ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
រោគសញ្ញា​នៃ​ការ​ឈឺ​ភ្នែក​ដែល​អ្នក​ត្រូវ​យកចិត្តទុកដាក់​
19, Apr 2023 , 10:59 pm        
រូបភាព
ការ​ឈឺភ្នែក អាច​កើតមាន​នៅ​លើ​ស្រទាប់​ខាងលើ​នៃ​កែវភ្នែក​របស់​អ្នក ឬនៅ​ខាង​ក្នុង​រចនាសម្ព័ន្ធ ខាងក្នុង​របស់​ភ្នែក​អ្នក​។​ ការ​ឈឺភ្នែក ដែល​កើតមាន​នៅ​លើ​ស្រទាប់​ខាងលើ​នៃ​ភ្នែក​របស់​អ្នក អាចមានសភាព​ដូចជា ការ​រ​មាស់​, ការ​រលាក ឬឈឺចាប់​ឆៀបៗ​។

 
ការឈឺចាប់​ប្រភេទ​នេះ ជារឿយៗ​តែងមានប្រភព​មក​ដោយសារ តែ​ការ​មាន​នូវ​វត្តមាន​នៃ​វត្ថុ​ចម្លែក​ចូលទៅ​ក្នុង​ភ្នែក​, ការបង្ក​រោគ​នៅក្នុង​ភ្នែក ឬក៏​វត្ថុ​អ្វីមួយ ដែល​បង្ក​ការរំខាន ​ឬរលាក ទៅដល់​ភ្នាស​ដែល​ស្រោប​នៅស្រទាប់​ខាងលើ​ នៃ​កែវភ្នែក​របស់អ្នក​។​
 
​អ្នក​ប្រហែលជា​អាច​រៀបរាប់​ពី​អាការ​នៃ​ការឈឺចាប់​ភ្នែក ដែល​មាន​ប្រភព​មក​ពី​ខាងក្នុង​គ្រាប់ភ្នែក ជាមួយនឹង​អារម្មណ៍​នៃ​ការឈឺចាប់ខ្ទោកៗ​នៅក្នុង​ភ្នែក​អ្នក​។ ការឈឺចាប់​ភ្នែក​ប្រភេទ​នេះ អាច​មាន​ទំនាក់ទំនងទៅនឹង​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​ធ្ងន់ធ្ងរ​មួយ។​
 
​ការឈឺចាប់​ភ្នែកក្នុង​កម្រិត​ធ្ងន់ធ្ងរ ជា​ពិសេស​ដែល​កើត​មាន​រួម​មាន ជាមួយនឹងកម្រិត​នៃ​ការបាត់បង់សមត្ថភាព​នៃ​ការមើលឃើញ នោះ​វា​អាច​ជា​សញ្ញា​មួយដែល​តម្រូវ​ឱ្យ​អ្នក ​ឆាប់ទៅ​ទទួល​យក​ជំនួយ ផ្នែក​វេជ្ជសាស្ត្រ​ឱ្យបាន​ជា​បន្ទាន់​។​
 
​តើ​នៅពេល​ណា ដែល​អ្នក​ត្រូវ​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​?
 
​អ្នក​ត្រូវ​ស្វែងរក​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ ឱ្យបាន​ជា​បន្ទាន់ ប្រសិនបើ​៖
– សភាព​នៃ​ការឈឺចាប់​នៅក្នុង​ភ្នែក​អ្នក មាន​សភាព​ធ្ងន់ធ្ងរ​ខុស​ពី​ធម្មតា​។​
– មាន​បម្រែបម្រួល​នៃ​ការមើលឃើញ ភ្លាមៗ​។​
– ភ្នែក​របស់​អ្នក​មាន​ការឈឺចាប់​ខ្លាំង ដែល​មិន​អាច​ប៉ះ​បាន​។​
– អ្នក​កើត​មាន​ផង​ដែរ នូវ​ការ​ឈឺពោះ ឬក្អួត ក្នុងពេល​ដំណាលគ្នា​ជាមួយនឹង​ការ​ឈឺភ្នែក​នេះ​។​
– ការឈឺចាប់​ភ្នែក​របស់​អ្នក គឺ​បណ្តាលមកពីការ​មាន​វត្តមាន​នៃ​វត្ថុ​ចម្លែក ឬការ​សាយភាយ​សារ​ជាតិគីមី ចូលទៅ​ក្នុង​ភ្នែក​របស់​អ្នក៕
 

© រក្សាសិទ្ធិដោយ thmeythmey.com