ជាតិ
លោក ប៉ាវ ម៉េងស្រ៊ុន៖ ចម្រៀងបង្ហាញរឿងផឹកស៊ី ជាហេតុនាំឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ និងជម្លោះផ្សេងៗ
16, Apr 2023 , 1:59 pm        
រូបភាព
លោក ប៉ាវ  ម៉េងស្រ៊ុន  អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា  ទទក  រូបភាពរបស់សារព័ត៌មានថ្មីៗ
លោក ប៉ាវ ម៉េងស្រ៊ុន អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក រូបភាពរបស់សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ ប្រធានគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា ទទក លោក ប៉ាវ ម៉េងស្រ៊ុន  មើលឃើញថា បទចម្រៀងមួយចំនួន ដែលបង្ហាញពីការផឹកស៊ី វាផ្តល់ផលអាក្រក់មួយចំនួន ទៅកាន់អ្នកប្រើប្រាស់ផ្ទាល់ ឬសង្គមវិញ ដូចជាគ្រោះថ្នាក់ ដែលបណ្តាលពីការបើកបរ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងបង្កជម្លោះផ្សេងៗ ។ ជាមួយគ្នានេះ លោកសំណូមពរ អ្នកផលិតបទចម្រៀងប្រភេទនោះ គួរប្រើបច្ចេកទេសបិទបាំងសុរារ ដោយមិនគួរបង្ហាញចេញមកច្បាស់ៗពេកទេ ហើយត្រូវបន្ថែមន័យអប់រំនៅក្នុងវីដេអូទាំងនោះ ជាមួយគ្នាផង។

ចង់ដឹងកាន់តែច្បាស់ពីខ្លឹមសារទាំងមូល សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ​ជាមួយ លោក ប៉ាវ ម៉េងស្រ៊ុន ប្រធានគ្រប់គ្រងការផលិតកម្មវិធី នៃទូរទស្សន៍ជាតិកម្ពុជា ទទក ដូចតទៅ៖



 
កញ្ញា សុង សុធាវី៖ សូមជម្រាបសួលោក ប៉ាវ ម៉េងស្រ៊ុន   ក្នុងនាមលោកជាអ្នកផលិតកម្មវិធីជាន់ខ្ពស់នៅ ទទក តើបទចម្រៀង ដែលមានគុណភាពល្អ យើងត្រូវមើលទៅលើធាតុផ្សំសំខាន់អ្វីខ្លះ? 
 
លោក ប៉ាវ ម៉េងស្រ៊ុន៖ សូមអរគុណ ស្ថាប័នថ្មីៗ ដែលមានចួបសម្ភាសខ្ញុំថ្ងៃនេះ! ទាក់ទងទៅនឹងភាពយន្ត ឬ បទចម្រៀងដែលមានគុណភាពល្អ ហើយដែលផ្សាយនៅទូរទស្សន៍ជាតិកម្ពុជាយើងខ្ញុំ ជាទូទៅ ខ្ញុំមើលទៅលើ តើខ្លឹមសារទាំងនោះ​វាសមស្របនឹងអ្វីដែលស្ថាប័នយើងខ្ញុំអាចចាក់ផ្សាយបាន ឬ អត់? មួយទៀតត្រូវផ្តោតសំខាន់លើរូបភាព ថា តើកាយវិការរបស់តួសម្តែងហ្នឹងចេញទៅ អាសអាភាស ឬ អត់?  ទាំងពាក្យសំដីរបស់គាត់មានខុសឆ្គង ឬ ទេ? ហើយការស្លៀកពាក់របស់គាត់ សមរម្យ ឬ សិចស៊ី? បើមើលទៅមិនសមរម្យគឺយើងអត់យកទេ! តែចម្រៀងមានគុណភាព ដែលពួកខ្ញុំចង់បានគឺ ទាក់ទងនឹងប្លង់ថត ការរៀបចំតុបតែង ទាំងអ្នកថតពូកែ និង ក្រុមអ្នកផលិតទាំងអស់ផងដែរ។ អ៊ីចឹង ត្រូវរួមផ្សំគ្នាទាំងអស់ ទាំងខ្លឹមសារ ទាំងអ្នកដឹកនាំសម្តែង តួសម្តែងល្អ ហើយជាពិសេសគឺកុំព្យូទ័រក្រាហ្វិក។ អ៊ីចឹង និយាយជារួមវិញ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា មុននឹងបញ្ចេញនូវភាពយន្តក្តី អត្ថន័យបទចម្រៀងក្តី តែងតែពិនិត្យខ្លឹមសារលើចំនុចអស់នេះ ដែលយើងជៀសវាងនូវកំហុសឆ្គងណាមួយ ហើយយើងក៏ជាគំរូគេក្នុងការផ្សព្វផ្សាយដែរ។ 
 
