កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ីហ្គេមនៅកម្ពុជា៖ ថៃ ដាក់គោលដៅយកមេដាយមាស៦ពីកីឡាឃីកបុកស៊ីង ទោះអវត្តមានគ្រូបង្វឹកប៊ួខាវ
20, Apr 2023 , 4:09 pm        
រូបភាព
ឈឿន ល្វៃ (ខៀវ) យកឈ្នះកីឡាករ​ហ្វីលីពីន Honorio Banario Antonio ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ឈឿន ល្វៃ (ខៀវ) យកឈ្នះកីឡាករ​ហ្វីលីពីន Honorio Banario Antonio ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ដោយ:
លោក Colonel Kukiat Srinaka ប្រធានសមាគមកីឡាប្រដាល់ឃីកបុកស៊ីងថៃ ដាក់គោលដៅដណ្តើមមេដាយមាសចំនួន៦ ពីកីឡាឃីកបុកស៊ីងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ការអះអាងរបស់លោក Srinaka ស្របពេល នឹងពុំមានវត្តមាន ប៊ួខាវ បេនឆាមេក ដែលជាគ្រូបង្វឹកអត្តពលិកកីឡាឃីកបុកស៊ីងថៃ នៅស៊ីហ្គេមកម្ពុជាឡើយ។

 
តាមរយៈវីដេអូរបស់សារព័ត៌មានថៃ Thai PBS Sport នៅថ្ងៃទី២០​ ខែមេសា  បង្ហាញពីសកម្មភាពក្រុមអត្តពលិកកីឡាឃីកបុកស៊ីងជម្រើសជាតិថៃ ប្រឹងប្រែងហ្វឹកហាត់ដើម្បីសម្រេចគោលដៅដណ្តើមមេដាយមាសឱ្យបានច្រើននៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង។

 ប៊ួខាវ បេនឆាមេក កាន់ជាមួយមេដាយទាំង១២ ដែលឈ្នះពីការប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម។ រូបពី Buakaw IG

លោក Colonel Kukiat Srinaka អះអាងថា៖«សម្រាប់សមាគមប្រដាល់ឃីកបុកស៊ីងថៃ បានត្រៀមរួចរាល់សម្រាប់ការប្រជែងមេដាយមាស ដែលយើងបានកំណត់ថា៦ យ៉ាងតិច នាស៊ីហ្គេមនៅកម្ពុជា។ យើងបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះអត្តពលិកដែលបានហ្វឹកហាត់នៅក្លិប Banchamek Gym របស់គ្រូបង្វឹកប៊ួខាវ បេនឆាមេក ក្នុងខេត្ត ឈៀងម៉ៃ»។
 
ជាមួយគ្នានោះដែរម្ចាស់មេដាយមាសឃីកបុកស៊ីង នៅស៊ីហ្គេមប្រទេសវៀតណាម កីឡាករ Chaiwat Sungnoi បានផ្តល់បទសម្ភាសទៅកាន់សារព័ត៌មាន PSB ផងដែរថា ខ្លួនគេនឹងប្តេជ្ញាការពារដំណែងមេដាយមាសឱ្យបាន។ កីឡាករថៃរូបនេះបញ្ជាក់ថា ដើម្បីការពារមេដាយរូបគេបន្ថែមការហ្វឹកហាត់ និងមានរបបអាហារត្រឹមត្រូវ។
យ៉ាងណាក៏ដោយ ស្របពេលថៃដាក់គោលដៅដណ្តើមមេដាយមាសកីឡាឃីកបុកស៊ីចំនួន៦ ប៉ុន្តែមិនមានវត្តមានគ្រូបង្វឹកប៊ួខាវ បេនឆាមេក នៅស៊ីហ្គេមលើកទី៣២ ដូចកាលនៅវៀតណាមឆ្នាំ២០២១ឡើយ។
 
មិនមានវត្តមានគ្រូបង្វឹករហស្សនាម ផ្កាឈូកស ប៊ួខាវ នៅស៊ីហ្គេមលើកទី៣២ ទំនងដោយសាររូបគេធ្លាប់មានបញ្ហាជម្លោះរវាង «គុនខ្មែរ» និង MuayThai កន្លងមក និងរូបគេធ្លាប់បានប្រកាសថាខ្លួនជាជនជាតិ«កួយ»ជាដើមនោះ។
 
គួររំលឹកផងដែរថា ស្តេចប្រដាល់ថៃ ប៊ួខាវ ធ្លាប់បានដឹកនាំក្រុមជម្រើសជាតិឃីកបុកស៊ីងថៃ ឈ្នះមេដាយនៅស៊ីហ្គេមលើកទី៣១ សរុប១២ ក្នុងនោះមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធ៦។ សិស្សគុនរបស់ ប៊ួខាវ ដែលឈ្នះមេដាយមាស២ មានកីឡាករ Chaiwat Sungnoi តាមរយៈការយកឈ្នះកីឡាករកម្ពុជា កាន់ ម៉េងហុង លើប្រភេទទម្ងន់ ៥៤គីឡូក្រាម និងកីឡាករ Thongchai Tapphli ឈ្នះកីឡាករកម្ពុជា ឈឿង ល្វៃ លើប្រភេទទម្ងន់ ៧១គីឡូក្រាម៕ 
 

Tag:
 កីឡាឃីកបុកស៊ីង
 ថៃ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com