ជាតិ
យ៉ានតាមដងផ្លូវ
រថយន្តធុនធ្ងន់ អាយុ ៤០ ដល់៥០ឆ្នាំ ប្រមាណ១០គ្រឿង ត្រូវបានទុកចោលនៅឃ្លាំងមួយនៅឃុំផ្អាវ
16, Apr 2023 , 3:59 pm        
រូបភាព
ដោយ៖ យ៉ាន
កំពង់ចាម៖ នៅ​គីឡូម៉ែត្រ​លេខ៦៤ នៃផ្លូវជាតិ​លេខ៦ នៅ​ភូមិ​ផ្អាវ ឃុំផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់​ចាម មាន​ឃ្លាំងមួយ ដែលមាន​រថយន្ដធុនធ្ងន់បុរាណជិត១០គ្រឿង។ វា​ខូច​ច្រើន​ណាស់ ដែលជិះ​លែង​កើត​ទាំង​អស់។ សុទ្ធតែ​ឡាន​ធំ​ពី​ចុង​ទសវត្សរ៍ឆ្នាំ​១៩៧០ និង​ទសវត្សរ៍​ឆ្នាំ​១៩៨០។​ ភាគច្រើន​ជារថយន្ដ​ម៉ាក​ចិន 红岩 (ជា​អក្សរ​ឡាតាំង HONGYAN) ប្រភេទ CQ ម៉ូឌែល 3192BL381 ពណ៌​លឿង ដែល​មាន​អាយុកាល​៤០ឆ្នាំ​ហើយ។ ក៏មានឡាន 红岩 ប្រភេទដូចគ្នា ម៉ូឌែល 4190SWQ35 ១គ្រឿង​ដែរ។ វា​ជា​រថយន្ដធំ​ដើម្បី​អូស​សណ្ដោង​កុងតឺន័រ ខណៈម៉ូឌែល 3192BL381 មាន​បែន​នៅ​ក្រោយ ដែល​អាច​លើក​បាន។

 
ព័ត៌មានលម្អិតសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះ៖

 
ឆ្នាំ​១៩៦៥ រដ្ឋភិបាល​ចិន​បង្កើត​គម្រោង​ផលិត​រថយន្ដមួយហៅ​ ស៊ីឈួន តាម​ឈ្នោះ​ខេត្តស៊ីឈួន ដែល​ស្ថិតនៅ​កណ្ដាល​ប្រទេស​ចិន។ គោលបំណង​គឺ​ផលិត​ឡាន​ធុនធ្ងន់ សម្រាប់យោធា។ នេះ​ជា​ដើម​កំណើត​នៃ​ក្រុមហ៊ុន​ស្ថាប័ន​រដ្ឋ 红岩 ។ តាម​ពិត 红岩 គឺ​ជា​ឈ្មោះ​ភូមិវិទ្យា។ គឺ​ជា​ឈ្មោះ​ទន្លេ​មួយ និង​ទី​ក្រុង​មួយ ស្ថិត​នៅ​ក្នុង​តំបន់​តែ​មួយ។ ចាប់​ពី​ឆ្នាំ​១៩៦៦ ត្រូវ​ចាប់ផ្ដើម​ផលិត​ប្រភេទ​ឡានដំបូង ចម្លង​តាម​រថយន្ដ​បារាំង​ម៉ាក BERLIET ។
  


ដើម​ឆ្នាំ​១៩៨០ រដ្ឋាភិបាល​ចិន​ចុះ​កិច្ចសន្យា ជាមួយ​ក្រុមហ៊ុន​អូទ្រីស STEYR ដែល​ក៏​ផលិត​ឡាន​ធំ​ដែរ។ មុន​ដំបូង​ 红岩 ផលិត​រថយន្ដ​ធុនធ្ងន់ STEYR ប្រភេទ 91 ក្រោម​ឈ្មោះ 红岩 CQ. STEYR 91 ត្រូវ​បានច្នៃ​ប្រឌិត​ឆ្នាំ​១៩៧៨។ 红岩 CQ3192BL381 និង 红岩 CQ4190SWQ35 ជា​ម៉ូឌែល២ ក្នុង​ចំណោមម៉ូឌែល​ជា​ច្រើនណាស់ ដែល​ត្រូវ​បាន​ផលិត ទូទាំង​ប្រទេស​ចិន ក្នុង​​រោងចក្ររាប់រយ​កន្លែង! ប្រភេទ​ឡាននេះ មានលេខកូដ​ក្រុមហ៊ុន​ស្មុគ​ស្មាញ ដោយសារ​មាន​ម៉ូឌែល​​ច្រើន​មុខ​ណាស់ ដែល​ផ្សេងពីគ្នា​បន្តិច។ ក្រោយ​​ក្បាល ដែល​ជាអក្សរគ្រឹះ CQ មាន​លេខ៤តួ ដែលតំណាង​ឱ្យ​សាស៊ី (ម៉ូឌែល)។ ក្រោយលេខ​៤តួ មានអក្សរ ដែលតំណាង​ឱ្យទ្រង់ទ្រាយ (ស៊េរី)។ ហើយ​ក្រោយ​​អក្សរនោះ មានកន្ទុយទៀត ដែល​ជា​លេខតំណាង​ឱ្យឧបករ​ណ៍បន្ថែម។
 


គម្រោង​រដ្ឋ​នេះបាន​ជោគជ័យ។ មិនមាន​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស ក៏ប៉ុន្តែ​ត្រូវ​លក់​ក្រុមសម្ព័ន្ធ​ទៅ​ឱ្យ​ស្ថាប័ន​ឯកជន​វិញ ដោយ​បែងចែក​ជា​ក្រុមហ៊ុន​ផ្សេងៗ នា​ឆ្នាំ​១៩៨៥។ យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន CNHTC ក៏ដោយ ក្រុមហ៊ុន SHAANXI ក៏ដោយ និងក្រុមហ៊ុន CHONGQING HONGYAN AUTOMOBILE ក៏ដោយ ក៏​បន្ត​ផលិត​រថយន្ដ​ធុនធ្ងន់ច្នៃ​ប្រឌិត​ដោយ​ក្រុមហ៊ុន STEYR ទៅ​ទៀត។ រហូត​ដល់​ពេលបច្ចុប្បន្ននេះ ក៏គេ​នៅ​តែ​ផលិត​ឡាន​ធំ​ប្រភេទ​នេះបន្ត ដោយ​មាន​ឈ្មោះ​ផ្សេង ! វាទំនើប​ជាង ក៏ប៉ុន្តែ​គេ​ប្រើ​សាស៊ី​ដដែល ដើម្បី​ផលិត​រថយន្ដ​បែន និង​រថយន្ដ​អូស​សណ្ដោងកុងតឺន័រ។


ឆ្នាំ​២០០៦ ក្រុមហ៊ុនឡាន​ធំ​អ៊ីតាលី IVECO ទិញ​ភាគ​ហ៊ុនរបស់ 红岩 ៥០% ដើម្បី​ផលិត​រថយន្ដ​ធុន​ធ្ងន់អូស​សណ្ដោង​កុងតឺន័រ IVECO ក្រោម​ម៉ាក 红岩 សម្រាប់​ទីផ្សារ​ចិន៕
 






 

Tag:
 រថយន្ត
  យានយន្ត
  ឡានបុរាណ
  រថយន្តបុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com