ជាតិ
សង្រ្កាន្តឆ្នាំថ្មី
អុកចត្រង្គ៖ ក្រោយបរាជ័យវគ្គផ្ដាច់ព្រ័ត្រ ឈាវ បូរ៉ា មើលឃើញថា សុខ លឹមហេង ពូកែចាប់ឱកាស នៅពេលខ្លួនភ្លាត់ស្នៀត
16, Apr 2023 , 2:55 pm        
រូបភាព
ឈរលើក្ដារជ័យលាភី រាប់ពីឆ្វេងមកលេខ២ ឈាវ បូរ៉ា, លេខ១ សុខ លឹមហេង និងលេខ៣ ហេង សៅឌី នៃព្រឹត្តិការណ៍ស្ដេចអុកចត្រង្គ នៃអង្គរសង្ក្រាន្ត នាឆ្នាំ២០២៣
ឈរលើក្ដារជ័យលាភី រាប់ពីឆ្វេងមកលេខ២ ឈាវ បូរ៉ា, លេខ១ សុខ លឹមហេង និងលេខ៣ ហេង សៅឌី នៃព្រឹត្តិការណ៍ស្ដេចអុកចត្រង្គ នៃអង្គរសង្ក្រាន្ត នាឆ្នាំ២០២៣
កីឡាករ សុខ លឹមហេង បានគ្រងតំណែងស្ដេចអុកចត្រង្គ ឆ្នាំ២០២៣ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោយយកឈ្នះលើកីឡាករ ឈាវ បូរ៉ា នៅថ្ងៃទី១៦ មេសា។ សម្រាប់ ឈាវ បូរ៉ា ទទួលស្គាល់សមត្ថភាព សុខ លឹមហេង ថា ពិតជាសាកសមជាស្ដេចអុកចត្រង្គ មែន ។ 

កីឡាករ ឈាវ បូរ៉ា មើលឃើញចំណុចខ្លាំងរបស់ សុខ លឹមហេង គឺពូកែចាប់យកឱកាសនៅពេល ដែលខ្លួនភ្លាត់ស្នៀតបន្តិច នៅក្នុងការប្រកួតដណ្ដើមតំណែងស្ដេចអុកចត្រង្គ នេះ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អតីតស្ដេចអុកពីរឆ្នាំជាប់គ្នារូបនេះ បាននិយាយថា៖«គាត់(សុខ លឹមហេង) មានភាពខ្លាំងក្នុងការចល័តកូនអុកដើរលើក្ដារច្រើន ហើយនៅពេលដែលខ្ញុំធ្វេសប្រហែស គាត់អាចគ្រប់គ្រងឱកាសគាត់បាន ធ្វើឱ្យគាត់ទទួលបានជ័យជម្នះ។ ហើយគាត់ពិតជាសាកសមទទួលបានងារជាស្ដេចអុកនេះហើយ»។
 
នេះជាលើកទី២ហើយ ដែល ឈាវ បូរ៉ា បានចាញ់ សុខ លឹមហេង នៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមតំណែងស្ដេចអុកចត្រង្គ។ កាលពីឆ្នាំ២០១៨ នៃព្រឹត្តិការណ៍ស្ដេចអុកអង្គរសង្ក្រាន្តនេះ ឈាវ បូរ៉ា ក៏ចាញ់ សុខ លឹមហេង ដែរ។ តែយ៉ាងណា ឈាវ បូរ៉ា មិនអាក់អន់ចិត្តទេ ព្រោះការប្រកួតតែងតែមានចាញ់-ឈ្នះ។ ជាពិសេសការប្រកួតក្បួនអុកនេះ ក្រៅពីប្រើយុទ្ធសាស្រ្តហើយ វាក៏ពឹងផ្អែកលើឱកាសផងដែរ។ 
 
ក្នុងការប្រកួតស្ដេចអុកប្រចាំឆ្នាំ នាវគ្គផ្ដាច់ព្រ័ត្រនេះ មានភាពស្វិតស្វាញយ៉ាងខ្លាំងរវាងកីឡាករជើងខ្លាំងទាំងពីរ ទម្រាំរកឃើញជើងឯក។ សម្រាប់ការប្រកួតនេះ មានចំនួន២ក្តារប៉ុណ្ណោះ ដោយកីឡាករ សុខ លឹមហេង ឈ្នះមួយក្ដារ និងស្មើមួយក្ដារ ។ ដូច្នេះការសម្រេចតាមលក្ខខណ្ឌនោះ គឺតម្រូវឲ្យ សុខ លឹមហេង ជាអ្នកទទួលបានជ័យជម្នះ ហើយក៏ជាលើកទី២ នៃការគ្រងតំណែងស្ដេចអុកចត្រង្គនេះដែរ។
 
សម្រាប់ជ័យលាភីលេខ១ បាន១០លានពីសម្ដេច និង២០លានពីគណ:កម្មាធិការរៀបចំអង្គរសង្ក្រាន្ត និងពានខុនមួយ, លេខ២ បាន៨លានរៀលពីសម្ដេច និង១០លានពីគណៈកម្មាធិការ និងពានគោលមួយ, លេខ៣ បាន៤លានរៀលពីសម្ដេច និង២លានរៀលពីគណៈកម្មាធិការ និងពាននាងមួយ និងលេខ៤ បាន២លានរៀល និង៨០ម៉ឺនរៀល។ សម្រាប់លេខ៥ដល់លេខ៨ បាន២លានរៀល។
 
គួរបញ្ជាក់ថា កីឡាករ ឈាវ បូរ៉ា ធ្លាប់គ្រងតំណែងស្ដេចអុក ២លើកជាប់គ្នាមកហើយ នៅឆ្នាំ២០១៤ និង២០១៥។ ដៅយឡែក សុខ លឹមហេង ក៏គ្រងតំណែងស្ដេចអុកមួយលើកដែរ នៅឆ្នាំ២០១៨ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត៕

Tag:
 អុកចត្រង្គ
  សង្ក្រាន្ត
  ចូលឆ្នាំខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com