ជាតិ
សង្រ្កាន្តឆ្នាំថ្មី
ការផលិតចម្រៀងអបអរឆ្នាំថ្មី ត្រូវគិតពីគ្រឹះនៃចរិតខ្មែរ ជាជាងបទចម្រៀងនាំឱ្យខ្មែរភ្លេចខ្លួនឯង
15, Apr 2023 , 6:59 pm        
រូបភាព
លោក ម៉ៃ  វឌ្ឍនា កវីជនបទ..
លោក ម៉ៃ វឌ្ឍនា កវីជនបទ..
ដោយ៖ សុង សុធាវី 
 
លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ បានប្រាប់សារព័ត៌មានថ្មីៗ ថា បុណ្យចូលឆ្នាំប្រពៃណីជាតិ រៀបចំឡើងដើម្បីអបអរឆ្នាំថ្មី ដែលជាពិធីសប្បាយ តែអ្នកផលិតបទចម្រៀងត្រូវដឹងថា តើឱ្យយុវជនខ្មែរសប្បាយត្រឹមកម្រិតណា? ហើយបង្ហាញពីលក្ខណៈពិសេសនៃពិធីចូលឆ្នាំទាំងមូលចូល ទៅក្នុងខ្លឹមសារនៃបទចម្រៀងទាំងនោះ ដែលវាគឺជាមូលដ្ឋានគ្រឹៈនៃអត្តសញ្ញាណជាតិខ្មែរ។ បុរសអ្នកខេត្តបាត់ដំបងរូបនេះបញ្ជាក់ទៀតថា តូរតន្ត្រីជាចំណីអារម្មណ៍ ដែលឱ្យអ្នកស្តាប់ស្លុងទៅតាមការផលិតរបស់អ្នកនិពន្ធ។ កវីជនបទរូបនេះ សង្កត់ធ្ងន់ថា ការផលិតចម្រៀងដែលបង្កឱ្យមានហិង្សា និង រូបភាពអាសអាភាស ក៏បានជះផលអាក្រក់ដល់សង្គម ពិសេសយុវជន ឱ្យបាត់បង់នូវសីលធម៌ ហើយយូរៗទៅនឹងនាំឱ្យខ្មែរបាត់ភាពជាខ្លួនឯង ។ល។

 
បទសម្ភាសរវាង  អ្នកសារព័ត៌មានថ្មីៗ  កញ្ញា សុង សុធាវី ​ ជាមួយ  លោក ម៉ៃ  វឌ្ឍនា ក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ

ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង វាគ្មិន លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ជាមួយ កញ្ញា សុង សុធាវី អ្នកផលិតកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖
 



 
លោក ម៉ៃ វឌ្ឍនា ដែលមានរហ័សនាមថា «កវីជនបទ» បានពន្យល់បទចម្រៀងចម្រុះសម្រាប់ពិធីចូលឆ្នាំខ្មែរ គឺត្រូវកំណត់ថា តើគួរផ្តល់ភាពសប្បាយតាមរយៈតន្រ្តីនេះ ក្នុងកម្រិតណាចំពោះយុវជនខ្មែរបច្ចុប្បន្ន? 
 
« សម្រាប់ខ្ញុំ ការផលិតហ្នឹងត្រូវតែមានគុណតម្លៃ ចំពោះជាតិយើង  តើចូលឆ្នាំខ្មែរគេលេងល្បែងកម្សាន្តអ្វីខ្លះ? ប្រជាជនខ្មែរ តើពួកគាត់ធ្វើអ្វីខ្លះ? ចម្រៀងខ្មែរ តើមានលក្ខណៈពិសេសបែបណាពីមុនមក? បើយើងអភិវឌ្ឍថ្មី ក៏ត្រូវមានគ្រឹះរបស់វាដែរ។ អ៊ីចឹង យើងផ្តល់ខ្លឹមសារយ៉ាងម៉ិច ដែលបង្ហាញពីការអបអរសាទរតាមរបៀបជនជាតិរបស់យើង»។ នេះជាការលើកឡើងរបស់លោក ម៉ៃ វឌ្ឍនា ប្រាប់សារព័ត៌មានថ្មីៗ។ 
 
