ជាតិ
បទសម្ភាសន៍
លោក ហ៊ុយ វណ្ណៈ ជំរុញឱ្យអ្នកកាសែត ពង្រឹងគុណភាព និងចំណេះដឹងបច្ចេកវិទ្យា
16, Apr 2023 , 12:59 pm        
រូបភាព
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (សសសក) រូបភាព របស់សារព័ត៌មានថ្មីៗ
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (សសសក) រូបភាព របស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ហ៊ុយ វណ្ណៈ ជំរុញឱ្យអ្នកកាសែត ពង្រឹងគុណភាព និងចំណេះដឹងបច្ចេកវិទ្យា ដើម្បីអាចប្រកួតប្រជែងជាមួយអ្នកប្រកបអាជីពនេះ ទាំងក្នុងនិងក្រៅតំបន់។ ជាពិសេសទប់ស្កាត់ព័ត៌មានក្លែងក្លាយ។

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




កញ្ញា សុង សុធាវី៖
ឯកឧត្តម មួយរយៈនេះមានការវាយតម្លៃផ្សេងៗពីគ្នា ពីស្ថាប័នជាតិ និងអន្តរជាតិ ទៅលើស្ថានភាពវិស័យសារព័ត៌មាននៅកម្ពុជា ហើយក្នុងនាមលោកជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលមានសមាជិកច្រើន តើមានការចូលមួយបកស្រាយបែបណាក្នុងកាលៈទេសៈនេះ? 
 
លោក ហ៊ុយ វណ្ណៈ៖ វិស័យសារព័ត៌មាននេះ យើងនិយាយតែមួយជ្រុងមិនអស់ទេ ដែលវាវិវត្តន៍តាមដំណាក់កាលនីមួយៗ និងសភាពការណ៍ ហើយស្របតាមសម័យកាល ដោយផ្សាភ្ជាប់ជាមួយសេដ្ឋកិច្ច និងកត្តាធនធានមនុស្ស។ អ្វីដែលមានភាពប្រសើរឡើងនាពេលបច្ចុប្បន្នគឺ ការកើនឡើងនៃវិស័យបច្ចេកវិទ្យាព័ត៌មាន ដែលវាបានចូលរួមកាត់បន្ថយលើការចំណាយរបស់ស្ថាប័នព័ត៌មាន ហើយឱ្យការធ្វើកាសែតហ្នឹងបានលឿនជាងមុន។ អ៊ីចឹង វាត្រូវអូសអ្នកដែលតាមមិនទាន់បច្ចេកវិទ្យាទាំងអស់ហ្នឹង ឱ្យដើរថយក្រោយវិញ ដែលកាលពីមុនគាត់ធ្វើតាមបែបបុរាណវាទៅមុខ តែដល់ពេលបច្ចេកវិទ្យាមកដល់ គាត់ធ្លាក់ភ្លាម! ព្រោះតែវិវត្តន៍ខ្លួនមិនទាន់។ អ៊ីចឹង វាមានទិដ្ឋភាពចម្រុះ តែបើនិយាយជារួមវិញ អ្វីដែលពិភពលោកមាន គឺកម្ពុជាមានដូចតែគ្នា ទាំងទូរទស្សន៍ ការសែត តែអ្វីដែលខ្ញុំតែងរម្លឹកអ្នកកាសែត ត្រូវយកចិត្តទុកដាក់ពង្រឹងរឿងគុណភាព។ 
 
កញ្ញា សុង សុធាវី៖ តើពាក្យថាគុណភាពនោះមានអ្វីខ្លះដែលជារឿងសំខាន់ៗនៅក្នុងនោះលោក? ​ 
 
លោក ហ៊ុយ វណ្ណៈ៖ អាចឆ្លើយបានថា តើយើងអាចប្រៀបធៀបខ្លួនឯងជាមួយកាសែតនៅក្នុងតំបន់បាន ឬ អត់? បើសិនជាបាន តើចំណុចអ្វី? យើងអាចប្រៀបធៀបខ្លួនឯងជាមួយកាសែតអន្តរជាតិធំៗបានអត់? បើបាន ទៅលើចំណុចអ្វី ហើយផ្នែកអី? ពេលផ្សាយចេញភ្លាម តើវាបានទៅដល់អ្នកមើលយើងហ្នឹងប៉ុន្មាន? ព្រោះតែសម័យនេះគេអាចវាស់បានទៅលើបច្ចេកវិទ្យាទាំងអស់។


លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (សសសក) រូបភាព របស់សារព័ត៌មានថ្មីៗ..

