ជាតិ
សង្រ្កាន្តឆ្នាំថ្មី
សេដ្ឋកិច្ច
ភ្ញៀវទេសចរ ១៣លាននាក់ ដើរកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ
18, Apr 2023 , 3:09 pm        
រូបភាព
 រូបភាព៖ គឹម មករា
រូបភាព៖ គឹម មករា
ភ្នំពេញ៖ ភ្ញៀវទេសជាតិ និងអន្តរជាតិជាង ១៣លាននាក់ បានចេញដើរកម្សាន្តក្នុងឱកាសចូលឆ្នាំខ្មែរ។ ខេត្ត គោលដៅដែលស្រូបទាញទេសចរបានច្រើនជាងគេ រួមមាន ខេត្តសៀមរាប បាត់ដំបង កំពង់ចាម ភ្នំពេញ ព្រះសីហនុ កំពត ស្វាយរៀង កំពង់ឆ្នាំង បន្ទាយមានជ័យ និងកំពង់ស្ពឺ។



យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី ១៧ខែមេសា រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ដែលគិតចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា កម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣ ១៨៧ ៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣ ១៣២ ០៨០នាក់ និងអន្តរជាតិ ៥៥ ៦៩១នាក់។ សម្រាប់ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ មានភ្ញៀវទេសចរចំនួន ២០៩ ៨៥០ ១នាក់ បានចេញដើរកម្សាន្ត ថ្ងៃទី២ មានចំនួន ៤២៣ ៧៧៨ ០នាក់ និងថ្ងៃចុងក្រោយចំនួន ៦៨៥ ១៤៩ ០នាក់។  
  


គោលដៅទេសចរណ៍ ដែលស្រូបទាញភ្ញៀវទេសចរបានច្រើនជាងគេ គឺខេត្តសៀមរាប មានចំនួន ២១២ ០៣៧ ៣នាក់, ខេត្តបាត់ដំបង ១៥០ ០១៦ ៨នាក់, ខេត្តកំពង់ចាម ១៤០ ៨៨១ ១នាក់, ភ្នំពេញ ១០៨ ០៥០ ៩នាក់, ខេត្តព្រះសីហនុ ៨៨៧ ៨៩៣ នាក់, ខេត្តកំពត ៨៧០ ៣៩៩ នាក់, ខេត្តស្វាយរៀង ៧៦០ ៣៩៩ នាក់, ខេត្តកំពង់ឆ្នាំង ៧៣៩ ១៥៩នាក់, ខេត្តបន្ទាយមានជ័យ ៦៥០ ០១៣ នាក់ និងខេត្តកំពង់ស្ពឺ ៥១២ ៨៩៨ នាក់។ 
 
ចំនួនភ្ញៀវទេសចរទាំង១៣លាននាក់នេះ គឺត្រូវបានរាប់បញ្ជូលទាំងអ្នកធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងប្រទេស។ អ្នកចូលរួមលេងកម្សាន្តនៅតាមកម្មវិធីសង្រ្កាន្ត និងអ្នកលេងកម្សាន្តនៅតាមភូមិស្រុក និងកន្លែងជួបជុំនានា ផងដែរ។
  


ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងការរៀបចំកម្មវិធីសង្រ្កាន្តនៅគ្រប់រាជធានី-ខេត្ត ជាពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាជំរុញឱ្យពលរដ្ឋចេញដើរកម្សាន្តយ៉ាងច្រើនកុះករ។ ទន្ទឹមនេះ សកម្មភាពដើរកម្សាន្តរបស់ភ្ញៀវ និងពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់អធ្រាត្រ ពិសេសការកម្សាន្តបាញ់ទឹក លាបម្សៅ និងចាក់ភ្លេងកម្សាន្តជាដើម។ 
 
ចរន្តភ្ញៀវទេសចរ ដ៏ច្រើនសន្ធាប់នៅពេលនេះ បានបង្កើតជាប្រយោជន៍សេដ្ចកិច្ចច្រើន ទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ ជាក់ស្ដែង បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវពេញស្ទើរ ១០០ភាគរយ។ ទន្ទឹមនេះ បណ្ដាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល ៣ថ្ងៃនេះដែរ។ 
 
ចំពោះវិស័យឯកជនវិញ  ពួកគេត្រេអរយ៉ាងខ្លាំងចំពោះកំណើនទេសចរនៅឱកាសចូលឆ្នាំខ្មែរនេះ។ ពួកគេមានសុទិដ្ឋិនិយមខ្ពស់ចំពោះការងើបឡើងវិញនៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំ «ទស្សនាកម្ពុជា Visit Cambodia Year»។ នេះជាការអះអាងរបស់ក្រសួងទេសចរណ៍៕  
 
 

Tag:
 ទេសចរណ៍
  ចូលឆ្នាំខ្មែរ
  សង្រ្កាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com