អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលចូលជាតិបានប្រមាណ ៥៦៤,១លានដុល្លារក្នុងត្រីទីមួយនៃឆ្នាំ២០២៣។ ចំណូលដែលប្រមូលបាននេះ ធ្លាក់ចុះជាង៥ភាគរយបើធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២២។
ចំណូលជាតិនេះត្រូវបានលើកឡើងដោយលោក គុណ ញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ និងរដ្ឋាករត្រីមាសទីមួយ នាថ្ងៃទី១១មេសាឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា លទ្ធផលដែលសម្រេចបាននេះ គឺស្មើ២០,៥ភាគរយនៃផែនការដែលកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
របាយការណ៍ដែលបង្ហាញដោយលោក គុណ ញឹម បានបញ្ជាក់ថាក្នុងចំណោមចំណូលគយសរុប ៥៦៤,១លានដុល្លារ គឺមាន ៩៤៩,៨ពាន់លានរៀល បានពីអាករលើតម្លៃបន្ថែម(VAT)។
អាករពិសេសមាន ៧៥២,២ ពាន់លានរៀល, ពន្ធគយមាន៤៥៩,៥ ពាន់លានរៀល, អាករបន្ថែមលើផលិតផលប្រេងមាន៨៧,៦ពាន់លានរៀល និងអាករនាំចេញនិងកម្រៃផ្សេងៗមាន៥៣,៨ពាន់លានរៀល ។
ប្រមូលពីពន្ធ យានយន្ត និងគ្រឿងចក្រមានចំនួន ៨៣៥,៦ពាន់លានរៀល(ប្រមាណ២០,៥០លានដុល្លារ), ទំនិញចម្រុះមានចំនួន ៧៥៧,២ពាន់លានរៀល (១៨,៦លានដុល្លារ), តេលសិលាមានចំនួន ៥៥៣,៥ពាន់លានរៀល, គ្រឿងសំណង់ និងកម្រៃផ្សេងៗមាន១៥៦,៦ ពាន់លានរៀល។
កាលឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារកចំណូលបានចំនួន ១០ ៩៩៨,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ២ ៦៩០,៥ លានដុល្លារ។ ចំនួនកើនឡើង ១៨,៣ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