ជាតិ
ការស្លៀកសម្លៀកបំពាក់ស្របតាមកម្មវិធី ជាការឱ្យតម្លៃខ្លួនឯង
16, Apr 2023 , 7:59 am        
រូបភាព
ការស្លៀកសម្លៀកបំពាក់សមរម្យ ជាការឱ្យតម្លៃដល់សាមីខ្លួន
ការស្លៀកសម្លៀកបំពាក់សមរម្យ ជាការឱ្យតម្លៃដល់សាមីខ្លួន
ដោយ:
ភ្នំពេញ៖ ការស្លៀកពាក់មិនត្រូវបានហាមឃាត់ ឬកំណត់ដោយច្បាប់ ថាត្រូវស្លៀកពាក់បែបណា ទម្រង់យ៉ាងម៉េច សម្រាប់ចូលកម្មវិធីអ្វីនោះទេ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែងមនុស្សគ្រប់គ្នា តែងជ្រើសរើសសម្លៀកបំពាក់ខ្លួនពេញចិត្ត ព្រមជាមួយភាពសមរម្យ នៅពេលចូលរួមកម្មវិធីនានា ក្នុងគោលបំណង បង្ហាញសោភ័ណរបស់ខ្លួនដល់សាធារណជន។

ការស្លៀកពាក់ជាការតុបតែងខ្លួនមួយបែប អាចបង្ហាញពីការយល់ដឹង ការប្រាស្រ័យទាក់ទង និងការឱ្យតម្លៃដល់ខ្លួនឯង នៅតាមទីសាធារណៈ។ នៅក្នុងប្រទេសកម្ពុជា ជាប្រទេសសេរី បើកទូលាយ ពលរដ្ឋគ្រប់រូបចង់ស្លៀកពាក់បែបណាក៏បាន។ 
 
ខាងក្រោមនេះជាសម្លៀកបំពាក់ដែលប្រជាពលរដ្ឋខ្មែរទូទៅចូលចិត្តស្លៀកពាក់នៅពេលទៅចូលរួមកម្មវិធីនានា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ការស្លៀកពាក់តែងមានការវិវដ្ដតាមពេលវេលានៃការនិយម និងសម័យកាលនីមួយៗ។ 
  
រូបភាពតំណាង៖ ការស្លៀកពាក់ចូលរួម ពិធីការមង្គលការ ពេលល្ងាច ។ រូបភាព៖  អ្នកស្រី  ញឹក ស្រីល័ក្ខ

ចូលឆ្នាំ និងភ្ជុំបិណ្ឌ៖ តាមធម្មតានៅពេលចូលវត្តអារាម​ គ្មានអ្នកណាហាមឃាត់ការស្លៀកពាក់ឡើយ ប៉ុន្ដែសម្រាប់ការកត់សម្គាល់តៗមក គេតែងស្លៀកពាក់បែបសមរម្យ។ វត្តអារាមគឺជាកន្លែងបដិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងព្រះពុទ្ធសាសនា ជាស្រែបុណ្យ ជាកន្លែងសន្សំបុណ្យកុសលធ្វើឱ្យចិត្តស្ងប់ សម្រាប់មនុស្សទូទៅទាំងក្មេងទាំងចាស់។ ដូច្នេះការស្លៀកពាក់ឱ្យបានសមរម្យចូលវត្តអារាម នារដូវចូលឆ្នាំប្រពៃណីជាតិ សម្រាប់ចាស់ៗ ភាគច្រើនតែងស្លៀកពាក់ អាវស ឬពណ៌កាកអំពៅ អាចមានម៉ូតតិចៗ, ឯខោខ្មៅ ឬខោចែវ​ មានក្រមា បែបបុរាណៗ ដែលមើលទៅសមជាចាស់ទុំឱ្យក្មេងយកគំរូតាម។ ចំណែកឯយុវជន អាចស្លៀកពាក់ អាវស ខោខ្មៅ ខៀវ ឬពណ៌ផ្សេងទៀតក៏បាន ឱ្យតែសមរម។ 
  