បើសិនយើងទៅបានលឿនដូចគេ ហើយភាសារបស់យើងអាចផ្តល់ភាពងាយស្រួលទៅកាន់អ្នកអាន ក្នុងតំបន់បានដូចគេ ខ្ញុំជឿថាយើងអាចទៅមុខបានហើយ ដែលកត្តាសំខាន់ខ្ញុំចង់ផ្តោត នៅតែជាគុណភាពដដែល។ 

បច្ចេកវិទ្យាយើងមានហើយ និងចំណេះដឹងក៏យើងមានដែរ តែវិសាសភាពគឺយើងត្រូវតែប្រឹង ដែលវាតែងមានការប្រជែងគ្នាខ្លាំងណាស់ ។ វាក៏បញ្ជាក់ពីមុខមាត់ប្រទេសមួយដែរ​ ហើយ យើងត្រូវតែគិតបែបនេះតែម្តង។ តើយើងអាចរកអត្តសញ្ញាណខ្លួនឯងក្នុងកំរិតតំបន់បានប៉ុន្មាន? កំរិតអន្តរជាតិបានប៉ុន្មាន? រឿងនេះគឺជារឿងយើងត្រូវរួមគិតទាំងអស់គ្នា។ 
 
កញ្ញា សុង សុធាវី ៖ជាមួយគ្នានេះដែរ ឯកឧត្តម មានការចាប់អារម្មណ៍ ទាំងប្រជាពលរដ្ឋនៅក្នុងប្រទេស និងជនជាតិបរទេសមួយចំនួន ទៅលើការបិទស្ថាប័នព័ត៌មានមួយ ដែលមានប្រជាប្រិយភាពគួសម ថាដោយសារតែនិយាយប៉ះពាល់ដល់អ្នកនយោបាយ! ត្រង់ចំណុចនេះ តើលោកចូលរួមសំដែងមតិបែបណា?
 
លោក ហ៊ុយ វណ្ណៈ៖ ខ្ញុំគិតថា យើងត្រូវមើលទៅលើហេតុ និងផល តើវាបង្ករហេតុ ដោយសារអ្វី? ឧទាហរណ៍ថា នៅក្នុងក្របខណ្ឌវិជ្ជាជីវៈ គេនិយាយច្បាស់ហើយថា ការសែតប្រសិនបើយើងផ្សាយខុស សូមកុំខ្លាចក្នុងការកែតម្រូវ។

វាក៏មិនខុសអីពី ពេលដែលគេប្រាប់ថា ផ្លូវខាងមុខត្រូវបត់ ព្រោះមានជ្រោះ តែយើងមិនបត់ អ៊ីចឹងមានតែធ្លាក់ជ្រោះ! ហ្នឹង វាស្មើនឹងយើងបានធ្វើអត្តឃាតខ្លួនឯង ហើយផ្លូវច្បាប់គឺមានទាំងអស់ អ៊ីចឹងតើត្រូវបន្ទាសអ្នកណា? ក្នុងដំណើរជីវិតរបស់មនុស្សវាមានផ្លូវវៀច ផ្លូវស្មើ និងត្រង់។ ខ្លួនឯងដូចជាអ្នកបើកបរមួយដែរ តែគេប្រាប់ថាត្រូវបត់ឆ្វេង ព្រោះខាងមុខមានជ្រោះ គេប្រាប់ហើយប្រាប់ទៀត ប៉ុន្តែគាត់នៅតែទៅទៀត។ 
 

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (សសសក) ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ  រូបភាព របស់សារព័ត៌មានថ្មីៗ..

កញ្ញា សុង សុធាវី៖ ទន្ទឹមនេះទៀត យើងក៏ឃើញមានការជេរប្រទេចពីអ្នកសារព័ត៌មានមួយរូប ហើយវាលើសពីការរិះគន់ក្នុងន័យស្ថាបនា ដែលបានធ្វើឱ្យមហាជនជាច្រើនខឹងសម្បារ ទាំងអ្នកនៅក្នុងវិស័យសារព័ត៌មានដូចគ្នា អង្គការក្រៅរដ្ឋាភិបាល តើបុគ្គលម្នាក់នេះគួរតែមានវិធានការណ៍ក្តៅដូចម្តេចលើរូបគាត់?
 
