ជាតិ
សេដ្ឋកិច្ច
រដ្ឋសភាអនុម័ត សេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនកម្ពុជានិងវៀតណាម លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម។ រូបពីហ្វេសប៊ុករដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជា
× ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋសភា មានសំឡេងគាំទ្រ៩៤ បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងកម្ពុជា-វៀតណាម។
សម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ មានលោក ហេង សំរិន ជាប្រធាន និងសមាជិកសមាជិការរដ្ឋសភា៩៧រូប បានពិភាក្សា និងសម្រេចលើសេចក្ដីព្រាងច្បាប់ចំនួនបី ។ នេះបើតាមលទ្ធផលប្រជុំរបស់រដ្ឋសភា។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងកម្ពុជា-វៀតណាម លោកស្រី និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម និងរៀបចំដែនដីនៃរដ្ឋសភា ជាអ្នកឡើងរាយការណ៍ ពីលទ្ធផលសិក្សាលើសេចក្តីព្រាងច្បាប់។ ចំណែក លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកឡើង ការពារសេចក្តីព្រាង ច្បាប់។ ជាមួយគ្នាដែរ លោក ឈាង វុន សមាជិករដ្ឋសភា បានឡើងមានមតិ លើកិច្ចពិភាក្សាសេចក្ដីព្រាងច្បាប់មួយនេះ។
សេចក្តីព្រាងច្បាប់ខាងលើ មានចំនួន២មាត្រា។ សេចក្ដីព្រាងច្បាប់នេះ នឹងរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្ត ពង្រឹងការតភ្ជាប់ផ្នែកធុរកិច្ច លើកកម្ពស់ភាពជាគូពាណិជ្ជកម្ម និងការធ្វើពិពិធកម្មទីផ្សារ។ លើសពីនេះ នឹងជួយបង្កើនឱកាស មុខទំនិញនាំចេញ និងជំរុញផលិតកម្មនិងអាជីវកម្មគ្រួសារផងដែរ។ កត្តាទាំងអស់នេះ នឹងធ្វើឱ្យជីវភាពប្រជាជនរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម មានភាពប្រសើរឡើង។
ចំណែក សេចក្តីព្រាងច្បាប់ពីរទៀត ក៏ត្រូវបានអនុម័តដែរ។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានអនុម័តដោយសំឡេង ៩៥លើ ហើយសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ បានអនុម័តដោយសំឡេង៩៤។ សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីខាងលើ ត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៣១មីនា ឆ្នាំ២០២៣៕
Tag:
រដ្ឋសភា
កម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com