សមាជិកក្រុមប្រឹក្សានៃសមាគមអ្នកនិពន្ធខ្មែរខាងលើ បានបន្ថែមថា កូនខ្មែរគ្រប់រូប គួរបង្ហាញពីលក្ខណៈប្រពៃណីជាខ្មែររបស់ខ្លួនទៅកាន់ពិពលោក តាមរយៈបទចម្រៀងចូលឆ្នាំខ្មែរនេះ។ 
បុរសសម្បុរសណ្តែកបាយរូបនេះ ពោលពាក្យដូច្នេះ៖ « ខ្ញុំមានចម្រៀងដែរ ហើយខ្ញុំបានចូលរួមតាមរយៈការផលិតចម្រៀង តាមបែបប្រពៃណីទំនៀមទម្លាប់ខ្មែរហ្នឹង បានចាក់ផ្សាយឱ្យគេស្តាប់ដែរ។ គ្រាន់តែថា លទ្ធភាពក្នុងការផ្សាយហ្នឹង យើងធ្វើតាមតែអ្វីដែលយើងអាចធ្វើទៅបាន។ ពុំមានកន្លែងណាផ្សេងទៀត ដែលអាចជួយចាក់ផ្សាយបានទេ ហើយបទចម្រៀង ដែលខ្ញុំតែងតែផលិតឡើង ច្រើនតែនិយាយពីប្រពៃណីទំនៀមទម្លាប់ ល្បែងប្រជាប្រិយ ការរាំលេងសប្បាយ កម្មវិធីចោលឈូងទាញព្រ័ត្រ ។ល»។ 
 
កវីជនបទ ដែលជាអ្នកមកពីខេត្តបាត់ដំបងរូបហ្នឹង បានបញ្ជាក់បន្ថែមថា ចំពោះការប្រើពាក្យពេចន៍ក្នុងបទចម្រៀង លោករមែងមានការប្រុងប្រយត្ន័ជានិច្ច ព្រោះជារឿងសំខាន់ណាស់ សម្រាប់អ្នកស្តាប់ ដែលវាមានឥទ្ធិពលដល់តន្តី្រករផ្ទាល់ ហើយក៏អាចផ្តល់នូវចំណេះដឹង សម្រាប់សិស្ស - និសិ្សតផងដែរ។  ជាមួយគ្នាដែរ លោក វឌ្ឍនា តែងតែផ្សាភ្ជាប់ទីតាំងភូមិសាស្រ្តក្នុងខេត្តនីមួយៗ ចូលទៅក្នុងស្នាដៃបទចម្រៀងរបស់ខ្លួន ហើយរំលេចនូវតម្លៃ អប់រំ ក៏ដូចជាចំណេះដឹងនៅក្នុងខ្លឹមសារនៃបទចម្រៀងខ្លួនជានិច្ច។ 
 
«អ៊ីចឹង យើងបានផ្ញើពាក្យអស់ហ្នឹង សម្រាប់ឱ្យអ្នកស្តាប់គេសប្បាយផង ហើយទទួលបានប្រយោជន៍ពីយើងផង នៅក្នុងបទចម្រៀងហ្នឹង! សប្បាយទាំងការលេងសើច បានទាំងរាំលេង បានស្គាល់ពីបរិបទនៅតំបន់ហ្នឹង  ហើយសប្បាយបានលេងល្បែងប្រជាប្រិយផង និង ការអប់រំផង ហ្នឹងជាអ្វីដែលយើងបានធ្វើកន្លងមក»។ នេះជាការបន្ថែមសេចក្តី របស់កវីជនបទ លោក  ម៉ៃ វឌ្ឍនា។
 
អ្វីជាចម្រៀងបំពុលសង្គម នាបច្ចុប្បន្ន? ហើយវាជះឥទ្ធិពលដូចម្តេចដល់សង្គម ពិសេសយុវជនខ្មែរ?
 
ត្រង់ចំណុចនេះ លោក ម៉ៃ វឌ្ឍនា សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកនិពន្ធខ្មែរ ដែលផ្តោតលើការនិពន្ធបទភ្លេង និង ទំនុកច្រៀង បានលើកឡើងថា ចម្រៀងខ្មែរបច្ចុប្បន្ន មានការប្រែប្រួលតាមរយៈទំនោរនៃសាកលភាវូបនីយកម្មច្រើន ហើយចម្រៀងខ្មែរបានបត់បែនទៅតាមអ្នកផលិតចម្រៀងមួយចំនួន ដែលនិយមយកលំនាំបទ និងចរិតឬកពារពីប្រទេសថៃ កូរ៉េខាងត្បូង  ចិន  លោកខាងលិច ។ល។  កត្តាទាំងអស់នេះបានធ្វើឱ្យចម្រៀងខ្មែរសព្វថ្ងៃបាត់នូវសម្ផស្ស ព្រោះសិល្បៈវាមានន័យសំខាន់ណាស់ក្នុងការសម្តែង។ 
 
