ជាតិ
សង្រ្កាន្តឆ្នាំថ្មី
កម្ពុជា បំបែកកំណត់ត្រា រាំម៉ាឌីហ្សុន ម្ដងទៀត
15, Apr 2023 , 10:41 am        
រូបភាព
កម្ពុជាទទួលបានកំណត់ត្រាសារជាថ្មី លើចំនួនអ្នកចង្វាក់រាំម៉ាឌីហ្សុនច្រើនជាងគេលើពិភពលោក (Largest Madison Dance) ពី Guinness World Records ដោយមានអ្នកចូលរួមចំនួន៥០០០នាក់ នៅបរិវេណលានជល់ដំរី ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ថ្ងៃទី១៥ ខែមេសានេះ។ នេះជាការបំបែកកំណត់ត្រាខ្លួនឯងរបស់កម្ពុជាដែលសម្រេចបានកាលពី៨ឆ្នាំមុន ដោយមានអ្នកចូលរួម២០១៥នាក់។

 
នៅឆ្នាំ២០១២ កម្ពុជាបានទទួលកំណត់ត្រាពិភពលោកលើចំនួនអ្នកចូលរួមរាំចង្វាក់ម៉ាឌីហ្សុនច្រើនជាងគេ ដោយមនុស្ស ៩២៩នាក់។ ព្រឹត្តិការណ៍នាពេលនោះ ប្រព្រឹត្តទៅនៅមុខវត្តបទុមវតី ក្រោមការរៀបចំរបស់ក្រុមការងារ Loy9 របស់មូលនិធិ BBC Media Action។
 
នៅឆ្នាំ២០១៤ អូស្ត្រាលី បានក្លាយជាម្ចាស់កំណត់ត្រាថ្មី ដោយមានអ្នកចូលរួមចំនួន១១៥៥នាក់។ នាពិធីអង្គរសង្ក្រាន្តឆ្នាំ២០១៥ កម្ពុជាបានក្លាយជាម្ចាស់កំណត់ត្រាសារជាថ្មី ដោយមានអ្នកចូលរួមចំនួន២០១៥នាក់ ក្រោមការរៀបចំរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
 
៨ឆ្នាំក្រោយមក កម្ពុជា បន្តបំបែកកំណត់ត្រាពិភពលោករបស់ខ្លួន ដោយមានអ្នកចូលរួមរាំប្រមាណ៥០០០នាក់។ លោក ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ការរៀបចំនេះ គឺធ្វើនីតិវិធីដែលកំណត់ដោយ Guinness World Records។ 
 
លោកបានលើកឡើងថា៖ «យើងអាចប្តូរទៅរាំវង់ ឆាឆាឆា ក៏បាន ប៉ុន្តែជាបទពិសោធន៍ កម្មវិធីមិនមែនត្រឹមតែជាការសប្បាយទេ តែជាការបំផុសស្មារតី ហើយផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ អ្នកដែលចូលរួមហ៊ានលះបង់បេះដូង និងផ្លូវចិត្ត។ បទពិសោធន៍២០១៥ ពួកគាត់លះបង់ក្រៃលែងណាស់»។
 
លោក ហ៊ុន ម៉ានី បានពន្យល់ថា៖ «ជាចំណុចមួយដែលពួកខ្ញុំបំភ្លេចមិនបាន គឺមានប្អូនស្រីម្នាក់ដែលបានចូលរួមបំបែកឯតទគ្គកម្មម៉ាឌីហ្សុននេះ ដោយសារមានជំងឺ ហើយគ្រាន់ត្រូវស្លាប់។ ក្នុងនោះ គាត់បានផ្តាំផ្ញើទៅឪពុកម្តាយគាត់ ជាពិសេសម្តាយរបស់គាត់ យកអាវដែលគាត់ពាក់ក្នុងកម្មវិធីបំបែកនេះ ទៅជាមួយគាត់។ អ៊ីចឹងនេះ ហើយដែលខ្ញុំផ្សារភ្ជាប់ជាអនុស្សាវរីយ៍ មិនមែនគ្រាន់តែមករាំសប្បាយទេ»៕

© រក្សាសិទ្ធិដោយ thmeythmey.com