ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អ្នកលក់កាំភ្លើងបាញ់ទឹកនៅតំបន់ផាប់ស្រ្ទីតកាក់កបច្រើន
16, Apr 2023 , 9:59 am        
រូបភាព
ដោយ៖ ហឿន សុភ័ក្រ្ត 
សៀមរាប៖ អ្នកលក់កាំភ្លើងបាញ់ទឹក ម្សៅ និងសម្ភារៈលេងទឹកមួយចំនួនទៀត ហាក់កាក់កប នារដូវបុណ្យចូលឆ្នាំថ្មីនេះ។

 
ក្រៅពីទស្សនាតំបន់ប្រាសាទ ក្នុងនោះទេសចរដែលមកកម្សាន្តខេត្តសៀមរាបនាឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ពិសេសព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ក៏និយមលេងបាញ់ទឹក ប៉ាតម្សៅដែរ ពិសេសនៅតំបន់ផាប់ស្រ្ទីត កណ្ដាលក្រុងសៀមរាប ចាប់ពីរសៀលដល់យប់ជ្រៅ។ 
 


អ្នកស្រី ឡុន យ៉េង ជាអ្នកលក់កាំភ្លើងបាញ់ទឹក ជាប់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ច្រកចូលទៅកាន់ផាប់ស្ត្រីតបានឱ្យដឹងថា ចាប់ផ្តើមលក់តាំងពីថ្ងៃទី១៣ មេសា មកម្ល៉េះ ហើយគិតមកដល់ថ្ងៃទី១៥មេសា លក់បានកាំភ្លើងបាញ់ទឹកតូចធំបានប្រមាណ៥០ដើម ដែលមានតម្លៃចាប់ពី ៣ម៉ឺនរៀល រហូត១០ម៉ឺនរៀល។  
 


ប៉ៃណៃរ៉ាបី ជាឈ្មោះហាងរបស់ ពីរនាក់ប្តីប្រពន្ធ មានទីតាំងលក់ជាប់ខាងជើងភ្លើងស្តុបកោះកេរ្តិ៍  បានឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃកន្លងមកនេះ លក់បានកាំភ្លើងប្រហែល ៨០កាំភ្លើង ដែលមានតម្លៃពី ៣ទៅ៣០ ដុល្លារ។ ក្រៅពីនោះ ហាងនេះក៏មានលក់មួក វ៉ែនតា កាបូបការពារជ្រាបទឹក ក្នុងតម្លៃចាប់ពី១ម៉ឺនទៅ ១២,០០០រៀល។ 
 


​អ្នកល់ម្នាក់ទៀត គឺអ្នកស្រី ឡៃ ជាអ្នកលក់រាយផង បោះដុំផង ដែលកំពុងដាក់​លក់នៅខាងលិច​ធានាគារកាណាឌីយ៉ា បានប្រាប់ថា ឆ្នាំនេះទាំងការបោះដុំ និងលក់រាយហាក់ថយចុះបន្ដិច គឺលក់មិនសូវដាច់ដូចឆ្នាំមុនទេ ដោយសារមានអ្នកលក់ច្រើន។ ចំណែក ឥវ៉ាន់ទាំងអស់គឺ អ្នកស្រីកាត់ស្តុកយកមកពីម៉ូយធំៗនៅសៀមរាប ដែលគេយកមកពីប្រទេសចិនផ្ទាល់៕
 



 

Tag:
 ចូលឆ្នាំ
  ផាប់ស្ទ្រីត
© រក្សាសិទ្ធិដោយ thmeythmey.com