រូបភាពតំណាង៖ ការស្លៀកពាក់ចូលរួម ពិធីការមង្គលការ។ រូបភាព៖  អ្នកស្រី  ញឹក ស្រីល័ក្ខ 

ចំណែកឯស្រ្តីតាមវ័យ ជាពិសេសយុវនារី អាចជ្រើសយកសម្លៀកបំពាក់ហូល ផាមួង អាវប៉ាក់ និងសម្លៀកបំពាក់សមរម្យជាច្រើនទៀត ស័ក្ដិសមបំផុតសម្រាប់មិត្តនារី ដោយមិនចាំបាច់ស្លៀកខើចខ្លីបង្ហាញសាច់នោះទេ។ ការស្លៀកពាក់ពេលធ្វើដំណើរតាមទីសាធារណៈ គេមិនសូវជាកត់សម្គាល់ឡើយ។ 
 
មង្គលការ៖ ពិធីនេះការស្លៀកពាក់ អាចទៅតាមពេលវេលានៃពិធីនីមួយៗ។  ជាក់ស្ដែងនៅពេលព្រឹកអ្នកចូលរួមត្រូវទៅហែរជំនូន ស្រីៗអាចស្លៀកពាក់អាវប៉ាក់ ហូលផាមួង ឬអាចស្លៀកពាក់រ៉ូប បែបសម័យខ្លះផង។ ចំណែកឯពេលត្រូវចូលរួមពិសារភោជនីយអាហារ គេអាចស្លៀកពាក់ រ៉ូបសម័យ​ ឬ សម្លៀកបំពាក់ប្រពែណី ដូចជាហូលផាមួងក៏បានដែរ។ 
 
កម្មវិធីឡើងផ្ទះ ចេញខែកូនតូច និងជប់លៀងនានា៖ គេអាចស្លៀកពាក់ទៅចូលរួមតាមចំណូលចិត្ត​ ប្រហែលទៅនឹងវេលាពិសារភោជនីយអាហារក្នុងពិធីមង្គលការដែរ។ 
 
កម្មវិធីបុណ្យសព៖ តាមទម្លាក់នៅពេលទៅចូលរួមបុណ្យសព ពលរដ្ឋមានវ័យចាស់ៗច្រើនស្លៀកពាក់សម្លៀកដូចជា អាវស ខោឬសំពត់ខ្មៅ ។ ចំណែកឯយុវជន ឬយុវតីភាគច្រើនស្លៀកពាក់អាវស សំពត់ខៀវ ឬខោខ្មៅ ប្រហែលមនុស្សចាស់ដែរ។ 
 
បុណ្យបច្ច័យបួន៖  ចំពោះពិធីប្រភេទនេះ សម្លាក់បំពាក់អាចស្លៀកបានទូលាយ ​ជាងបុណ្យសពបន្តិច ដោយសារគេអាចប្រើស្លៀកពាក់ចម្រុះពណ៌ច្រើន។ និយាយបែបនេះ មិនមែនមានន័យថា អាចស្លៀកពាក់ជ្រុលហួសហេតុឡើយ ក្នុងបរិបទមើលទៅសមរម្យក្នុងការចូលរួមពិធី ដែលសមការគយគន់។ 
 
ទោះបីជាការស្លៀកពាក់ មិនត្រូវបានដាក់កំហិត ឬតម្រូវឱ្យស្លៀកពាក់បែបណាក្តី  ក៏ក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន តែងតែគិតជាធំ នូវភាពសមរម្យមិនថា នៅតាមទីជនបទ ឬ នៅតាមទីក្រុងឡើយ៕
 

Tag:
 ការស្លៀកពាក់
© រក្សាសិទ្ធិដោយ thmeythmey.com