កញ្ញា សុង សុធាវី៖  នាងខ្ញុំចាប់អារម្មណ៍ថា ពេលគេចាក់បទចម្រៀងកម្សាន្តនាពេលរាត្រី ឃើញថា បទខ្លះមានអត្ថន័យដូចមិនសូវសមរម្យទេ  តើលោកមានជាការយកចិត្តបែបណាត្រង់ចំនុចនេះ?
 
លោក ប៉ាវ ម៉េងស្រ៊ុន៖ ពាក់ព័ន្ធនឹងចម្រៀងមួយចំនួន ដែលផលិតឡើងដោយមានអត្ថន័យមិនសូវសមរម្យ បើសម្រាប់ ទទក ក៏យើងអត់ផ្សាយដែរ។ អ៊ីចឹង ស្ថាប័នរដ្ឋដូចខ្ញុំ គឺយើងយកចិត្តទុកដាក់ណាស់ លើខ្លឹមសារ ការស្លៀកពាក់ ទាំងកាយវិការ ហើយជាពិសេសគឺប្លង់ថតហ្នឹង! ថា តើវាសមស្រប ឬ អត់ បើសិនយើងចេញផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិយើងនេះ? អ៊ីចឹង បើយើងក្រឡេកទៅមើលបទចម្រៀង ដែលចេញផ្សាយលើបណ្តាញសង្គមយើងរាល់ថ្ងៃនេះ បទខ្លះល្អណាស់! គេធ្វើបានល្អ ទាំងខ្លឹមសារ រូបភាព ក្រាហ្វិក ។ល។ ប៉ុន្តែបទខ្លះ គេធ្វើយកតែភ្លេង សម្រាប់រាំទេ ហើយបើស្តាប់ខ្លឹមសារទៅ វាគ្មានអីឱ្យស៊ីជម្រៅទេ ឬ ការអប់រំអីឱ្យជ្រៅជ្រះនោះទេ។


លោក ប៉ាវ  ម៉េងស្រ៊ុន  អ្នកគ្រប់គ្រងការផលិតកម្មវិធី នៃស្ថានីយន៍ទូរទស្សន៍ជាតិកម្ពុជា  ទទក  ក្នុងបទសម្ភាសជាមួយ កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ..

ចម្រៀងមួយចំនួន​រាល់ថ្ងៃ គេពេញនិយមលើការរ៉េប ហើយចម្រៀងរ៉េបនេះ បើគេស្តាប់ដំបូងដូចជាពិបាកស្តាប់ តែ​ចម្រៀងរ៉េប បើយើងមើលទៅ វាជាចង្វាក់មួយដែលប្លែក ដែលមិនទាក់ទងនឹងប្រពៃណីអីទេ តែជួនកាលអាចមានការអប់រំច្រើនដែរ។ ឯពាក្យខ្លះវា ចំអូងចំអាសច្រើន វាមិនល្អមែន។ អ៊ីចឹង​មានទាំងមិនល្អ និង ល្អ ទន្ទឹមគ្នា ហើយ ទទក គឺ យើងពិនិត្យទៅលើអស់ហ្នឹង មិនថាការរ៉េប ចេញពីតារាណា  ឬ ស្ថាប័នណានោះទេ បើសិនត្រូវផ្សាយលើទូរទស្សន៍ជាតិ គឺយើងត្រូវតែយកចិត្តទុកដាក់លើរឿងទាំងអស់ហ្នឹង។ 
 
