ជាតិ
និស្សិតកសិកម្ម នៃគម្រោងរេដបូក សន្យាយកជំនាញខ្លួនទៅជួយសហគមន៍ កាត់បន្ថយការកាប់ឈើ និងបាញ់សត្វ
18, Apr 2023 , 8:59 am        
រូបភាព
លោក ថន ខាក់ និស្សិតសិក្សាជំនាញកសិកម្ម វិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបភាព៖ ឈុំ ចន្ថា
លោក ថន ខាក់ និស្សិតសិក្សាជំនាញកសិកម្ម វិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ រូបភាព៖ ឈុំ ចន្ថា
ពោធិ៍សាត់៖ លោក ថន ខាក់ ដែលកំពុងសិក្សាជំនាញកសិកម្ម បានសន្យាយកជំនាញរបស់ខ្លួន ទៅអភិវឌ្ឍសហគមន៍ ដើម្បីជួយកាត់បន្ថយការកាប់បំផ្លាញ់ព្រៃឈើ និងបរបាញ់សត្វ។ ការប្ដេជ្ញាដូច្នេះ ក្រោយ លោក ទទួលបានអាហារូបករណ៍ពីគម្រោងអប់រំ​សហគមន៍ «រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង» សិក្សាជំនាញ វិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។


 
គម្រោងរេដបូកនៃតំបន់ជួរភ្នំក្រវាញខាត្បូង ផ្តល់ជូនរាល់តម្រូវការរបស់និស្សិតក្នុងអំឡុងពេល៤ឆ្នាំ នៃកម្មវីធីសិក្សារួមមាន ថ្លៃសិក្សា និងប្រាក់ឧបត្ថមសម្ភារសិក្សា ថ្លៃអាហារ កន្លែងស្នាក់នៅ រួមទាំងថ្លៃទឹក ភ្លើង ការធានារ៉ាប់រងគ្រោះថ្នាក់ និងសុខភាព ជាដើម។ គម្រោងនេះ បានការគាំទ្រពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance)។
 
លោក ថន ខាក់ មានស្រុកកំណើតនៅភូមិអូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានលើកឡើងថា គម្រោងរេដបូក បានផ្ដល់ឱកាសដល់រូបគេ​ បន្តការសិក្សាលើជំនាញ វិទ្យាសាស្រ្តកសិកម្ម។ ការចាប់យកជំនាញកសិកម្ម ព្រោះតែវិស័យមួយនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកម្ពស់ជីវភាពប្រជាសហគមន៍របស់ខ្លួន។


 
បើតាមនិស្សិតរូបនេះ ពីដើមឡើយ ពលរដ្ឋគ្មានអ្វីជាទីពឹង ក្រៅពីការកាប់ឈើ និងបរបាញ់សត្វ ដើម្បីបានចំណូលនោះទេ ប៉ុន្តែបច្ចុប្បន្ន ពួកគេមានការយល់ដឹង និងស្រលាញ់ធនធានធម្មជាតិច្រើន។ អ្នកខ្លះបានបញ្ឈប់ការកាប់បំផ្លាញ់ព្រៃឈើ និងបរបាញ់សត្វ ហើយងាកមកធ្វើការងារកសិកម្មវិញ។ 
 
ទោះជាបែបនេះក្ដី ការធ្វើកសិកម្មរបស់ប្រជាសហគន៍នៅមិនទាន់រីកចម្រើនប៉ុន្មានទេ ដោយសារ ពួកគេធ្វើតាមបែបប្រពៃណី ដែលកង្វះទាំងបច្ចេកទេស និងការថែទាំ ជាដើម។ 
ដោយឃើញពីចំណុចខ្វះខាតទាំងនេះ លោក ថន ខាក់ បានប្ដេជ្ញាប្រឹងប្រែងរៀនសូត្រ ហើយយកជំនាញកសិកម្មដែលខ្លួនមាន ទៅជួយអភិវឌ្ឍសហគន៍ឱ្យមានភាពរីកចម្រើន តាមរយៈការផ្ដល់បច្ចេកទេស, ការថែទាំ, ដាក់ជី និងបង្កាត់ពូជ ជាដើម ដើម្បីធ្វើយ៉ាងណាប្រែក្លាយពីការធ្វើកសិកម្មបែបប្រពៃណី ទៅជាទំនើប។
 
