកម្ម ដឹកនាំក្រុមការងារបច្ចេកទេសអន្តរក្រសួង និងស្ថាប័ន ដើម្បីសម្របសម្រួលកាត់បន្ថយថ្លៃដើមនៃការធ្វើពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិឧស្សាហកម្ម ទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងសេរីជាមួយកម្ពុជា។ សម្ដេច ក៏ជំរុញឱ្យពង្រីកទីផ្សារក្នុងស្រុកឱ្យកាន់តែទូលំទូលាយផងដែរ។
 
«ចំណុចនេះ គឺកាន់តែសំខាន់ផងដែរ។ ក្នុងនោះ មាន២ផ្នែក មួយផ្នែកត្រូវខិតខំឱ្យប្រជាជនកម្ពុជាយើង ប្រើប្រាស់នូវផលិតផល ដែលផលិតបានក្នុងស្រុក ដែលកែច្នៃដោយសហគ្រាសធុនតូច និងមធ្យម សិប្បកម្មរបស់យើង។ ឯមួយផ្នែកទៀត ត្រូវនាំចេញនៅនឹងកន្លែង តាមរយៈវិស័យទេសចរណ៍»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
លោកនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ក្រោយវិបត្តិកូវីដ-១៩ កំណើនភ្ញៀវទេសចរ បានសម្រុកមកកម្ពុជាវិញ ដូច្នេះត្រូវរុញផលិតផលក្នុងស្រុក ទៅកាន់ពួកគេ។ សម្ដេច បន្ថែមថា ៖« បើយើងផ្គត់ផ្គង់(ផលិតផលក្នុងស្រុក) ទៅកាន់តំបន់ដែលមានទេសចរ តាមរយៈផលិតផល ដែលមានស្រាប់ ដូចជា គ្រាប់ស្វាយចន្ទី ជាដើម មិនមានការចាំបាច់ណានាំចូលមកពីបរទេស មកផ្គត់ផ្គង់ក្នុងស្រុកទៀតទេ»។
 
បើតាមសម្ដេច ហ៊ុន សែន កម្ពុជាត្រូវបង្កើនការនាំចេញ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន, កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP ។ មិនតែប៉ុណ្ណោះកម្ពុជា ទើបតែបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាមួយអារ៉ាប់អេមីរ៉េតទៀតផង៕
 

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com