កញ្ញា សុង សុធាវី៖  យើងឃើញថា ស្ថាប័នបានខ្នះខ្នែងក្នុងការផលិតហើយ តែពេលគេចាក់បទចម្រៀងកម្សាន្តនាពេលរាត្រី ឃើញថា យុវជនក្មេងៗជាច្រើនហាក់មិនសូវចូលចិត្តស្តាប់ ឬ រាំបទចម្រៀងប្រពៃណីទេ តែចូលចិត្តរាំបទញាក់ៗ តែចាស់ៗវិញឱ្យតែលឺបទញាក់កន្រ្តាក់អារម្មណ៍ គាត់ដើរចេញពីវង់តែម្តង!  តើលោកមានជាការយកចិត្តបែបណាត្រង់ចំនុចនេះ?
 
លោក ប៉ាវ ម៉េងស្រ៊ុន៖ បាទមើលឃើញអ៊ីចឹងមែន! ព្រោះប្រជាពលរដ្ឋវ័យចំណាស់ លោកចូលចិត្តតែបទចម្រៀងបែបមនោសញ្ចេតនា ហើយមានអត្ថន័យខ្លឹមសារជ្រាលជ្រៅ។ រីឯ ចង្វាក់ក៏លន្លង់លន្លោចទៅតាមអត្ថន័យដែរ។ ប៉ុន្តែ បើនិយាយពីបទសម័យនេះវិញ ចំពោះគាត់ចាស់ៗ ខ្ញុំគិតថាប្រហែលជាគាត់មិនសូវចូលចិត្តទេ ព្រោះពាក់ព័ន្ធនឹងខ្លឹមសារ អាចថា វាត្រង់ពេក ដែលវាមិនសូវមានខ្លឹមសារណែងណងអីច្រើន។ ណាមួយ បទចម្រៀងមួយចំនួន ប្រហែលអ្នកនិពន្ធ គេគិតទៅដល់អ្នកស្តាប់គោលដៅរបស់គេហើយ ពិសេសគឺយុវវ័យហ្នឹងឯង។

រីឯបទរ៉េប ក៏មិនសំដៅលើមនុស្សដែលមានវ័យចំណាស់ ចាប់ពី៤០ ទៅដែរ។ តែបទរ៉េបខ្លះ ក៏មានការអប់រំដែរ។ ពេលខ្លះអ្នកនិពន្ធ គាត់ធ្វើដើម្បីទីផ្សារប្រកួតប្រជែង ដែលមានគោលដៅផ្សេងៗគ្នា ហើយក៏មានបទចម្រៀងសម្រាប់ក្នុងស្រុក ក៏ដូចជាអន្តរជាតិដែរ។ រីឯស្ថាប័នរដ្ឋដូចយើង គឺមានគោលដៅផ្សេង ដើម្បីថែរក្សាប្រពៃណី ទំនៀមទម្លាប់  និង គាស់កកាយនូវអ្វីដែលយើងមានពីមុនមក ហើយនៅតែបំពេរអារម្មណ៍ជានិច្ច។ 
 
កញ្ញា សុង សុធាវី៖ បើសិនស្ថាប័នមួយចំនួន ខិតខំផលិតបទចម្រៀងប្រពៃណីខ្មែរ សម្រាប់បុណ្យចូលឆ្នាំហើយ តែយុវជនជំនាន់ថ្មីមួយចំនួនមិនសូវចាប់អារម្មណ៍ទេ ហើយចូលចិត្តនូវបទញាក់កន្រ្តាក់អារម្មណ៍ច្រើនជាង តើលោកគិតថា យូរៗទៅ វាអាចនឹងធ្វើឱ្យបាត់បង់នូវភាពជាខ្មែរដែរទេ ត្រង់ចំនុចនេះ?
 