កាលណា ពលរដ្ឋមានចំណូលពីកសិកម្ម​ នឹងធ្វើឱ្យពួកគេ កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វ ផងដែរ។ នេះជាការលើកឡើងរបស់លោក ថន ខាក់ ដោយបន្ថែមដូច្នេះថា៖«នឹងខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ ហើយខ្លាំង ដើម្បីយកចំណេះជំនាញ ដែលខ្ញុំបានហ្នឹង ទៅជួយអភិវឌ្ឍសហគមន៍របស់ខ្ញុំឱ្យរីកចម្រើនឈានទៅមុខ ដើម្បីឱ្យពួកគាត់កាត់បន្ថយកាប់បំផ្លាញ់ព្រៃឈើ និងបរបាញ់សត្វព្រៃ។ ខ្ញុំចង់ឱ្យគាត់ឈប់អាស្រ័យផលលើព្រៃឈើ ហើយងាកចាប់កសិកម្ម តាមបែបទំនើបវិញ ដែលគាត់ធ្វើលើផ្ទៃដីតូច តែបានទិន្នផលខ្ពស់»។ 
យុវជន ថន ខាក់ ជានិស្សិតម្នាក់ក្នុងចំណោម ១៦នាក់ ដែលទទួលបានអាហារូបករណ៍អប់រំ​សហគមន៍«រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង»។ សព្វថ្ងៃ លោក រៀនឆ្នាំទី២ ជំនាញ វិទ្យាសាស្រ្តកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ 
 
ចំណែក លោក ថន ខុន ត្រូវជាឪពុករបស់លោក ថន ខាក់ ត្រេកអរ នៅពេលកូនបានរៀនបន្តថ្នាក់បរិញ្ញាបត្រ ជំនាញកសិកម្ម​ នៅទីក្រុងភ្នំពេញ។ លោក ថា លោក ថន ខាក់ ជាក្មេងតែម្នាក់គត់ ក្នុងចំណោមក្មេងជាច្រើននាក់ ​នៅឃុំអូសោម ដែលមានកាសសិក្សាខ្ពង់ខ្ពស់ តាមរយៈគម្រោងអាហារូបករណ៍អប់រំ​សហគមន៍ រេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង។ 

លោក ថន ខុន ត្រូវជាឪពុករបស់លោក ថន ខាក់ រស់នៅភូមិ អូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ រូបភាព៖ ឈុំ ចន្ថា
 
លោក ថន ខុន សង្ឃឹមថា នៅពេលកូនរបស់លោករៀនចប់ រូបគេនឹងយកជំនាញរកសិកម្មបស់ខ្លួន មកជួយគ្រួសារ និងបណ្ដុះបណ្ដាលសហគមន៍ឱ្យមានភាពរីកចម្រើន។ទាំងនេះជាផ្នែកមួយជួយឱ្យប្រជាសហគមន៍កាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វ។ លោក ប្រាប់ដូច្នេះថា៖« ខ្ញុំសង្ឃឹមថា គាត់លះបង់ច្រើនណាស់ ទី១ ដើម្បីជួយគ្រួសារវិញ ដើម្បីកាត់បន្ថយភាពក្រីក្រ និងទី២ បើអាចធ្វើទៅបាន គឺជួយដល់សហគមន៍យើងឱ្យបានរីកចម្រើនទាំងអស់គ្នា»។
 
ការទទួលបានឱកាសសិក្សាដោយឥតគិតថ្លែ ពីគម្រោងរេដបូកនេះ គឺដោយសារតែគ្រួសាររបស់លោក បានចូលរួមថែរក្សាព្រៃឈើ និងមិនបរបាញ់សត្វ ដែលនេះជាផលប្រយោជន៍ដ៏ធំមួយដែលលោកកសាង។ លោក ថន ខុន អំពាវនាវដល់ពលរដ្ឋដ៏ទៀត ឱ្យចូលរួមគ្នាថែរក្សាជម្រកសត្វព្រៃរបស់ខ្លួនឱ្យបានល្អ ដើម្បីកាត់បន្ថយការឡើងកម្ដៅផែនដី និងទាញយកប្រយោជន៍ផ្សេងៗពីក្រសួង និងអង្គការអភិរក្សសត្វព្រៃ នានាផ្ដល់ជូនវិញ៕
 

Tag:
 កសិកម្ម
  បរិស្ថាន
  គម្រោងរេដបូក
© រក្សាសិទ្ធិដោយ thmeythmey.com