ជាតិ
ផ្លែគុយ នៅតំបន់អង្គរ មិនសូវសម្បូរឡើយនៅឆ្នាំនេះ
15, Apr 2023 , 2:59 pm        
រូបភាព
ហឿន សុភ័ក្រ្ត
 
សៀមរាប៖ ផ្លែគុយនៅតំបន់អង្គរដល់រដូវហើយ តែឆ្នាំនេះមិនសូវសម្បូរប៉ុន្មានទេ។  ផ្លែគុយជាផ្លែឈើព្រៃ និងមានរសជាតិជូរអែម និងមានការពេញនិយមពិសាពីប្រជាពលរដ្ឋខ្មែរ។ នៅតំបន់ព្រៃអង្គរ ផ្លែគុយតែងហុចផលជាប្រចាំ ដែលអនុញ្ញាតឱ្យពលរដ្ឋតំបន់នេះដើរបេះ អនុផលទាំងនោះ និងយកមកលក់តាមដងផ្លូវដែលឃើញភាគច្រើន គឺអតីតផ្លូវហ្សង់កូម៉ៃ។

 
អ្នកលក់មួយរូប គឺអ្នកស្រី ជា ងិក អាយុ៥២ឆ្នាំ កំពុងអង្គុយលក់នៅក្រោមឆ័ត្រ ជាមួយក្មួយ កូនៗ និងចៅ បានប្រាប់សារព័ត៌មានថ្មីៗថា គាត់ជាអ្នកលក់ផ្លែឈើព្រៃនេះជាង៣០ ឆ្នាំហើយ។ ពីមុនរូបគាត់ជាអ្នកដើរបេះផ្ទាល់យកមកលក់ខ្លួនឯង តែដោយសារវ័យកាន់តែចាស់ ហើយមិនអាចឡើងបេះផ្លែគុយក្នុងព្រៃដែលមានកម្ពស់រហូតជាង១០ម៉ែត្រ ទើបបច្ចុប្បន្នអ្នកស្រីត្រូវទិញពីអ្នកដើរបេះ យកមកលក់បន្ត។ តម្លៃគុយនៅឆ្នាំ  លក់ក្នុងមួយគីឡូក្រាមតម្លៃ ២០ ០០០រៀល និងលក់ជាចង្កោម គឺ ១០ ០០០រៀល។ ក្នុងមួយថ្ងៃៗជាមធ្យម អ្នកស្រី ជា ងិក អាចលក់គុយបានពី ៥-៦គីឡូក្រាម។ 
 


នៅមិនឆ្ងាយពីកន្លែងលក់របស់អ្នកស្រី ជា ងិក យុវតីមួយរូប កំពុងជួយលក់ម្តាយ ដោយទឹកមុខញញឹម និងបាននិយាយថា  ផ្លែគុយដែលលក់នេះ គឺយកតពីអ្នកដើរបេះក្នុងព្រៃពីបន្ទាយស្រី និងរុនតាឯក។ ចំពោះតម្លៃលក់វិញ មួយគីឡូក្រាម តម្លៃ៥ដុល្លារ និងលក់ជាចង្កោម ១២ ០០០រៀល ហើយអ្នកទិញភាគច្រើនគឺនៅភ្នំពេញ និងអតិថិជនទិញ តាមអនឡាញ។ 
 
តាមការបញ្ជាក់ពីអ្នកលក់ ផ្លែគុយចាប់ផ្តើមដល់ចាប់ពីពាក់កណ្ដាលខែ កុម្ភៈ មក ហើយសម្បូរខ្លាំងនៅក្នុងខែមេសានេះ និងអាចអស់នៅកំឡុងខែ មិថុនា។ តាមការលើកឡើងរបស់អ្នកលក់ ឆ្នាំនេះគុយមិនសូវសម្បូរទេ ចំណែកការលក់ក៏បានថ្លៃតាមនោះដែរ៕
 


















© រក្សាសិទ្ធិដោយ thmeythmey.com