លោក  ហ៊ុយ វណ្ណៈ៖  នៅក្នុងសង្គមសេរីគេនិយាយថា បើគេមិនពេញចិត្តគឺគេនិយាយត្រឹមតែរិះគន់ទេ! គេមិនជេរគ្នាទេ ហើយខ្ញុំសុំលើកទឹកចិត្តនៅក្នុងកន្លែងនេះគឺ រាល់ការមិនពេញចិត្តលើរឿងអ្វីមួយ ត្រូវសម្តែងឱ្យឃើញរវាងហេតុ និងផល តែបើទៅជាការជេរ អាហ្នឹងគឺអត់បានទេ។ បើនៅសង្គមស៊ីវិល័យភាសាជេរហ្នឹងគឺគេហាមណាស់! ហ្នឹងជាការរំលោភសិទ្ធមនុស្សធ្ងន់ធ្ងរណាស់! ជាមួយគ្នានេះ ខ្ញុំក៏ថ្កោលទោសរឿងហ្នឹងដែរ។ បើសិនជាយើងមិនចូលចិត្តនរណាម្នាក់ ជម្រើសមានពីរ ទី១ មិននិយាយចេញតែម្តង។


លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នសារព័ត៌មានកម្ពុជា (សសសក) ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានថ្មីៗ  រូបភាព របស់សារព័ត៌មានថ្មីៗ

មួយទៀត បើយើងមានបញ្ញា ជាមនុស្សចេះដឹង គឺយើងឱ្យហេតុ និងផល ដែលជាវិធីមួយជួយឱ្យសង្គមអាចទទួលស្គាល់ទាំងអស់គ្នា ហើយមនុស្សទាំងអស់ក៏មិនមានគំនិតដូចគ្នាទេ។ សូម្បីតែនៅខ្លួនយើងហ្នឹង ថ្ងៃខ្លះក៏វាមិនស្របតាមការគិតរបស់ខ្លួនឯងដែរ។  
 
កញ្ញា សុង សុធាវី៖ ចំណុចហ្នឹង ឯកឧត្តមថាចង់ថ្កោលទោសដល់អ្នកដែលតែងប្រើពាក្យជេរនោះ?
 
លោក ហ៊ុយ វណ្ណៈ៖ ចំពោះខ្ញុំ សមត្ថកិច្ចក្រសួងព័ត៌មានគឺជាអ្នកសម្រេចលើការងារនេះ ដែលអាចសម្រេចបានថា ផ្លូវច្បាប់ជាអ្វី? មនុស្សទាំងអស់ អ្នកខ្លះធ្វើច្រើន ខុសច្រើន តែអ្នកខ្លះធ្វើមួយចេញទៅ វាមានចេតនា ឬ អចេតនា ហើយមនុស្សទាំងអស់ហ្នឹង មិនអាចធ្វើការវិនិច្ឆ័យឱ្យដូចគ្នាបានទេ។ អ៊ីចឹងនៅក្នុងសង្គមសេរីហ្នឹង បើមានការកើតឡើងរឿងមិនល្អអ្វីមួយ នោះយើងអាចសម្តែងការមិនពេញចិត្ត តែហាមជេ រឿងប្រមាថអីហ្នឹង មិនបានទេ។ ចំពោះខ្ញុំមិនបានលើកទឹកចិត្តទេ ហើយក៏មិនចូលចិត្ត។

ការរិះគន់គឺនិយាយឱ្យគេដឹង គេយល់! បើសិនជេរនៅមុខស៊ីវិល ប្រហែលជាមិនសូវអីទេ តែបើជេរគ្នានៅមុខប្រដាប់អាវុធ អាហ្នឹងត្រូវប្រយ័ត្នណា។ ខ្ញុំមិនគាំទ្រអំពើហិង្សាណាមួយទេ តែបើសង្គមយើងនិយាយតែមួយពាក្យខ្លី វាឆ្លើយមិនអស់ទេ ហើយក៏មិនត្រឹមត្រូវដែរ។ រឿងខ្លះសមត្ថកិច្ចអី យើងត្រូវឱ្យសមត្ថកិច្ចនោះជាអ្នកសម្រេច ហើយបើទោះបីជាខ្ញុំថាក៏ដោយ តែបើខ្ញុំគ្មានសមត្ថកិច្ចក្នុងការសម្រេចនោះ ក៏មិនបានដែរ ដែលវាជាការសម្តែងមតិទេ។

ចំពោះមតិរបស់ខ្ញុំគឺមិនគាំទ្រទេ ហើយពីនេះទៅមុខ ខ្ញុំរីករាយអនុវត្តន៍តែម្តងថា បើមិនពេញចិត្តទេ យើងអាចសរសេររិះគន់ អប់រំ ទូន្មាន តែហាមជេ។ អាហ្នឹង ទោះបីជាគេខុសប៉ុណ្ណាក៏ដោយ ត្រឹមនិយាយហេតុ និងផល  តែកុំជេរ ហើយរឿងនេះ វាមកពីវប្បធម៌នយោបាយហ្នឹងហើយ ដែលធ្វើឱ្យសង្គមយើងទៅជាគិតថាអ្នកជេហ្នឹងវាពូកែទៅវិញ ដែលយើងច្រើនតែយល់ច្រឡំខុសបែបនេះ៕   
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com