«តូរ្យតន្ត្រីជាបណ្តុំនៃអារម្មណ៍ ដែលឱ្យអ្នកស្តាប់ស្លុងទៅតាមការផលិតរបស់អ្នកនិពន្ធ។ អ៊ីចឹង យើងឃើញថា កន្លងមកចម្រៀងច្រើនណាស់ ដែលបាននាំចូលមក ដោយសារអ្នកនិពន្ធរបស់យើង។ ទោះគេចាត់ទុកថាជាសេរីភាព តែហាក់មិនបានគិតពីផលលំបាកទៅថ្ងៃក្រោយនៅក្នុងសិល្បៈចម្រៀង ដែលវាជះឥទ្ធិពល។ អ្នកខ្លះគិតថា វាជាសេរីភាពក្នុងការលេង ការផលិត ការនិពន្ធរបស់យើង ដែលវាជាការកម្សាន្តអារម្មណ៍ក្តី ញាក់កន្រ្តាក់អារម្មណ៍ក្តី ។ល។ វាអាចនឹងជះឥទ្ធិពល ហើយវាមិនបានហុចផលឱ្យភ្លាមទេ តែជាការជះឥទ្ធិពលទៅថ្ងៃអនាគត។ អ៊ីចឹង មួយរយៈក្រោយនេះ ទាក់ទងនឹងចំរៀង អសីលធម៌ ចម្រៀងដែលបង្ករឱ្យមានហិង្សា តែងឃើញមានការចាក់ផ្សាយហូហែរ  ហើយទាំងនេះ វាជះឥទ្ធិពលអាក្រក់ដល់សង្គម ពិសេសយុវជន ហើយយូរៗទៅ ធ្វើឱ្យយើងបាត់ខ្លួនឯង។ មួយវិញទៀត ក្មេងដែលគ្នាខ្សោយបញ្ញា ក្រោយស្តាប់បទចម្រៀងបែបហ្នឹងយូរៗទៅ នោះក្មេងនឹងលែងសូវមានសីលធម៌ ហើយពាក្យសម្តី លែងស្គាល់ល្អ អាក្រក់»។   លោក ម៉ៃ វឌ្ឍនា បានសង្កត់ធ្ងន់បែបនេះ។
 
បុរសវ័យជាង៤០ឆ្នាំខាងលើនេះ ឆ្លៀតបន្ថែមថា ចម្រៀងខ្លះ នាបច្ចុប្បន្ន ហាក់មិនបានផ្តល់ប្រយោជន៍អ្វីដល់សង្គមខ្មែរទេ តែបែជានាំឱ្យមនុស្សសប្បាយរហូតដល់ភ្លេចគិត និងអាចលែងស្គាល់ខ្លួនឯងជាដើម។ ជាពិសេសជះឥទ្ធិពលអាក្រក់ទៅកាន់ក្មេងៗជំនាន់ក្រោយ ឱ្យខ្វះនូវសីលធម៌ ដោយសារតែចម្រៀង ដែលបង្ហាញនូវភាព អាសអាភាស ច្រឡើសបើស ទៅវិញ។ ទោះបីជាមានអ្នកខ្លះអះអាងថា បទចម្រៀងអមដោយរូបភាពអវិជ្ជមានទាំងនោះ វាមិនអាចប៉ះពាល់ដល់មនុស្សទេ តែវានឹងជ្រាបទៅក្នុងក្រអៅបេះដូងរបស់មនុស្សបន្តិចម្តងៗ រហូតពួកគេយល់ឃើញថា ចំណុចទាំងអស់នេះ ជាចំណុចទាន់សម័យ។ រីឯ ចម្រៀងពីសម័យមុនមិនទាន់សម័យ ហើយប្រៀបធៀបជាមួយប្រទេសមួយចំនួន ពីយុវជនវ័យក្មេងទាំងនោះ។
 
ជារួម «កវីជនបទ» លោក ម៉ៃ វឌ្ឍនា មិនបានច្រានចោលពីការលើកឡើងថា «ចម្រៀងខ្មែរមួយចំនួនមិនទាន់សម័យកាល ស្របតាមចិត្តរបស់យុវជនខ្មែរសម័យនេះភាគច្រើនទេ» ។ តែលោកបានដាស់តឿនដល់អ្នកផលិតប្រភេទចម្រៀងទាំងនោះ ឱ្យគិតដល់ផលប៉ះពាល់អាក្រក់ នាពេលអនាគតដល់សង្គម ពិសេសយុវជនខ្មែរ ដែលវាប្រៀបដូចជាការបាចថ្នាំពុល ទៅកាន់មហាជនឱ្យទទួលប្រើប្រាស់ដូច្នោះដែរ។ ប៉ុន្តែក្នុងនាមអ្នកនិពន្ធដែលមានបេះដូងជាតិនិយម ត្រូវទទួលខុលត្រូវរាល់ស្នាដៃចេញផ្សាយរបស់ខ្លួន ដោយគួរផ្តល់ឱ្យតែចម្រៀងមានគុណភាព  បំរើឱ្យឧត្តមគតិជាតិ ហើយផ្តល់នូវភាពជាគំរូ ទៅកាន់អ្នកជំនាន់ក្រោយ ទើបជារឿងដែលល្អប្រសើរក្នុងនាមជាខ្មែរ៕
  
 

Tag:
 ចូលឆ្នាំខ្មែរ
  សិល្បៈ
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com