ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល បន្តពន្យារពេល និងលើកលែងពន្ធមួយចំនួន សម្រាប់វិស័យអចលនទ្រព្យ
17, Apr 2023 , 10:09 pm        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល បានបន្តពន្យារពេល និងលើកលែងការបង់ពន្ធមួយចំនួន សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ដើម្បីរក្សានិរន្តរភាពការងារដល់កម្មករ និងលើកទឹកចិត្តពលរដ្ឋដែលមានចំណូលទាប និងមធ្យមមានលទ្ធភាពទិញលំនៅឋានក្នុងតម្លៃសមរម្យ។


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែមេសា ទោះបីសកម្មភាពសង្គម-សេដ្ឋកិច្ចកម្ពុជា កំពុងបើកឡើងវិញបណ្តើរៗក្ដី ប៉ុន្តែ ការកើនឡើងនូវភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាព សេដ្ឋកិច្ច និងហិរញ្ញវត្ថុសកល នៅតែជាក្តីកង្វល់ដ៏ធំចំពោះកំណើនសេដ្ឋកិច្ចជាតិ។ ពិសេសហានិភ័យនៃការ ងើបឡើងវិញយឺតជាងការព្យាកររបស់សេដ្ឋកិច្ចសកល។
 
បន្ថែមពីលើនេះ ភាពតានតឹងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរឹតបន្តឹងយូរជាងការរំពឹងទុកនៃគោលនយោបាយរូបិយវត្ថុក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ភាពរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការកើនឡើងនូវភាពតានតឹង នៃវិស័យហិរញ្ញវត្ថុសកល សុទ្ធសឹងបានធ្វើឱ្យប៉ះពាល់ដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា។
 
សំណង់ និងអចលនទ្រព្យ ដែលត្រូវបានរដ្ឋាភិបាលចាត់ទុកជាវិស័យ អាទិភាពមួយក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជារួម។ ពិសេស បន្តរក្សានិរន្តរភាពការងារដល់ប្អូនកម្មករ ព្រមទាំងលើកកម្ពស់លទ្ធភាពដល់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម អាចមានលទ្ធភាពទិញ លំនៅឋានតម្លៃសមរម្យ។ 
 
ដើម្បីរក្សាស្ថិរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលបានសម្រេច បន្តពន្យារពេលការអនុវត្តការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបាន និងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ លំនៅឋានដែលមានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ផ្ដល់ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ។ ដោយឡែក ក្រុមហ៊ុនកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលគ្មានអាជ្ញា-បណ្ណអាជីវកម្មអចលនវត្ថុ ត្រូវរួសរាន់ចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្ម ២០២៣ ដើម្បីទទួលបានការបន្តការបង់ពន្ធជាកញ្ចប់រហូតដល់ដំណាច់ឆ្នាំ ២០២៤ ។
 
លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ប៉ុន្តែក្រុមហ៊ុន អភិវឌ្ឍន៍ចាំបាច់ត្រូវបំពេញកាតព្វកិច្ច ស្របតាមប្រកាសលេខ ០៨៩ សហវ ប្រក.ស្តីពី «ការគ្រប់គ្រងអាជីវ- កម្មអភិវឌ្ឍអចលនវត្ថុ»។ បន្តពន្យារពេលការអនុវត្តពន្ធលើចំណេញមូលធនសម្រាប់តែវិស័យអចលនទ្រព្យ រហូត ដល់ដំណាច់ឆ្នាំ ២០២៤ និងបន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់លំនៅឋានគ្រប់ ប្រភេទដែលមានលក្ខណៈជាបុរីដែលមានតម្លៃក្រោម ឬ ស្មើ ៧ ម៉ឺនដុល្លារអាមេរិក រហូតដល់ដំណាច់ឆ្នាំ ២០២៤។ 
 
សេចក្ដីប្រកាសដដែល លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្ដែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាង គ្រឹះស្ថាន និងក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរី ដោយអនុលោមតាមប្រកាសលេខ ធ៧.០១៧.៣៤៤ ប្រក ចុះថ្ងៃទី ១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ីមភែរមិន ។ 
 
បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី ១២ ខែ ដល់ ១៨ ខែ សម្រាប់ ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលបង់ពន្ធតិចជាង ១ លានដុល្លារអាមេរិក និងពី ២៤ ខែ ដល់ ៣៦ ខែ សម្រាប់ក្រុមហ៊ុនអ្នកអភិវឌ្ឍន៍លំនៅឋានជាបុរីដែលបង់ពន្ធលើសពី ១ លានដុល្លារអាមេរិក ។ ចំពោះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានជាបុរីថ្មី ឬ ក្រុមហ៊ុនដែលមានគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមិនទាន់អភិវឌ្ឍ ត្រូវបង់ពន្ធស្របតាមនីតិវិធីជាធរមាន (របបពិត) និងត្រូវកាន់បញ្ជីគណ- នេយ្យឱ្យបានត្រឹមត្រូវ។
 
ការពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៣ លើសេចក្តីប្រកាសលេខ ៥៦៣ សហវ. ប្រក ចុះថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពី «កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ» ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) នឹងរៀបចំយន្តការ ការងារ ដើម្បីតាមដាន ពិនិត្យ និងវាយតម្លៃជាប្រចាំលើស្ថានភាពនៃវិស័យសំណង់ និងអចលនទ្រព្យ សំដៅ ស្នើឡើងនូវវិធានការគោលនយោបាយជាក់លាក់បន្ថែមទៀត ក្រៅពីវិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ ចេញរួច៕ 

Tag:
 ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com