លោក ប៉ាវ ម៉េងស្រ៊ុន៖ ខ្ញុំ គិតថានឹងអាចបាត់! ការហូរចូលនៃវប្បធម៌ ហើយប្រជាពលរដ្ឋយើងគឺងាយទទួលនូវភាពស៊ីវិល័យទាំងនេះណាស់ ពិសេសយុវវ័យហ្នឹងគឺឆាប់ទទួលណាស់ ដោយសារតែការផ្សព្វផ្សាយហ្នឹងវាទូលំទូលាយពេក តាមបណ្តាញសង្គមជាច្រើន។ តាមរយៈទូរសព្ទ ។ល។

ព្រោះយុវជនជំនាន់ថ្មីនេះ សមត្ថភាពបច្ចេកទេសពួកគេពូកែៗណាស់ ដោយសារតែគាត់រៀនបានច្រើនពីវា។ អ៊ីចឹង បើនិយាយទៅក្នុងនាមយើងជាស្ថាប័នរដ្ឋ ក៏ដូចជាក្រសួងមួយចំនួន ដែលធ្វើទៅលើកិច្ចការងារសង្គម វប្បធម៌នេះ យើងនៅតែរក្សានូវទម្រង់ដើម ភាពជាខ្មែរ ហើយបន្តផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ ទាំងកម្មវិធី ស្បៃរាត្រី ល្ខោនខោល កម្មវិធីប្រពៃណី វប្បធម៌ សាសនា ។ល។ ហើយក៏ចង់ផ្តាំផ្ញើថា ស្ថាប័នមួយចំនួន ដែលធ្វើការនេះដែរ ត្រូវរួមដៃគ្នា សហការគ្នាថែមទៀត។ 
 
កញ្ញា សុង សុធាវី៖  ទោះបីជាចូលឆ្នាំក៏ដោយ បុន្តែឃើញមានការចាក់នូវបទចម្រៀងមួយចំនួន ដែលបង្ហាញពីការផឹកស៊ី  គ្រឿងស្រវឹងច្រើន តើលោកមើលឃើញបែបណាដែរ? 
 
លោក ប៉ាវ ម៉េងស្រ៊ុន៖  បាទ ដោយសារបទចម្រៀងមួយចំនួន ពួកគាត់ផលិតមក ក្នុងគោលដៅអ្នកទស្សនាផ្សេងៗគ្នា នេះទី១។ ទី២ ទៀត ជាចង្វាក់ ដែលផលិតមកដើម្បីរាំកម្សាន្ត អបអរក្នុងពិធីបុណ្យចូលឆ្នាំផងដែរ។ ប៉ុន្តែ បើនិយាយពីខ្លឹមសារមួយចំនួន ក៏មិនសូវល្អដែរ ដូចជារូបភាពបង្ហាញពីការផឹកស៊ីជាដើម។

ករណីផឹកស៊ីពេលចូលឆ្នាំនេះ ឃើញថាមានបញ្ហាច្រើនណាស់ ដូចជាគ្រោះថ្នាក់ ក្រោមឥទ្ធិពលគ្រឿងស្រវឹងក្តី ក៏ដូចជា ជំលោះផ្សេងៗក្តី ដែលកើតឡើងពីការផឹកស៊ីនេះពេលបុណ្យចូលឆ្នាំ!  ប៉ុន្តែ បើតាមគំនិតខ្ញុំ គួរតែកាត់បន្ថយហើយ ក្នុងន័យអប់រំវិញទៅ។ ទាំងខ្លឹមសារ និង រូបភាពក្នុងន័យអប់រំវិញទៅ ហើយកុំសូវបង្ហាញគ្រឿងស្រវឹងទាំងនោះជាក់លាក់ពេក! តែយើងគួរមានបច្ចេកទេសគេចៗជាងហ្នឹង! បើសិនជ្រុលជាបង្ហាញការផឹកស៊ីហើយ តែត្រូវបញ្រ្ជាបន័យអប់រំលើរឿងស្រាហ្នឹងមកវិញផង។

បើសិនយើងបង្ហាញច្បាស់ពេក វាហាក់ជំរុញឱ្យយុវជនយើងនាំគ្នាផឹកស៊ីទៅវិញ! យើងទទួលស្គាល់ថា ពេលចូលឆ្នាំមនុស្សភាគច្រើនចូលចិត្តរឿងផឹកស៊ីនេះ តែក៏មិនគួរបង្ហាញពេកទេ ហើយគួរតែមានឃ្លាអប់រំមកវិញ ដោយជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ក្រោយពីការផឹកស៊ីចួបជុំគ្នានោះ៕    
 

© រក្សាសិទ្ធិដោយ thmeythmey.com